លោក ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា រំពឹងកីឡាករគុនល្បុក្កតោទទួលបានជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីនឆ្នាំនេះ។ ទោះបីកីឡាករខ្លួនទទួលបានជោគជ័យក្នុងការប្រកួត Pre-Sea Games កាលពីពេលថ្មីៗក៏ដោយ តែ លោក ជំរុញឲ្យកីឡាករបង្កើនការយកចិត្តទុកដាក់ក្នុងការប្រកួត កុំធ្វេសប្រហែស និងកុំមើលស្រាលសមត្ថភាពគូប្រកួត ព្រោះវាអាចនាំទៅរកការបរាជ័យ។ ជាមួយគ្នានេះ លោក ប្រាប់ឲ្យកីឡាករទាំងអស់ចៀសវាងប្រព្រឹត្តអំពើ ដែលនាំឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ។
នាពិធីជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនីគុនល្បុក្កតោ ដែលត្រូវចូលរួមប្រកួតលើវិញ្ញាសាដំបងខ្លី(Arnis)ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅហ្វីលីពីនឆ្នាំនេះ លោក ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ប្រាប់ឲ្យកីឡាករបង្កើនការហ្វឹកហាត់ពង្រឹងសមត្ថភាព និងប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ពិសេសកុំមើលងាយគូសត្រូវ។ ការលើកឡើងនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីក្រើនរំលឹកស្មារតីកីឡាករកុំឲ្យធ្វេសប្រហែស និងបង្កើនការប្រុងប្រយ័ត្នកាន់តែខ្លាំងក្នុងការប្រកួត។
«ជ័យជម្នះ វាស្ថិតនៅលើយើង ដូច្នេះយើងត្រូវប្រឹងប្រែង កុំធ្វេសប្រហែសឲ្យសោះ ព្រោះវិញ្ញាសា Arnis ជាក្បាច់គុនរបស់ហ្វីលីពីន អ៊ីចឹងកីឡាកររបស់ម្ចាស់ផ្ទះមានសមត្ថភាពមិនអន់នោះទេ។ កីឡាករទាំងអស់ត្រូវប្រយ័ត្នប្រយែង ហើយកុំវាយតម្លៃមុនថាយើងអាចយកឈ្នះគេមុនការប្រកួតឲ្យសោះ បើក្នុងសឹកសង្គ្រាមគេថា កុំអាលមើលងាយគូសត្រូវ»។ នេះជាការលើកឡើងរបស់លោក ច័ន្ទ សារុន ដែលចាត់ទុកការចូលរួមប្រកួតលើឆាកអន្តរជាតិពីសំណាក់កីឡាករគុនល្បុក្កតោ ជាការផ្សព្វផ្សាយនិងពង្រីកកីឡាវប្បធម៌ប្រពៃណី ដែលជាកេរតំណែលរបស់ដូនតាខ្មែរ។
ប្រធានសហព័ន្ធរូបនេះសង្កត់ធ្ងន់ថា ក្នុងនាមជាកីឡាករតំណាងឲ្យជាតិ គឺត្រូវតម្កល់កិត្តិយសជាតិជាធំ ទោះបីជ័យជម្នះវាជាកត្តាចាំបាច់ក្នុងការប្រកួតប្រជែងក៏ដោយ។ ក្នុងន័យនេះ លោក ចង់ដាស់តឿនឲ្យកីឡាករគុនល្បុក្កតោ ត្រូវចៀងវាងប្រព្រឹត្តអំពើ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសជាតិ តាមរយៈការមិនប្រើប្រាស់សារធាតុលើកកម្លាំង និងក្បិចកល ដើម្បីយកឈ្នះគូប្រកួតជាដើម។ សម្រាប់លោក បើឈ្នះ ឬចាញ់ គឺឈ្នះចាញ់ដោយកិត្តិយស។
អតីតរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរូបនេះ រំពឹងថា កីឡាករកីឡាការិនីគុនល្បុក្កតោកម្ពុជានឹងអាចសាងភាពល្បីល្បាញជូនជាតិនៅលើឆាកអន្តរជាតិ តាមរយៈការឈ្នះមេដាយណាមួយពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន នាឆ្នាំនេះ។ នៅក្នុងការប្រកួត Pre-SEA Games លើវិញ្ញា Arnis នៅសាធារណរដ្ឋកូរ៉េកាលពីអំឡុងខែកញ្ញា កីឡាករកីឡាការិនីគុនល្បុក្កតោដណ្តើមមេដាយមាស៦។ ប៉ុន្តែលោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានអះអាងថា នៅក្នុងការប្រកួត Pre-SEA Games កាលណោះពុំមានកីឡាករជម្រើសជាតិរបស់ហ្វីលីពីនចូលរួមនោះទេ។
ដើម្បីត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីន កីឡាករកីឡាការិនីជម្រើសជាតិគុនល្បុក្កតោបានហ្វឹកហាត់ជាមួយគ្រូបង្វឹកជនជាតិហ្វីលីពីនអស់រយៈពេល៤ខែមកហើយ។ បន្ថែមលើនេះ ពួកគេនឹងទៅបោះជំរំហ្វឹកហាត់នៅហ្វីលីពីនរយៈពេល១៧ថ្ងៃចាប់ពីថ្ងៃទី១១-២៨ ខែវិច្ឆិកា នេះ។ ការចេញទៅហ្វឹកហាត់នៅក្រៅប្រទេសនេះ ដោយទទួលបានការឧបត្ថម្ភពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងថវិកា២លានរៀលពីលោក ច័ន្ទ សារុន។
ក្រោយហ្វឹកហាត់ជាមួយគ្រូបង្វឹកជនជាតិហ្វីលីពីនមួយរយៈកន្លងមក លោក អ៊ួ តារា បានវាយតម្លៃថា កីឡាករកម្ពុជាមានកម្លាំងសុះល្អ តែហាក់នៅខ្សោយផ្នែកបច្ចេកទេសក្នុងការប្រើដំបង និងតាក់តិចក្នុងការប្រកួត។ ដូច្នេះសម្រាប់ការហ្វឹកហាត់នៅហ្វីលីពីនលើកនេះ ពួកគេនឹងផ្តោតលើសមបច្ចេកទេសនៃការប្រកួត ហើយលោករំពឹងថា ក្រោយការហ្វឹកហាត់កីឡាករនឹងទទួលបានបទពិសោធល្អៗ ដើម្បីអភិវឌ្ឍសមត្ថភាពឲ្យកាន់តែប្រសើរ និងទទួលបានជោគជ័យនៅស៊ីហ្គេមលើកនេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាយល់ថា ការបោះជំរំហ្វឹកហាត់នៅហ្វីលីពីន គឺជាការត្រៀមខ្លួនមួយដ៏ល្អសម្រាប់កីឡាករកម្ពុជា។ ជាពិសេស វានឹងធ្វើឲ្យកីឡាករអាចបន្ស៊ាំខ្លួនជាមួយអាកាសធាតុ ចំណីអាហារ និងការស្នាក់នៅជាដើម។ ដូច្នេះលោកជំរុញឲ្យកីឡាករកីឡាការិនីយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ ពិសេសស្វែងយល់ពីបច្ចេកទេសនៃកីឡាដំបងខ្លីនេះឲ្យបានល្អិតល្អន់។ លោក រំពឹងថា កីឡាករកម្ពុជានឹងទទួលបានលទ្ធផលល្អក្នុងការប្រកួតស៊ីហ្គេមនៅនេះ។
សម្រាប់កីឡាករគុនល្បុក្កតោនឹងប្រកួតចាប់ពីថ្ងៃទី១-៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅហ្វីលីពីនឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ សម្រាប់ការប្រកួតប្រជែងនេះដែរ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបញ្ជូនកីឡាករកីឡាការិនីចំនួន១០រូបឲ្យចូលរួម៕