ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទូក​ចែវ​នារី​ព្រះ​ពៃស្រពណ៍​ខ្នះខ្នែង​ចូលរួម​ប្រណាំងទូក ដើម្បី​ថែរក្សា​ទំនៀម ទម្លាប់ ប្រពៃណី​ខ្មែរ​
09, Nov 2019 , 9:39 pm        
រូបភាព
កីឡាការិនី​ទូក​ចែវ​ព្រះ​ពៃ​ស្រព​ណ៍ កំពុង​ហាត់​សម​នៅ​ដៃ​ទន្លេ​សាប មុខ​វត្ត​ព្រះ​ពៃ​ស្រពណ៍​​ ខេត្ត​កំពង់​ឆ្នាំង​
កីឡាការិនី​ទូក​ចែវ​ព្រះ​ពៃ​ស្រព​ណ៍ កំពុង​ហាត់​សម​នៅ​ដៃ​ទន្លេ​សាប មុខ​វត្ត​ព្រះ​ពៃ​ស្រពណ៍​​ ខេត្ត​កំពង់​ឆ្នាំង​
​កំពង់​ឆ្នាំង​៖ ប្រាក់​មិន​សំខាន់ ប៉ុន្តែ​ដើម្បី​វត្ត និង​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ទូក​ចែវ​នារី​ព្រះ​ពៃស្រពណ៍ ប្រឹងប្រែង​ចូលរួម​ប្រណាំងទូក​ថ្នាក់ជាតិ​ជា​រៀងរាល់ឆ្នាំ​។ ចិត្ត​ស្រឡាញ់ តែ​កម្លាំង​ថយចុះ ហើយ​អ្វី​ដែលជា​បញ្ហា​នោះ គឺ​មិនមាន​អ្នក​បន្តវេន​។ តែ​ទោះជា​យ៉ាងណា​កីឡាការិនី​ទូក​ចែវ​នារី​ព្រះ​ពៃស្រពណ៍ នៅតែ​ខំ​បន្ត​ថែរក្សា​កេរ​ដូនតា​មួយ​នេះ​។ ទូក​ចែវ​នារី​ព្រះ​ពៃស្រពណ៍ បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ឡើងមក​ភ្នំពេញ​ចូលរួម​ប្រណាំងទូក ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ពីថ្ងៃ​ទី​១០-១២ ខែវិច្ឆិកា​ខាងមុខ​។​


 
​តទៅ​នេះ​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
​ទូក​ចែវ​នារី​ព្រះ​ពៃស្រពណ៍​ចំណុះ​៤២​នាក់ ដែល​ស្ថិតក្នុង​ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង បាននិងកំពុង​ប្រឹងប្រែង​ហាត់​សម ដើម្បី​ត្រៀម​ចូល​រួមការ​ប្រណាំងទូក នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​ថ្ងៃទី​១០-១២ វិច្ឆិកា​នេះ​។ 
 
​អ្នកស្រី ប៉ិច ម៉ា​ចាស់ កីឡាការិនី​វ័យ​៤៧​ឆ្នាំ គឺជា​ចំណុះ​ទូក​ព្រះ​ពៃស្រពណ៍ តាំងពី​អំឡុង​ឆ្នាំ​៩០​។ មានចិត្ត​ស្រឡាញ់​វិស័យ​កីឡា​ប្រណាំងទូក ស្ត្រី​មុខមាំ​រូបនេះ ថា​កម្លាំង​របស់ខ្លួន​កាន់តែ​ថយចុះ ប៉ុន្តែ​ដោយសារ​មិនមាន​អ្នក​បន្តវេន អ្នកស្រី​ក៏​នៅតែ​បន្ត​ចូលរួម​ប្រណាំងទូក ដល់​បច្ចុប្បន្ន​។ ៖«​ចិត្ត​ខ្ញុំ​ចង់​ចូល​ប្រណាំងទូក​នេះ តាំងពីដើម​មក​។ ប៉ុន្តែ​សព្វថ្ងៃនេះ ខ្ញុំ​ចង់​សម្រាក ព្រោះ​កម្លាំង​កាន់តែ​ខ្សោយ​។ បើសិនជា​គណៈកម្មការ​រក​ក្មេងៗ​បញ្ចូល​បាន ទើប​ខ្ញុំ​អាច​ចេញ​បាន​។ ប៉ុន្តែ​ពេលនេះ​ក្មេងៗ ចូលធ្វើការ​រោងចក្រ​អស់ហើយ មិនមាន​អ្នកណា​ចង់​ចូល​បន្ត​។ ដូច្នេះ ខ្ញុំ​ចេះតែ​នៅ​បន្ត​ដើម្បី​ជួយ​វត្ត​»​។ 


