ជាតិ
ពលរដ្ឋ រអ៊ូពីការខាតបង់ចំណូល ដោយសាររដ្ឋាភិបាលរឹតបន្តឹងច្រកព្រំដែន នៅថ្ងៃទី៩ វិច្ឆិកា
× ប៉ោយប៉ែត, បន្ទាយមានជ័យ៖ គិតមកដល់ម៉ោងជាង៣រសៀលនេះ ច្រកអន្តរជាតិប៉ោយប៉ែត នៅតែបន្តរឹតបន្តឹងដដែល ក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹងរបស់អាជ្ញាធរ។ ប្រជាពលរដ្ឋខ្មែរ ដែលត្រូវទៅធ្វើការ និងរកស៊ីនៅប្រទេសថៃ នាំគ្នាត្អូញត្អែពីការខាតបង់ចំណូល ដោយសារការត្រួតពិនិត្យតឹងរឹងនេះ។
អ្នកស្រី សោភា ដែលជាអាជីវករម្នាក់ រកស៊ីនៅក្នុងផ្សាររុងក្លឿ ប្រទេសថៃ បានព្យាយាមសុំអាជ្ញាធរខ្មែរចូលទៅទឹកដីថៃ ដើម្បីប្រកបរបរស៊ីខ្លួន ម្ដងជាពីរដងដែរ ប៉ុន្តែត្រូវបានអាជ្ញាធរបដិសេធជានិច្ច។ អ្នកស្រី សោភា ដែលមកដល់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត តាំងពីព្រឹកព្រលឹមនោះ ហាក់មិនពេញចិត្តចំពោះចំណាត់ដ៏តឹងរឹងរបស់អាជ្ញាធរច្រកព្រំដែននេះឡើយ ។
មូលហេតុដែលអ្នកស្រី សោភា មិនពេញចិត្ត ដោយសារតែអាជ្ញាធរមិនបានជូនដំណឹងដល់ពលរដ្ឋខ្មែរជាមុន ស្រាប់តែមកអនុវត្តវិធានការភ្លាមៗនៅច្រកព្រំដែននេះ។ បើតាមអាជីវកម្មរូបនេះ ការអនុវត្តវិធានការបានធ្វើឱ្យទំនិញខ្លួន ដែលទិញទុកលក់នោះ ត្រូវខូចខាតជាមិនខាន។
សំឡេងពលរដ្ឋខ្មែរ៖
**audio2**
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកស្រី សោភា បាននិយាយដូច្នេះថា៖«បើសិនជាមានការរឹតបន្តឹងរបៀបនេះ អាជ្ញាធរមិនបានជូនដំណឹងមុន គាត់(ពលរដ្ឋ)អាចខក ទី១ គាត់ជិះឡាន អស់ថ្លៃធ្វើដំណើរមក មកដល់ទីនេះ ត្រូវបានគេរាំងស្ទះ ទី២ ខាងអ្នកលក់ត្រី អ្នកលក់បន្លែ គាត់ត្រូវខាតរាប់ម៉ឺនលុយបាត ព្រោះខ្មែរយើងទៅលក់នៅថៃច្រើនណាស់។ ហើយកម្មករចំណាកស្រុកទៅធ្វើការនៅថៃច្រើនណាស់ ឱ្យតែព្រលឹមឡើងដាំបាយយួរចូលទៅប្រទេសថៃ»។
ក្រៅពីអ្នកស្រី សោភា ក៏មានលោក វុទ្ធី ត្រូវខាតបង់ការងារមួយថ្ងៃដែរ។ លោក វុទ្ធី ដែលជាកម្មករដឹកជញ្ជូនទំនិញនៅក្នុងផ្សាររុងក្លឿប្រទេសថៃនោះ ក៏ត្រូវបាត់បង់ប្រាក់ចំណូល៤ម៉ឺនរៀលដែរ ដោយសារតែមិនបានបំពេញការងារក្នុងមួយថ្ងៃនេះ។ ដោយសារមិនបានបំពេញការងារនេះ លោក វុទ្ធី ក៏បានទូរសព្ទទៅប្រាប់ប្រធានការងារខ្លួន ដើម្បីសុំការអនុញ្ញាតផងដែរ។ បុរសសម្បុរសខ្មៅ ពាក់អាសខាងក្នុង និងមានអាវក្រៅពណ៌ខៀវរូបនេះ បាននិយាយដូច្នេះថា៖«ពួកខ្ញុំនេះ ធ្វើការមួយថ្ងៃ បាន(ប្រាក់)មួយថ្ងៃ ក្នុងមួយថ្ងៃបាន៣០០បាត ហើយទៅមក(ធ្វើការដឹកជញ្ជូន)នេះ គឺបានលុយអ៊ីចឹងទៅ បើគេ(អាជ្ញាធរខ្មែរ)មិនឱ្យទៅ ខ្ញុំក៏មិនបានលុយទៅ»។
នៅម៉ោង៣រសៀល ថ្ងៃទី៩ វិច្ឆិកានេះ អាជ្ញាធរបានបើកច្រកឱ្យពលរដ្ឋចូលទៅប្រទេសថៃ ។ បន្តិចក្រោយមក ស្រាប់តែអាជ្ញាធរបិទច្រកព្រំដែននេះវិញ ដោយមិនអនុញ្ញាតឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៀតឡើយ។ការចេញចូលទៅប្រទេសថៃនេះ គឺភាគីអាជ្ញាធរខ្មែរអនុញ្ញាតឱ្យតែភ្ញៀវបរទេសប៉ុណ្ណោះ។
គួរបញ្ជាក់ថា ការរឹតបន្តឹងច្រកអន្តរជាតិប៉ោយប៉ែត ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់សកម្មភាពនយោបាយរបស់ក្រុមអតីតគណបក្សសង្គ្រោះជាតិ ស្របពេលដែលលោក សម រង្ស៊ី មេដឹកនាំអតីតបក្សនេះ ប្រកាសយកថ្ងៃទី៩ វិច្ឆិកា ជាថ្ងៃត្រឡប់ចូលមកប្រទេសកម្ពុជាវិញ៕
Tag:
ប៉ោយប៉ែត
នយោបាយ
ព្រំដែន
៩ វិច្ឆិកា
© រក្សាសិទ្ធិដោយ thmeythmey.com