ជាតិ
សង្គមជាតិ
ធុងសំរាម និង​កញ្ឆេ ជាង​២,៧០០ ត្រូវបាន​ដាក់ពង្រាយ​នៅ​បរិវេណ​រៀបចំ​បុណ្យអុំទូក​
09, Nov 2019 , 7:39 pm        
រូបភាព
សកម្មភាពការ​ពង្រាយ​ធុងសំរាម​នៅតាមគោលដៅដែល​ប្រារព្ធពិធីបុណ្យអុំទូកនាថ្ងៃទី៩ ខែ​វិច្ឆិកា​ រូបភាពពីមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
សកម្មភាពការ​ពង្រាយ​ធុងសំរាម​នៅតាមគោលដៅដែល​ប្រារព្ធពិធីបុណ្យអុំទូកនាថ្ងៃទី៩ ខែ​វិច្ឆិកា​ រូបភាពពីមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
ដោយ:
​ភ្នំពេញ​៖​ធុងសំរាម​ចំនួន ១,៥៥៦​ធុង និង​កញ្ឆេ ចំនួន ១,២០០ ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្រុមហ៊ុន ស៊ីន​ទ្រី ដាក់ពង្រាយ​នៅតាម​គោលដៅ​សំខាន់​នានា ក្នុង​ពិធីបុណ្យ​អុំទូក​។ ចាប់ពី​ថ្ងៃទី​១០-១២ វិច្ឆិកា​នេះ ក្រុមហ៊ុន​ស៊ីន​ទ្រី ក៏បាន​ត្រៀម​ឡាន​ដឹក​សំរាម និង​កម្មករ​ប្រមូល​សំរាម​ចំនួន ៥១២​នាក់ ផងដែរ​។

 
​លោក អ៊ិត ចាន់​ដា ប្រធានការិយាល័យ​អតិថិជន និង​សំអាត​ក្រុង​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កញ្ឆេ​ទាំង​១២០០ ដែល​ត្រូវបាន​ដាក់ពង្រាយ​នោះ មាន​២​ទំហំ ដោយ​ទំហំ​មួយ អាច​ផ្ទុក​សំរាម​ចំនួន​២០០ ទៅ​៣០០​គីឡូក្រាម និង​ទំហំ​មួយទៀត អាច​ផ្ទុក​សំរាម​បាន ២០ ទៅ​៣០​គីឡូក្រាម​។ 
 
​ក្រៅពី​ដាក់ពង្រាយ​ធុង និង​កញ្ឆេ​ដាក់​សំរាម ស៊ីន​ទ្រី ក៏​ត្រៀម​អ្នក​បោសសំអាត​សំរាម​ចំនួន​៥១២ នាក់ ដើម្បី​សំអាត និង​ប្រមូល​សំរាម នៅក្នុង​អំឡុង​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​នេះដែរ​។ នេះ​បើតាម​លោក អ៊ិត ចាន់​ដា ដោយ​លោក​បន្តថា ការសំអាត និង​ប្រមូល​សំរាម នឹង​ចែកជា ២​វេន​។ វេន​ទី​១ សំអាត​ចាប់ពី​ម៉ោង​១​យប់ ដល់​ម៉ោង​៤​រសៀល  និង​វេន​ទី​២ ចាប់ពី​ម៉ោង​៥​ល្ងាច ដល់​ម៉ោង​១២​យប់​។ 
 
​ទោះ​ជាមាន​ធុងសំរាម និង​កញ្ឆេ​ច្រើនជាង ២,៥០០ ត្រូវបាន​ដាក់ពង្រាយ​យ៉ាងនេះ​ក្តី ប៉ុន្តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅតែ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ចូល​កម្សាន្ត​ក្នុង​ពិធីបុណ្យ​អុំទូក​នេះ ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ កុំ​បោះចោល​សំរាម​ពាល​វាល​ពាសកាល ដែល​នាំ​ឲ្យ​ខូច​សណ្តាប់ធ្នាប់ និង​សោភណភាព​រាជធានី​។ 
 
​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​ក្រុង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ដល់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា​៖«​ដើម្បី​សោភ័ណភាព​,​ផាសុកភាព និង​ដើម្បី​កិត្តិយស​ប្រទេស គឺ​ត្រូវតែមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​។ ពេល​យើង​មើលឃើញ​ពី​ស្រុក​គេ​ស្អាត ចេះតែ​ចង់បាន និង​សរសើរ​។ យើង​មិនមែន​ថា​មិនអាច​ធ្វើបាន​ដូចគ្នា​ណា យើង​ក៏​អាចធ្វើ​បានដែរ​។ វា​អត់​មានអី​ពិបាក​ទេ សំខាន់​យើង​ឲ្យ​តម្លៃ​ប្រទេសជាតិ​យើង​អត់​។ វា​អត់​ពិបាកធ្វើ​ទេ គឺ​ចោល​តែ​សំរាម​ក្នុង​ធុង​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ ដើម្បី​ឲ្យ​ពលរដ្ឋ​យើង​មាន​ភាពថ្លៃថ្នូរ និង​ប្រទេសជាតិ​មាន​កិត្តិនាម​»​។ 
 
​ក្រៅពី​បុគ្គលិក​ក្រុមហ៊ុន ស៊ីន​ទ្រី ដែលមាន​តួនាទី សំអាត​និង​ប្រមូល​សំរាម ក្នុងអំឡុង​បុណ្យអុំទូក​នេះ ក៏​នឹងមាន​យុវជន​ពី​ក្រសួងបរិស្ថាន ក្រុមយុវជន​សុ​ឆន្ទៈ និង​យុវជន​ដទៃទៀត សរុប​ប្រមាណ ១​ពាន់​នាក់ នឹង​ប្រមូល​ផ្តុំគ្នា​រើស​សំរាម នៅតាម​បរិវេណ​នៃ​ការ​ប្រារព្ធ​ពិធី​អុំទូក​រយៈពេល​៣​ថ្ងៃ​នេះដែរ​។​
 
​សូមជម្រាបថា ក្នុង​ឆ្នាំ​កន្លងទៅ មាន​សំរាម​ប្រមាណ ពី​៧០ ទៅ​៨០​តោន​ក្នុង​មួយថ្ងៃ ត្រូវបាន​ប្រមូល​ចេញពី​បរិវេណ​រៀបចំ​ពិធីបុណ្យ​អុំទូក​។ នេះ​បើតាម​លោក អ៊ិត ចាន់​ដា ប្រធានការិយាល័យ​អតិថិជន និង​សំអាត​ក្រុង​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី​៕

Tag:
 ​ស៊ីន​ទ្រី​
  កញ្ឆេ​
 ​អុំទូក​
  សំរាម​
  អ៊ិត ចាន់​ដា
© រក្សាសិទ្ធិដោយ thmeythmey.com