អ្នក​ស្រី ប៉ិច ម៉ាចាស់ កីឡាការិនី​ នៃ​ទូក​ចែវ​នារី​ព្រះ​ពៃ​ស្រពណ៍
 
​ជា​កសិករ និង​ជា​អាជីវករ​លក់​ត្រី​ផង​នោះ ស្ត្រី​ដែលមាន​កូន​៤​នាក់ ម៉ា​ចាស់ អះអាងថា អ្នកស្រី​មក​ប្រណាំងទូក​ក្នុង​ព្រះ​រាជពិធី​បុណ្យជាតិ ក៏​ដើម្បី​ជួយ​វត្ត និង​ថែរក្សា​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ដែរ​។ «​បើ​គិតពី​ប្រាក់រង្វាន់​ដែល​ជួយ​ពេល​ប្រណាំង​ឈ្នះ មិន​ស្មើ​ប្រាក់​ដែល​យើង​ដាក់​ទៅ​ចាយ​ទេ​។ ខ្ញុំ​មកនេះ គឺ​ដើម្បី​កសាង​វត្ត​ទេ បានជា​ចេះតែ​តស៊ូ​មក​។ ប្ដី​ខ្ញុំ​ក៏​មក​ដែរ គាត់​ជា​គណៈកម្មការ​ទូក​ផង​។ កូន​មិន​មក​ទេ ព្រោះ​មិនមាន​កម្លាំង​ចែវ​។ កូន​អន់​ជាង​ម៉ែ​ទៀត​។ ទៅ​ប្រណាំងទូក​នៅ​ភ្នំពេញ​ពីរ​នាក់​ហ្នឹង អស់​ចូល​៥០​ម៉ឺន​។ ពេល​ឈ្នះ បាន​ប្រាក់​តែ​ប្រហែល​១០​ម៉ឺន​ម្នាក់ ត្រឡប់មកផ្ទះ​វិញ​»​។​
 
​ព្រះចៅអធិការ​វត្ត​ព្រះ​ពៃស្រពណ៍​ព្រះនាម យ៉ឹ​ម សុវណ្ណ បាន​មាន​ថេរ​ដីកា​ថា កីឡាករ​ទូកង​ទាំងអស់ សុទ្ធ​តែមាន​ក្ដី​ស្រឡាញ់​បុណ្យជាតិ ដោយ​មិន​ប្រាថ្នា​ប្រាក់រង្វាន់​ឡើយ​។ «​តាម​ធម្មតា​បើ​យើង​គិតពី​ប្រាក់រង្វាន់ យកមក​ជួយឧបត្ថម្ភ​កីឡាករ ប្រកបដោយ​ជីវភាព​នោះ​មិន​គ្រប់​ទេ​។ ដោយសារតែ​គាត់​ស្រឡាញ់​បុណ្យ​ប្រពៃណីជាតិ ទើប​គាត់​ចូលរួម ទោះបី​បាន​តិច បាន​ច្រើន ក៏​គាត់​នៅតែ​ខំ​ខ្នះខ្នែង​។ ទូកង​របស់​ឯកជន ពិបាក​ឈរជើង​ណាស់ ព្រោះ​ការចំណាយ​ច្រើនណាស់ ទាំង​ការជួសជុល​ទូក ការហ្វឹកហាត់ និង​អាហារ​ជាដើម​»​។


