ភ្នំពេញ៖ ការបោះចោលសំរាមពាសវាលពាសកាល បានក្លាយទម្លាប់មិនល្អរបស់ពលរដ្ឋខ្មែរមួយចំនួន។ ពលរដ្ឋ និងយុវជនដែលស្រឡាញ់បរិស្ថាន បានអះអាងថា ការកែទម្លាប់របស់អ្នកបោះចោលសំរាម មិនមែនជាការងាយស្រួលឡើយ ដ្បិតត្រូវការពេលវេលា និងមានការចូលរួមពីគ្រប់មជ្ឈដ្ឋាននៃសង្គម។ តែយ៉ាងណាពួកគេ និយាយថា បញ្ហាសំរាម ជាការទទួលខុសត្រូរបស់ពលរដ្ឋគ្រប់រូប។
កំពុងដើរលំហែនៅមាត់ទន្លេចតុមុខ កញ្ញា ឃឹម សុដារ័ត្ន បានបង្ហាញភាពរីករាយជាមួយមិត្តភក្តិរបស់ខ្លួន ប៉ុន្តែក្រោយក្រឡេកឃើញពលរដ្ឋនៅក្បែរនោះបោះចោលសំរាមក្រៅធុង នាងក៏ធ្លាក់ទឹកមុខបន្តិច។ សុដារ័ត្ន អះអាងថា ការបោះចោលសំរាមពាសវាលពាសកាល គឺជាទម្លាប់មិនល្អឡើយ ដ្បិតទង្វើនេះ នឹងឲ្យធ្វើតម្លៃបុគ្គលធ្លាក់ចុះ និងខូចសោភ័ណភាពទីក្រុង។
ក្នុងវ័យ២៤ឆ្នាំ សុដារ័ត្ន ដែលជាអ្នកខេត្តបាត់ដំបងតែមករៀន និងធ្វើការនៅភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើយើងបោះចោលសំរាមពាសវាសពាសកាល វាបញ្ជាក់ថា ពលរដ្ឋអត់មានការយល់ដឹងពីផលប៉ះពាល់ដល់បរិស្ថាន»។
ស្របពេលអាជ្ញាធរត្រៀមរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានមនុស្សម្នាជាច្រើន បានដើរកម្សាន្តតាមមាត់ទន្លេ។ លោក ប៉ាវ តុលា ពលរដ្ឋនៅភ្នំពេញ ដែលកំពុងដើរហាត់ប្រាណនៅមាត់ទន្លេ បានឲ្យដឹងថា បច្ចុប្បន្ន មួយរយៈចុងក្រោយនេះ ពលរដ្ឋមានការកែប្រែឥរិយាបថ ដោយចេះទុកដាក់សំរាមបានល្អគ្រាន់បើដែរ ប៉ុន្តែក៏នៅមានកង្វះខាតមួយចំនួនដែរ។
មានមាឌដំបង ពាក់អាវយឺត និងខោខ្លីត្រឹមជង្គង់ លោក ប៉ាវ តុលា បានរៀបរាប់យ៉ាងដូច្នេះថា៖ «ការទុកសំរាម សម្រាប់អ្នកលក់ ការយល់ដឹងរបស់គាត់នៅមានកម្រិត តែសម្រាប់ពលរដ្ឋទូទៅ ការហូបចុករបស់គាត់ គាត់បានកែប្រែល្អប្រសើរជាងមុន ដោយបានទុកដាក់បានល្អ»។
ទន្ទឹមនឹងការកើនឡើងនូវកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជនកម្ពុជា សំរាមជាច្រើន ក៏បានកើនឡើងតាមនោះដែរ។ យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន ដែលបានចេញផ្សាយកាលពីឆ្នាំ២០១៨ សំរាមបានកើនឡើងរហូតដល់៣ពាន់តោននៅក្នុងមួយថ្ងៃ ដោយ៦៥ភាគរយជាសំណល់សើម ២០ភាគរយជាប្លាស្ទិក និងជាង ១០ភាគរយជាសំណល់រឹង។
