ជាតិ
នយោបាយជាតិ
អាមេរិក ស្នើឲ្យទម្លាក់បទចោទចេញពីលោក កឹម សុខា រូបពី AFP
× ភ្នំពេញ៖ បន្ទាប់ពីតុលាការបានអនុញ្ញាតឲ្យលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ អាចដើរហើរក្នុងប្រទេស រដ្ឋាភិបាលអាមេរិកបន្តស្នើឲ្យមានការទម្លាក់បទចោទប្រកាន់ទាំងអស់ចំពោះរូបលោក។
រដ្ឋាភិបាលអាមេរិក ចាត់ទុកការបន្ធូរបន្ថយលក្ខខណ្ឌដល់លោក កឹម សុខា នេះ គឺជាការវិវឌ្ឍល្អមួយកម្រិត ហើយអាមេរិកក៏បានស្នើឲ្យទម្លាក់បទចោទតែម្ដង។ «យើងកត់សម្គាល់នូវជំហានឆ្ពោះទៅមុខដ៏មានកម្រិតមួយនេះ ប៉ុន្តែទទូចយ៉ាងខ្លាំងក្លា ឲ្យអាជ្ញាធរស្តារឡើងវិញទាំងស្រុងនូវសេរីភាពនិងសិទ្ធិនយោបាយរបស់លោក ស្ថិតក្រោមរដ្ឋធម្មនុញ្ញកម្ពុជា និងទម្លាក់បទចោទប្រកាន់ទាំងឡាយប្រឆាំងនឹងលោក ដែលអ្នកជាច្រើន មើលឃើញថាមានចរិតនយោបាយ»។ នេះជាសារដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅរសៀលថ្ងៃទី១០ខែវិច្ឆិកានេះ។
លោក កឹម សុខា ត្រូវបានតុលាការលុបបម្រាមដែលមិនឲ្យលោកចេញពីផ្ទះ នៅព្រឹកថ្ងៃទី១០ខែវិច្ឆិកានេះ។ ការលុបបម្រាមនេះ គឺមានន័យថា លោក កឹម សុខា អាចដើរហើរទៅទីណាក៏បាន នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែតុលាការនៅតែរក្សាបម្រាមមិនឲ្យលោកចេញទៅក្រៅប្រទេសដដែល។ តែលោកក៏នៅជាប់បម្រាមមិនឲ្យធ្វើសកម្មភាពនយោបាយផងដែរ។
ក្រៅពីលោក កឹម សុខា សហរដ្ឋអាមេរិកក៏អំពាវនាវឲ្យដោះលែងអ្នកផ្សេងទៀតដែរ។ សារខាងលើនេះបានសរសេរដូចនេះថា៖«សហរដ្ឋអាមេរិក អំពាវនាវឲ្យមានការដោះលែងដោយឥតលក្ខខណ្ឌចំពោះអ្នកទាំងឡាយណា ដែលត្រូវបានចាប់ឃុំខ្លួនដោយទំនើងចិត្តនិងខុសច្បាប់ដោយរួមទាំងអ្នកសារព័ត៌មាន សកម្មជនសង្គមស៊ីវិល និងអ្នកគាំទ្រ ព្រមទាំងសមាជិកនៃគណបក្សនយោបាយប្រឆាំងនានា»។
សហរដ្ឋអាមេរិកជំរុញឲ្យកម្ពុជាធ្វើឲ្យប្រសើរឡើងនូវស្ថានភាពនយោបាយរបស់ខ្លួន។ «អភិបាលកិច្ច និងសេដ្ឋកិច្ចកម្ពុជា នឹងទទួលប្រយោជន៍ពីការបោះជំហានបន្ថែមទៀត ក្នុងការបើកឡើងវិញនូវលំហនយោបាយ និងពលរដ្ឋ ចំពោះប្រជាពលរដ្ឋកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស ជំរុញនូវការសន្ទនានយោបាយរួមគ្នាហើយពិតប្រាកដ និងដំណើរការផ្សះផ្សា ព្រមទាំងស្តារឡើងវិញនូវប្រជាធិបតេយ្យពហុបក្សដ៏មានអត្ថន័យ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញដ៏ពិបាករករបស់ប្រទេសនេះ»៕
Tag:
កឹម សុខា
ទូតអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com