ព្រះចៅអធិការវត្តព្រះពៃស្រពណ៍ព្រះនាម យ៉ឹម សុវណ្ណ ទទួល​ទេយ្យទាន​ឧបត្ថម្ភ​ពី​អ្នក​ស្រី ខាមីឡា ឡមបាទ ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា
 
​ព្រះអង្គ​មាន​ថេរ​ដីកា​បន្ថែមថា​៖«​ទូកង លុះត្រា​ណា​មាន​អ្នក​ជួយឧបត្ថម្ភ​ជា​ថវិកា និង​សម្ភារ​ផ្សេងៗ​ទើប​អាចទៅរួច​។ ប្រណាំង​ក្នុង​រយៈពេល​៣​ថ្ងៃនេះ ពេលខ្លះ​ម្នាក់​បាន​៥​ម៉ឺន ខ្លះ​មិន​ដល់​៥​ម៉ឺន​ផង ហើយ​ខ្លះ​អាច​បាន​១០​ម៉ឺន​រៀល​។ ឆ្នាំនេះ ដោយសារ​មាន​សហភាព​អឺរ៉ុប​ជួយ អាត្មា​គិត​មើលទៅ ក្នុង​ម្នាក់​អាច​បាន​ប្រហែល​២០​ម៉ឺន​រៀល​»​។​
 
​មក​ចាប់អារម្មណ៍​កីឡាការិនី​មួយរូប​ទៀត គឺ​អ្នកស្រី យុង សុខ​នាង​។ ឈរ​ក្បែរ​ទូកង​បុរស​ដែល​បាន​ទុកចោល​ក្នុង​រោង​ក្រោយ​សាលាឆាន់ នៃ​វត្ត​ព្រះ​ពៃស្រពណ៍ ដោយសារតែ​ភាព​ចាស់​ទ្រុឌទ្រោម អ្នកស្រី សុខ​នាង ប្រាប់​ពីបទ​ពិសោធ​ផ្ទាល់ខ្លួន នៅពេលដែល​ចូល​ទីលាន​ប្រប​ណាំង​។​«​ពេល​ប្រណាំង ខ្ញុំ​ប្រើ​កម្លាំង​អស់ពី​ខ្លួន​តែម្ដង ព្រោះ​ខ្លាច​ចាញ់​គេ​។ ប៉ុន្តែ​ពេល​ឈ្នះ​ហើយ យើង​អាច​បន្ធូរដៃ​ដកដង្ហើម​បាន​ស្រួល​។ បើសិន​ជាមាន​បញ្ហា​អ្វី យើង​ត្រូវ​តោង​ជើងចែវ​ឱ្យ​ជាប់ ព្រោះ​ទូក​លិច​វា​មិន​លិច​ស្រិម​ភ្លាម​ទេ​។ កាលណា​យើង​ឃ្លាត​ចេញពី​ទូក យើង​អាច​គ្រោះថ្នាក់​បាន​»​។


យុង សុខនាង កីឡាករទូកនារីព្រះពៃស្រពណ៍ ឈរ​ក្បែរ​ទូក​ង​បុរស​ដែល​ចាស់​ទ្រុឌទ្រោម​
 
​បើទោះបីជា​ធ្លាប់បាន​ប្រយុទ្ធ​ជាង​១០​ឆ្នាំ​ទៅហើយ​ក្ដី ប៉ុន្តែ​ស្ត្រី​សម្បុរ​ស ឫកពារ​រួសរាយ​រូបនេះ​ទទួលស្គាល់ថា ខ្លួន​នៅតែ​ភ័យ រាល់ពេល​ជួប​គូប្រកួត​ជុំទីមួយ​។ «​ប៉ះ​គូប្រកួត​ជុំ​ដំបូង​ខ្ញុំ ភ័យ​អរៗ  ប៉ុន្តែ​នៅពេលដែល​ចេញដំណើរ គឺ​ដឹង​តែ​ប្រឹង​លែង​ភ័យ​ហើយ​។ ដល់​ថ្ងៃទី​២ និង​ទី​៣​លែង​ភ័យ​ហើយ​»​។ 
 
