អន្តរជាតិ
ទី​ម័​រ​ខាងកើត បន្ត​រង់ចាំ​ការសម្រេចចិត្ត ពី​អាស៊ាន​លើ​បញ្ហា​សមាជិកភាព​ពេល​វៀតណាម​ធ្វើជា​ប្រធាន​
10, Nov 2019 , 7:29 pm        
រូបភាព
ដោយ:
​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ ដែលមាន​ថៃ ជា​ប្រធាន បានបញ្ចប់​ជាមួយនឹង​លទ្ធផល​ផ្លែផ្កា​ខ្លះ និង​លទ្ធផល​ស្រពិចស្រពិល​ខ្លះ​។ ផ្លែផ្កា​នោះ​ត្រង់​ថា អាស៊ាន​មានការ​ប្តេជ្ញាចិត្ត​កាន់តែ​មុតមាំ​ក្នុងការ​អភិវឌ្ឍ​អង្គការ​ក្នុង​តំបន់​នេះ​ឲ្យ​កាន់តែ​រឹងមាំ និង​សក្តានុពល ខណៈ​រឿង​ស្រពិចស្រពិល អាស៊ាន នៅតែ​បន្សល់ទុក​បញ្ហា​ក្នុង​តំបន់​មួយចំនួន ដែល​ក្នុងនោះ​រាប់បញ្ចូល​ទាំង​សមាជិកភាព​ទី​ម័​រ​ខាងកើត​។

 
​តាម​សេចក្តីថ្លែងការណ៍​ស្តីពី​ជំនួប​កំពូល​អាស៊ាន​លើក​ទី​៣៥ ដែល​ទើបតែ​បានបញ្ចប់​ទៅ​ថ្មីៗ​នេះ មេដឹកនាំ​អាស៊ាន​បាន​ឯកភាពគ្នា​លើ​ចំណុច​ជាច្រើន​ក្នុង​ការបន្ត​ជំរុញ​ការអភិវឌ្ឍ​អាស៊ាន ដែល​ក្នុងនោះ​រាប់បញ្ចូល​ទាំង​លើ​កិច្ចការ​ពាក់ព័ន្ធ​សន្តិសុខ​-​នយោបាយ សេដ្ឋកិច្ច សង្គម​-​វប្បធម៌ ទំនាក់ទំនង​ជាមួយ​ភាគី​ខាងក្រៅ និង​បញ្ហា​ពាក់ព័ន្ធ​ក្នុង​តំបន់ និង​អន្តរជាតិ​ផងដែរ​។​
 
​ក៏ប៉ុន្តែ​អ្វីដែល​គួរកត់សម្គាល់ និង​ជាការ​ទន្ទឹងរង់ចាំ​មួយ​សម្រាប់​តំបន់​នោះ គឺ​អាស៊ាន នៅ​មិនទាន់​អារកាត់​លើ​ការបញ្ចូល​ទី​ម័​រ​ខាងកើត ជា​សមាជិក​ពេញសិទ្ធិ​របស់ខ្លួន​នៅឡើយ​នោះទេ​។ ពោលគឺ ទី​ម័​រ​ខាងកើត ត្រូវ​បន្ត​រង់ចាំ​ការសម្រេចចិត្ត​ជាថ្មី​រប​ស់អា​ស៊ាន នៅពេល​វៀតណាម​ធ្វើជា​ប្រធាន​វិលជុំ​របស់​អាស៊ាន នៅ​ឆ្នាំក្រោយ​២០២០​។ 
 
​តាម​សេចក្តីថ្លែងការណ៍​ដដែល ដែលមាន​កម្រាស់​១៧​ទំព័រ​នោះ អាស៊ាន បាន​បញ្ញត្តិ​ចំណុច​ដ៏​ខ្លី​សម្រាប់​បញ្ហា​សមាជិកភាព​ទី​ម័​រ​ខាងកើត ដោយ​ក្នុងនោះ អាស៊ាន បានកត់សម្គាល់​ពី​ឆន្ទៈ​នយោបាយ​រឹងមាំ​របស់​ទី​ម័​រ​ខាងកើត ក្នុងការ​ក្លាយជា​សមាជិក​របស់​អា​ស៊ាន និង​បាន​អះអាង​បន្ត​គាំទ្រ​ការអភិវឌ្ឍ​ទី​ម័​រ​ខាងកើត​តាមរយៈ​ការកសាង​សមត្ថភាព​។ ក៏ប៉ុន្តែ​អាស៊ាន នៅតែ​ដាក់​គោលដៅ​ឲ្យ​មន្ត្រី​ជំនាញ​របស់ខ្លួន​បន្ត​សិក្សា​លើ​លទ្ធភាព​របស់​ទី​ម័​រ​ខាងកើត​បន្តទៀត​។ 
 
​គួររម្លឹកថា មុនពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន ប្រមុខ​ដឹកនាំ​ទី​ម័​រ​ខាងកើត បានបង្ហាញ​ការរំពឹង​យ៉ាង​​ពី​ការសម្រេចចិត្ត​របស់​អា​ស៊ាន​លើ​ការបញ្ចូល​ខ្លួន​ជា​សមាជិក​ផ្លូវការ​។ ក្តី​រំពឹង​របស់​ទី​ម័​រ​ខាងកើត កើតមានឡើង​បន្ទាប់ពី ប្រមុខ​ការទូត​របស់​ទី​ម័​រ​ខាងកើត បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​អាស៊ាន​ទាំង​ដប់ ដោយ​ទទួលបាន​សញ្ញាណ​វិជ្ជមាន​ច្រើន​។​
​បើតាម​ការអះអាង​រប​ស់លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Mahathir Mohammad ក្នុងពេល​ចូលរួម​កិច្ចប្រជុំ​កំពូល​នោះ អាស៊ាន គឺជា​អង្គការ​អន្តររដ្ឋាភិបាល​មួយ​ដ៏​មាន​សក្តានុពល និង​មាន​ភាពរឹងមាំ​ជាង​សហភាព​អឺរ៉ុប​។ ចំណុច​នេះហើយ ដែល​លោកនាយក​រដ្ឋមន្ត្រី អះអាងថា មាន​ប្រទេស​ជាច្រើន ចង់​ក្លាយជា​សមាជិក និង​ជា​ដៃគូ​។ 
 
​ដោយឡែក​សម្រាប់​បញ្ហា​ទី​ម័​រ​ខាងកើត លោកនាយក​រដ្ឋមន្ត្រី អះអាងថា ម៉ាឡេស៊ី មិនមាន​ការស្ទាក់ស្ទើរ​នឹង​ទទួលយក​ឡើយ​។ ក៏ប៉ុន្តែ​ការណ៍​ដែល​ទី​ម័​រ​ខាងកើត នៅ​មិនទាន់​ត្រូវបាន​ទទួលយក​ដោយ​អាស៊ាន លោកនាយក​រដ្ឋមន្ត្រី គូសបញ្ជាក់ថា ដោយសារតែ​រដ្ឋ​អាស៊ាន​ខ្លះ នៅ​មិនទាន់មាន​ទំនុកចិត្ត​ពេញលេញ​លើ​រដ្ឋ​ក្មេងខ្ចី​ជាងគេ​ក្នុង​តំបន់​អាស៊ាន​អាគ្នេយ៍​នេះឡើយ​៕ 

Tag:
 អាស៊ាន​
  ទី​ម័​រ​ខាងកើត
© រក្សាសិទ្ធិដោយ thmeythmey.com