លោក សាន ដារ៉ាវីត បង្កើតក្រុមក្រុមយុវជនសំរាម ដើម្បីប្រមូលសំរាមនៅប្រឡាយទឹកស្អុយបឹងត្របែក បានអះអាងថា មូលហេតុដែលធ្វើឲ្យមានសំរាមច្រើននៅតាមផ្លូវ ក្នុងលូ និងទីសាធារណៈនោះ គឺបណ្តាលមកពីទម្លាប់អាក្រក់ និងការមិនទទួលខុសត្រូវរបស់ពលរដ្ឋមួយចំនួន។
លោកពន្យល់យ៉ាងដូច្នេះថា៖ «បើនិយាយឲ្យអាក្រក់ស្តាប់ ពេលខ្លះមនុស្សយើងមានគំនិតអាត្មានិយម មានន័យថា ឲ្យតែផុតពីខ្លួនគាត់ គឺរួចខ្លួនហើយ។ មនុស្សយើង ពេលខ្លះធ្វើឲ្យផុតពីដៃពីជើងគាត់ ដូច្នេះគាត់បោះចោល ទោះសំរាមនោះហោះទៅណា ឬប៉ះពាល់អ្នកណាក៏ដោយ ព្រោះបើគាត់ទុកនៅជាប់ខ្លួនវាជាសម្ពាធ ចឹងគាត់បោះចោលទៅ ហើយគាត់ដើរទៅផុតហើយ លែងក្លាយជាសំរាមរបស់គាត់ទៀតហើយ។ គាត់អត់ដឹងថា សំរាមហ្នឹងប៉ះពាល់អីខ្លះទេ។ មនុស្សរត់យករួចខ្លួន វាជាទម្លាប់តាំងពីដើមមក។ ខ្ញុំអត់និយាយទាំងអស់គ្នាទេ មានពលរដ្ឋមួយចំនួន ក៏គាត់យល់ដឹង ហើយយកសំរាមដាក់ក្នុងហោប៉ៅ ពេលធុងទំនេរអត់មានសំរាមពេញ ទើបគាត់ញ៉ុកចូលធុង»។
ក្នុងវ័យ២៩ឆ្នាំ ដារ៉ាវីត បានអះអាងថា ការបោះចោលសំរាម មិនត្រឹមតែបំផ្លាញបរិស្ថាននោះទេ ប៉ុន្តែវាបង្កជាជំងឺផ្សេងៗ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសជាតិ។ «ឆ្នាំនេះ ដូចជាកំណើនទេសចរណ៍ធ្លាក់ចុះខ្លាំងមែនទែន។ កំណើនទេសចរធ្លាក់ចុះ គឺធម្មតា យើងមានឈ្មោះថា ភ្នំពេញ ភ្នំសំរាម វាបានស្ថិតក្នុងការគិតរបស់បរទេស។ គាត់ចាប់ផ្តើមវាយតម្លៃភ្លាម ថា ប្រទេសនេះ ជាប្រទេសដែលគ្មានអនាម័យ ប្រទេសដែលមានប្រជាជនគគ្រិច។ ដូច្នេះ វាប៉ះពាល់ខ្លាំងមែនទែនចំពោះមុខមាត់ប្រទេសជាតិយើង បើសិនមានការផ្សព្វផ្សាយទៅកាន់ពិភពលោក»។ ប្រធានក្រុមយុវជនរើសសំរាម ដោយពន្យល់ថា សំរាមមិនមែនជាការទទួលខុសត្រូវរបស់បុគ្គល ឬក្រុមណានោះទេ គឺជាការទទួលខុសត្រូវរបស់ពលរដ្ឋខ្លួនឯង។
លោក ដារ៉ាវីត បន្ថែម៖ «សំរាមរបស់យើង គឺជាទំនួលខុសត្រូវរបស់យើង មិនមែនជាទំនួលខុសត្រូវរបស់អ្នកដទៃនោះទេ។ វាជាទំនួលខុសត្រូវរបស់ពលរដ្ឋម្នាក់ៗ។ ដូច្នេះ ពលរដ្ឋរៀងៗខ្លួនត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ព្រោះងាយស្រួលដល់ក្រុមហ៊ុនប្រមូលសំរាម ងាយស្រួលដល់អាជ្ញាធរគាត់អត់សូវឈឺក្បាលទាក់ទងរឿងហ្នឹង និងងាយស្រួលដល់ពលរដ្ឋខ្លួនឯង អត់មានជំងឺផ្សេងៗ»។
