ជាតិ
អាជ្ញាធរ​អប្សរា ហាម​លែង​សត្វ​គ្រប់​ប្រភេទ ចូលក្នុង​គូ​ទឹក​ប្រាសាទអង្គរវត្ត​
10, Nov 2019 , 4:04 pm        
រូបភាព
រូបពីអាជ្ញាធរជាតិអប្សរា
រូបពីអាជ្ញាធរជាតិអប្សរា
ដោយ:
​ភ្នំពេញ​៖ អាជ្ញាធរ​ជាតិ​អប្សរា ហាម​លែង​សត្វ​គ្រប់​ប្រភេទ​ចូលក្នុង​គូ​ទឹក (​កសិណ​)​ប្រាសាទអង្គរវត្ត​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​អាជ្ញា​អប្សរា ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១០​ខែវិច្ឆិកា​នេះ​។​


 
​អាជ្ញាធរ​អប្សរា​ពន្យល់ថា ក្នុងន័យ​សាសនា កសិណ​ប្រាសាទ​ត្រូវបាន​កសាងឡើង ប្រដូច​ជា​មហាសមុទ្រ​ព័ន្ធ​ជុំវិញ​ភ្នំ​ព្រះ​សុមេរុ​ដែលមាន​ប្រាសាទ​នានា​នៅ​កណ្ដាល​ជា​តំណាង​។ ម្យ៉ាងទៀត កសិណ​ប្រាសាទ​ដែល​ត្រូវបាន​ស្ដារ​រួច ត្រូវបាន​បាន​បញ្ចូល​ទឹកជា​ប្រចាំ​ដើម្បី​រក្សា​ទឹក​ទុក​ក្នុង​រដូវប្រាំង ក្នុង​គោលបំណង​ទ្រទ្រង់​រចនាសម្ព័ន្ធ​ប្រាសាទ​ទាំងមូល​ឲ្យ​រឹងមាំ​។ អាជ្ញាធរ​អប្សរា​បន្តទៀតថា ទន្ទឹមនេះដែរ ប្រាសាទ​ក៏​ជា​កន្លែង​ដែល​ភ្ញៀវទេសចរ​ផ្ដិត​យក​រូបភាព​អនុស្សាវរីយ៍​។ «​ក្នុងន័យនេះ សូម ភ្ញៀវទេសចរ និង​សាធារណជន មេត្តា​កុំ​យក​សត្វ​គ្រប់​ប្រភេទ​ទៅ​លែង​ចូលក្នុង​ក​សិន្ធុ​ប្រាសាទ​ជាដាច់ខាត​»​។ សេចក្ដីជូនដំណឹង​បញ្ជាក់​ដូច្នេះ​។​
 
​គួរ​បញ្ជាក់ថា ការហាម​លែង​សត្វ​ចូលក្នុង​កសិណ​ទឹក​ប្រាសាទ របស់​អាជ្ញា​អប្សរា​ខាងលើនេះ គឺធ្វើឡើង​បន្ទាប់ពី​មាន​ករណី​ដែល​អ្នកស្រី ហ៊ុន ស៊ី​ណាត លែង​កូន​ក្រពើ​ចូលក្នុង​កសិណ​ទឹក​ប្រាសាទ​អង្គ​វត្ត​។ តែ​កូន​ក្រពើ​ដែល​លែង​នោះ ត្រូវបាន​អាជ្ញាធរ​អះអាងថា ចាប់បាន​វិញ​ហើយ​នៅ​ថ្ងៃ​ដដែល​នោះ​៕

Tag:
 ប្រាសាទ​
  ក​សិន្ធុ​
  កូន​ក្រពើ​
  ហ៊ុន ស៊ី​ណាត​
© រក្សាសិទ្ធិដោយ thmeythmey.com