ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ស ខេង​៖ គ្មាន​ការប្រកាស​ណាមួយ ហាម លោក សម រង្ស៊ី មិន​ឲ្យ​ចូល​ស្រុក​ឡើយ​
09, Nov 2019 , 8:02 pm        
រូបភាព
ស ខេង ជាមួយសម្តេច សាយ ឈុំ និងសម្តេច ទៀ បាញ់ មុនពេលប្រារព្ធពិធីបុណ្យឯករាជ្យ កាលពីថ្ងៃទី៩ ខែវិច្ឆិកា។ រូបថត ហ្វេសប៊ុកសម្តេច ស ខេង
ស ខេង ជាមួយសម្តេច សាយ ឈុំ និងសម្តេច ទៀ បាញ់ មុនពេលប្រារព្ធពិធីបុណ្យឯករាជ្យ កាលពីថ្ងៃទី៩ ខែវិច្ឆិកា។ រូបថត ហ្វេសប៊ុកសម្តេច ស ខេង
ដោយ: ថ្មីៗ
សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បាន​ប្រតិកម្ម​ទាក់ទង​នឹង​ទស្សនៈ​ផ្សេងៗ ជុំវិញ​ដំណើរ​វិលត្រឡប់​មក​ក​ម្ពុ​ជា​វិញ​របស់លោក សម រង្ស៊ី ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​រសៀល​ថ្ងៃទី​៩ ខែវិច្ឆិកា នេះ លោក​បាន​ទៅដល់​ប្រទេស​ម៉ាឡេស៊ី​ហើយ​ក្នុង​ដំណើរ​ពី​ក្រុងប៉ារីស ប្រទេស​បារាំង​។​



«​នៅពេលនេះ​មិនមាន​ការប្រកាស​ណាមួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ហាមប្រាម​ទណ្ឌិត សម រង្ស៊ី និង​ក្រុម​របស់គាត់ មិន​ឲ្យ​ចូល​ប្រទេស​ឡើយ​»​។ នេះ​បើតាម​ការអះអាង​របស់​សម្តេច ស ខេង ដោយ​សម្តេច​បាន​ចោទ​សួរថា តើ​ការខកខាន​មិនអាច​ចូលមក​ក្នុងប្រទេស របស់លោក សម រង្ស៊ី និង​បក្ខពួក​របស់គាត់ នៅពេលនេះ​ជា​កំហុស​របស់​នរណា​?

​បើតាម​សម្តេច សខេង ជាមួយនឹង​ការប្រកាស​វិលត្រឡប់​ចូលមកក្នុង​ប្រទេស​វិញ លោក សម រង្ស៊ី បាន​បំផុសបំផុល​ដល់​ប្រជាពលរដ្ឋ នឹង​បង្កើត​ឡើងជា​ចលនា​មហាជន​ដ៏​ធំ​មួយ​ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ តាមរយៈ​ការផ្តួលរំលំ​រាជរដ្ឋាភិបាល ការចាប់ខ្លួន​នាយករដ្ឋមន្ត្រី ព្រមទាំង​បានប្រកាស​ញុះ​ញ​ង​បំបែកបំបាក់​កងទ័ព​ជាតិ ដោយ​បង្កើត​មូលនិធិ​ចិញ្ចឹម​កងទ័ព ហើយ​ហ៊ាន​រហូតដល់​ប្រមាថ​ព្រះ​ចេស្តា ព្រះមហាក្សត្រ​។​

​សម្តេច​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា សកម្មភាព​ទាំងនេះហើយ ដែល​លោក សម រង្ស៊ី និង​បក្ខពួក​ត្រូវបាន​តុលាការ​ចោទ​ប្រកាប​ពីបទ​ល្មើស​ឧបឃាត និង​រួមគំនិត​ក្បត់ ព្រមទាំង​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ដែល​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវតែ​អនុវត្ត​ច្បាប់​តាម​ដីការ​តុលាការ និង​ចាត់វិធានការ​នានា ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​សុខសន្តិភាព​។

«​រហូតមកទល់​ពេលនេះ​មិនមាន​ការបិទ​ច្រកព្រំដែន​ណាមួយ​ឡើយ ហើយ​សកម្មភាព​ចរាចរ និង ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​និង ភ្ញៀវ​ទេសចរណ៍​ឆ្លងកាត់​ព្រំដែន​នានា មាន​ដំណើការ ជាធម្មតា​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​សម្តេច ស ខេង ដោយបាន​អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​គោរព និង អនុវត្ត​យ៉ាង​ខ្ជាបខ្ជួន​នូវ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គោរព​សិទ្ធិសេរីភាព​របស់​ប្រជារាស្ត្រ​ខ្មែរ​គ្រប់ៗ​រូប​ដោយ​ស្មើភាព​។​

​សម្តេច​បាន​បន្ថែមថា​៖ «​ការវិលត្រឡប់​ចូល​ប្រទេស​របស់​ទណ្ឌិត សម រង្ស៊ី និង បក្សពួក ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​គឺ​ពុំមាន​អ្វី​រារាំង​ឡើយ ។ ប៉ុន្តែ​រាជរដ្ឋាភិបាល កម្ពុជា ក៏បាន​ប្រកាស​ផងដែរ​ពី​ការរក្សា​សិទ្ធិ​ក្នុងការ​ចាត់វិធានការ​ច្បាប់​ចំពោះ​សកម្មភាព​ទាំងឡាយ​ដែល​ប៉ុនប៉ង​បំផ្លិចបំផ្លាញ​សន្តិភាព ស្ថិរភាព​សង្គម និង​សន្តិសុខ​នៃ​រដ្ឋ​»៕


© រក្សាសិទ្ធិដោយ thmeythmey.com