ក្រៅពីកែប្រែទម្លាប់ពលរដ្ឋ លោក សាន ដារ៉ាវីត អះអាងថា ការចាត់វិធានការរបស់អាជ្ញាធរចំពោះការអ្នកចោលសំរាមផ្តេសផ្តាស និងការចូលរួមរបស់យុវជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយ គឺជាមធ្យោបាយដ៏ល្អបំផុត សម្រាប់ធ្វើឲ្យកម្ពុជាក្លាយជាប្រទេសស្អាត។
បន្ទាប់ពីបញ្ហាបរិស្ថាន ត្រូវបានគេយកមកជជែកយ៉ាងផុសផុល នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក លោក ឈឹន ធារ៉ាត់ ផលិតករវីដេអូម្នាក់ ក៏បានចូលរួមផលិតវីដេអូអប់រំជាច្រើនពាក់ព័ន្ធនឹងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជាពិសេស ការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក។
មានវ័យ២៦ឆ្នាំ ធារ៉ាត់ ដែលបានឆ្លៀតពីការជាអ្នកកាសែត តែងតែចំណាយថវិកា និងពេលវេលារបស់ខ្លួន ផលិតវីដេអូអប់រំពីបញ្ហាសំរាមនេះ ដើម្បីចូលរួមកែប្រែឥរិយាបថរបស់ពលរដ្ឋកម្ពុជា។
លោកពន្យល់យ៉ាងដូច្នេះថា៖ «យើងទៅផ្សារ យើងដាក់កន្ត្រកទៅ បន្លែដាក់ចូលក្នុងកន្ត្រកតែមួយទៅ ត្រីសាច់ដាក់ចូលក្នុងកន្ត្រកតែមួយទៅ បើវាមិនប៉ះពាល់អីទេ។ បើប៉ះពាល់យើងចាំបាច់ត្រូវប្រើប្លាស្ទិក ប្រើប្លាស្ទិកទៅ។ អាហ្នឹងសម្រាប់មនុស្សម្នាក់ៗ។ តែសម្រាប់កន្លែងរកស៊ីមួយ សហគ្រាសមួយ យើងត្រូវគិតពិចារណាឲ្យមែនទែន យើងត្រូវធ្វើម៉េច ដើម្បីជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដូចជា ដូរពីប្រើកែវជ័រមកប្រើកែវធម្មតាមក ដូរពីការប្រើបំពង់បឺតជ័រ មកប្រើបំពង់បឺតឫស្សីចឹងទៅ។ ការវិចខ្ចប់ផ្សេង មិនមែនមានតែថង់ប្លាស្ទិកឯណា គេមានថងក្រដាស ដែលមានផលិតឲ្យប្រើ យើងប្រើទៅ គ្រាន់តែតម្លៃរៀងលើសបន្តិច»។
លោក ឈឹន ធារ៉ាត់ លោកដារ៉ាវីត និងពលរដ្ឋខាងលើ សុទ្ធតែផ្ញើសារទៅពលរដ្ឋខ្មែរទាំងអស់ មេត្តាចូលរួមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលជាដើមហេតុនៃការបំពុលបរិស្ថាន និងកែច្នៃសំរាមដើម្បីប្រើប្រាស់ឲ្យអស់ទ្ធភាព៕