​មាន​ប្រវត្តិ​ប្រណាំង​ឈ្នះ​ពាន​លេខ​១ ច្រើន​គួរឱ្យកត់សម្គាល់ ស្ត្រី​ជា​កសិករ និង​ជា​អ្នកនេសាទ វ័យ​៤៧​រូបនេះ ចែករំលែក​បច្ចេកទេស​ខ្លះៗ ពេល​ប្រណាំងទូក​។ «​បើ​អ្នក​ចែវ​មិនចេះ​ឈរ វា​អាច​ទើស​អ្នក​ចែវ​នៅក្បែរ មិនអាច​ចែវ​បាន​ទាំងអស់គ្នា​។ តែបើ​យើង​ចេះ​ចែវ យើង​យោល​ទៅតាម​ចង្វាក់​គ្នា វា​ធ្វើឱ្យ​ទូក​លឿន​។ បើ​ប្រើ​កម្លាំង​យោល​ទៅតាម​ចង្វាក់ ទើប​មិនសូវ​ហត់​។ ប៉ុន្តែ​បើ​យើង​យកឈ្នះ​តែ​ខ្លួនឯង មិន​មើល​ចង្វាក់ វា​អាច​ខូចសុខភាព​ដែរ​»​។


កុមារា​កំពុងឈរ​មើល​ក្រុម​ទូក​ចែវ​នារី​ព្រះ​ពៃ​ស្រពណ៍ រៀប​ចំ​ចេញ​ដំណើរ​ទៅ​ហាត់​សម​
 
​លោក លុន លន គណៈកម្មការ​ទូក​ចែវ​នារី​ព្រះ​ពៃស្រពណ៍ ប្រាប់​ពី​មូលហេតុ​ដែលនាំឱ្យ​វត្ត​ព្រះ​ពៃស្រពណ៍ បង្កើតឱ្យមាន​ទូក​ចែវ​នារី​។ «​ទូក​នេះ ភាគច្រើន​ឈ្នះ​។ កាលពីដើម មាន​ទូក​បុរស​ដែរ ដល់ពេល​ធ្វើ​ទូក​មួយទៀត ទើប​មាន​ទាំងស្រី និង​ប្រុស ដើម្បី​ឱ្យបាន​ទៅ​ប្រណាំង​ទាំងពីរ​។ ទូក​នេះ ទ្រុឌទ្រោម​ដែរ កុំ​តែ​បាន​សហភាព​អឺរ៉ុប​ជួយ​កុំ​អី ឆ្នាំនេះ មិនបាន​ចូលទៅ​ប្រណាំង​នៅ​ភ្នំពេញ​ទេ​»​។ 
 
​អង្គុយ​ក្នុង​សាលាឆាន់​ក្បែរ​គណៈកម្មការ​ទូកដ​ទៃទៀត លោក លុន លន ថា​ទូក​ក្នុង​វត្ត​នេះ មិនសូវ​ខ្វះខាត​អ្នក​ឧបត្ថម្ភ​ឡើយ តាំងពី​បង្កើត​មក​។ «​ទូក​នេះ ជួន​មាន​អ្នក​ឧបត្ថម្ភ ហើយ​ជួន​ក៏​មិនមាន​ដែរ​។ ឆ្នាំ​២០១៨ និង​២០១៩​នេះ បាន​សហភាព​អឺរ៉ុប​ជួយ យើង​រាង​ធូរធារ​បន្តិច​។ ខ្ញុំ​សង្ឃឹមថា​ឈ្នះ​ទៀត នៅ​ឆ្នាំនេះ ក៏ប៉ុន្តែ​យើង​គិតថា យើង​ខ្លាំង តែ​អាចមាន​គេ​ខ្លាំង​ដែរ​»​។ 
​មានឈ្មោះ​ជា​ទូក​នារី​ក៏ពិតមែន ក៏ប៉ុន្តែ​ទូក​ព្រះ​ពៃស្រពណ៍ ក៏មាន​បុរស​ចែវ នៅ​ខាង​ក្បាល និង កន្សៃទូក​ដែរ​។ លោក លន ពន្យល់​ដូច្នេះ​៖«​បុរស​៥​នាក់ ២​មុខ និង​៣​ក្រោយ​។ ដាក់​ប្រុស ដើម្បី​បញ្ជា​ទូក និង​កាច់​ចង្កូតទូក ព្រោះ​ត្រូវការ​កម្លាំង​ខ្លាំង​។ នៅ​ក្បាលទូក ទាល់តែ​អ្នកចេះ​ឱ្យ​ចង្វាក់​ច្បាស់​ណាស់ ទើប​អាច​បង្វឹក​ទូក​នេះ​បាន​»​។


