ជាតិ
កម្ពុជា​ប្រារព្ធ​ខួប​៦៦​ឆ្នាំ​នៃ​ការទទួលបាន​ឯករាជ្យ​ពី​បារាំង​
09, Nov 2019 , 10:43 am        
រូបភាព
ដោយ: ថ្មីៗ
​ព្រះករុណា​ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គ​បាន​យាង​ជា​រាជាធិបតី​ដ៏​ខ្ពង់ខ្ពស់ នា​ពិធី​អបអរសាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ខួប​លើក​ទី​៦៦​ឆ្នាំ ដែល​ប្រព្រឹត្តទៅ​នៅ​វិមានឯករាជ្យ ព្រឹក​ថ្ងៃ​សៅរ៍ ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏មាន​វត្តមាន​ផងដែរ​។​

 
​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៦ និង​ខួប​លើក​ទី​៦៦​នៃ​ការបង្កើត​កងយោធពល​ខេមរភូមិន្ទ ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​រំលឹក​ដល់​ព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ របស់​សម្តេច​ព្រះវររាជ​បិតា សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ក្នុងការ​ទាមទារ​ឯក​រាជ្យ​ពី​អាណាព្យាបាល​បារាំង​។​
 
​តាម​សន្ធិសញ្ញា​ចុះ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​១៩៤៩ បារាំង​បានទទួល​ស្គាល់​តាមផ្លូវ​ច្បាប់​នូវ​ឯករាជ្យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​នោះ​គ្រាន់តែ​ជាគោលការណ៍​ច្បាប់​ប៉ុណ្ណោះ ដោយ​កម្ពុជា​នៅ​ខ្វះ​ឯករាជ្យ​ជាច្រើន​វិស័យ​ដូចជា អធិបតេយ្យ​ខាង​យុត្តិធម៌ ប៉ូលិស អំណាច​បញ្ជាការ​យោធា ការទូត ការប្តូរ និង​ការ​ឲ្យ​ចាយ​ធនប័ត្រ ជាដើម​។​


 
​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៥២ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ បាន​សន្យា​យ៉ាង​ឱឡារិក​ចំពោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ថា «​ព្រះអង្គ​នឹង​ដណ្តើមយក​ឯករាជ្យ​ទាំងស្រុង​នេះ​ដើម្បី​មាតុភូមិ​ក្នុង​រយៈពេល​៣​ឆ្នាំ​យ៉ាងយូរបំផុត​»​។​
 
​នៅ​ថ្ងៃទី​៩ កុម្ភៈ ឆ្នាំ​១៩៥៣ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ស្តេចយាង​ចាកចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្ពោះទៅកាន់​ប្រទេស​បារាំង ដើម្បី​ទាមទារ​ឯករាជ្យ​របស់​កម្ពុជា​ជាមួយ​ប្រមុខរដ្ឋ​បារាំង ។​
 
​ក្រោយ​ជំនួប​ជា​បន្តបន្ទាប់ ដោយមាន​ការចូលរួម​ពី​សំណាក់​ឥស្សរជន​កំពូល​នា​សម័យ​នោះ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម​សីហនុ បាន​សន្យា​យ៉ាង​មហោឡារិក​នៅក្នុង​ព្រះ​សុន្ទរកថា​មួយនា​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​១៩៥៣ ថា «​ព្រះអង្គ​នឹង​បូជាជីវិត​ដើម្បី​ដណ្តើមយក​ឯករាជ្យ​ឱ្យបាន​១០០​ភាគរយ​» ។​
 
​ឈានដល់​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​១៩៥៣ គឺ​៨​ខែ​មុន​សន្និសីទ​ក្រុង​ហ្សឺ​ណែវ មាន​ធ្វើ​ពិធី​មួយ​នៅមុខ​ព្រះបរមរាជវាំង ដែល​ឧទ្ទិស​ចំពោះ​ការដកថយ​នៃ​អំណាច​របស់​បារាំង​ពី​ប្រទេស​កម្ពុជា ។​
​កងទ័ព និង​អគ្គសេនាធិការ​របស់​បារាំង​បាន​ដកថយ​ពី​ព្រះរាជាណាចក្រ​កម្ពុជា ។ ឯករាជ្យ​របស់​ខ្មែរ​បានក្លាយ​ទៅជា​ឯករាជ្យ​អចិន្ត្រៃយ៍ និង​ទាំងស្រុង​។ វិបត្តិ​រវាង​ខ្មែរ និង​បារាំង​ត្រូវបាន​បញ្ចប់​៕













Tag:
 ឯករាជ្យ​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com