ជាតិ
បុណ្យអុំទូក
លោក ឱក ផា​៖ ទូកង​ដែល​ធ្វើ​ពី​ឈើ​គគីរ គុណភាព​ល្អ​លេខ​១ ប្រើ​១០​ឆ្នាំ​មិនទាន់​ទៅណា​
10, Nov 2019 , 9:29 pm        
រូបភាព
​ភ្នំពេញ​៖ តាំងពី​បុរាណ​រហូតមកដល់​បច្ចុប្បន្ន គេ​តែង​យក​ឈើ​គគីរ  មក​ធ្វើជា​ទូកង ព្រោះ​វា​ធន់​នឹង​ទឹក និង​មានគុណ​ភាពល្អ​បំផុត​។ ចំណែក​ឈើ​ពពេល ជាប់​លំដាប់ថ្នាក់​លេខ​២ បន្ទាប់ពី​ឈើ​គគីរ​ក្នុង​ការយកមក​ធ្វើជា​ទូកង​។ ប៉ុន្តែ​ទោះជា​យ៉ាង​ក៏​គេ​មិនសូវ​ជ្រើសរើស​ឈើ​លេខ​២​នេះ​យកមកប្រើ​ដែរ​។


 
​បើតាម​លោក ឱក ផា វ័យ​៧១​ឆ្នាំ ដែលជា​អតីត​កីឡាករ​ទូកង​មកពី​ខេត្តកំពង់ចាម មានតែ​ឈើ​គគីរ​មួយ​ប៉ុណ្ណោះ​ដែលមាន​គុណភាព​ល្អ​លេខ​១ សម្រាប់​យកមក​ធ្វើជា​ទូកង ព្រោះ​វា​ធន់​នឹង​ទឹក​ហើយ​ជាប់​មាំ​ល្អ​។ ទូកង​មាន​២​ប្រភេទ គឺ​ប្រភេទ​វែង​និង​ប្រភេទ​ខ្លី​។ ភាគច្រើន​ទូក​ខ្នាត​វែង គេ​យក​ដើម​ទាំងមូល​មក​លុង​ធ្វើ​ទូក​តែម្ដង​។ មានន័យថា​គេ​មិន​ច្រៀក​ឈើ​ទាំងនោះ​ជា​បន្ទះក្ដារ ហើយ​យកមក​ភ្ជាប់​គ្នា​ដោយ​ពរ​ជ័រ ដូចជា​ទូក​តូចៗ​សម្រាប់​នេសាទ​ត្រី ឬ​ប្រើ​ជា​លក្ខណៈ​គ្រួសារ​ឡើយ​។ ចំណែក​ទូកង​ប្រភេទ​ខ្លី​វិញ គេ​អាច​ច្រៀក​ឈើ​យកមក​ធ្វើបាន ប៉ុន្តែ​នៅតែមាន​ចំនួន​តិចតួច ដោយ​ភាគច្រើន​គេ​យក​ឈើ​ទាំង​មូលមក​ធ្វើ​តែម្ដង​។ 


 
​លោក ឱក ផា ពន្យល់​បន្ថែម​ដូច្នេះ​៖«​ទូកង​តាំងពីដើម​មក​គេ​យក​ឈើ​ទាំងមូល​យកមក​ធ្វើ​តែម្ដង គឺ​គេ​មិន​ច្រៀក​ទេ​។ ទាល់តែ​អ្នក​អត់​ណាស់ ទើប​គេ​ធ្វើ​ទូកង​ពី​ក្ដារ​ច្រៀក​។ គេ​មិន​ច្រៀក​ព្រោះ​វា​ឆាប់​ខូច ឆាប់​ជ្រាប​ទឹក ហើយ​ពិបាក​ពរ​ជ័រ​ផង​។ ទូក​ធ្វើ​ពី​ឈើ​គគី​បើ​យើង​ប្រើ​ថែ យើង​លាបថ្នាំ ហើយ​ទុក​ក្នុង​រោង​បាន​ត្រឹមត្រូវ មិនឱ្យ​ត្រូវ​ភ្លៀង​ត្រូវ​ខ្យល់​និង​ថ្ងៃ ប្រើ​១០​ឆ្នាំ​មិនទាន់​ទៅណា​ទេ​។ ប៉ុន្តែ​បើ​ធ្វើ​ពី​ឈើ​ប្រភេទ​ផ្សេង ប្រើតែ​២​ទៅ​៣​ឆ្នាំ ចង់​ខូច​ហើយ​។ ឈើ​ប្រភេទ​គគី​នេះ​យកមក​ធ្វើ​ទូកង វា​អុំ​លឿន​ផង​»​។ 
 
​ទូកង​មាន​២​ប្រភេទ គឺ​ប្រភេទ​ខ្លី​និង​ប្រភេទ​វែង​។ ទូកង​ប្រភេទ​ខ្លី មាន​ប្រវែង​ខ្លី​បំផុត​អាច​ត្រឹម​១២​ម៉ែត្រ​។ ឯ​ទូកង​ប្រភេទ​វែង មាន​ប្រវែង​វែង​បំផុត អាច​ដល់​ប្រមាណ​៤០​ម៉ែត្រ នេះ​គិតតែ​ទូកង សម្រាប់​ប្រណាំង​តែប៉ុណ្ណោះ​៕    



Tag:
 ទូក​
  ឈើ​
 ​គគី​
  អុំទូក​
 ​បុណ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com