ទូក​ចែវ​នារី​ព្រះ​ពៃ​ស្រពណ៍កំពុង​ហាត់​សម​ នៅ​ដៃ​ទន្លេ​សាប មុន​ឡើង​មក​ប្រណាំងក្នុង​ព្រះ​រាជ​ពីធី​បុណ្យ​អុំទូក ​នៅ​រាជ​ធានី​ភ្នំពេញ
 
​គណៈកម្មការ​ទូក​រូប​នេះ ប្រាប់​ពី​ប្រវត្តិ​ត្រួសៗ នៃ​ការកកើត​ទូក​ក្នុង​វត្ត​ព្រះ​ពៃស្រពណ៍​។ «​ខ្ញុំ​ដឹង​ត្រួសៗ​ទេ​។ វត្ត​នេះ​មាន​ទូក​តាំងពី​ឆ្នាំ​១៩៨៤ គិត​ត្រឹម​ក្រោយ​សង្គ្រាម​។ ទូក​នារី​ពី​ដើម មាន​ចំណុះ​២៨​នាក់ ពេលនេះ​៤២​នាក់​។ ពីមុន ទូក​យើង​ខ្លី ប្រណាំង​មិន​ឈ្នៈ​ទូក​គេ​ធំៗ​»​។​
 
​ក្នុង​ឆ្នាំ​២០១៩​នេះ សហភាព​អឺរ៉ុប បាន​ជួយឧបត្ថម្ភ​ដល់​ទូក​ចែវ​នារី​ព្រះ​ពៃស្រពណ៍ ចំនួន ១០,៣០០ ដុល្លារ​អាមេរិក ក្នុង​បំណង​លើកកម្ពស់​សមភាព​យេនឌ័រ ហើយ​ព្រះចៅអធិការ​វត្ត​ព្រះ​ពៃស្រពណ៍ បាន​ថ្លែងអំណរគុណ​ដល់​សហភាព​អឺរ៉ុប​។ «​សហភាព​អឺរ៉ុប​ជួយ​ថវិកា​ជួសជុល​ទូក ស្បៀង និង​ច្រើន​ផ្នែក​ទៀត​។ អាត្មា​សូម​ថ្លែងអំណរគុណ​ដល់​សហភាព​អឺរ៉ុប ដែល​បាន​ជួយ​គាំទ្រ​ទូក​នារី​ព្រះ​ពៃស្រពណ៍ ក្នុង​វត្ត​ព្រះ​ពៃស្រពណ៍​នេះ​»៕ 

​គណៈប្រតិភូសហភាពអឺរ៉ុបថត​រូប​ជា​មួយ​កីឡាការិនី ទូក​ចែវ​ព្រះ​ពៃ​ស្រពណ៍

Tag:
 ​ទូកង​
 ​បុណ្យអុំទូក​
 ​ព្រះរាជ​ពិធី​
 ​ទូក​នារី​
 ​វត្ត​ព្រះ​ពៃស្រពណ៍​
 ​សហភាព​អឺរ៉ុប​
© រក្សាសិទ្ធិដោយ thmeythmey.com