ជាតិ
នយោបាយជាតិ
កូនស្រី៖ លោក កឹម សុខា សប្បាយចិត្ត ពេលពលរដ្ឋរស់នៅដោយគ្មានការភ័យខ្លាច លោក កឹម សុខា និង កញ្ញា កឹម មនោវិទ្យា
×
កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា បាននិយាយពីទឹកចិត្តរបស់លោកឪពុក ដែលតែងគិតដល់ប្រជាពលរដ្ឋមុនគេ។ កញ្ញា លើកឡើងថា ឪពុករបស់កញ្ញា ពិតជានឹកនិងចង់ជួបប្រជាពលរដ្ឋខ្លាំងណាស់។
ទោះជាមិនទាន់ទទួលបានសេរីភាពពេញលេញ ប៉ុន្តែថា តើសេចក្តីសម្រេចរបស់តុលាការចុងក្រោយ ដែលអនុញ្ញាតឱ្យលោក កឹម សុខា អាចធ្វើដំណើរនៅក្នុងប្រទេសបាន តើលោក កឹម សុខា សប្បាយចិត្តខ្លះដែរឬទេ? កញ្ញា កឹម មនោវិទ្យា ដែលធ្លាប់ជាមន្ត្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ ប្រាប់សារព័ត៌មានថ្មីៗ តាមប្រអប់សារ Twitter យ៉ាងដូច្នេះថា៖«គាត់ អាចសប្បាយចិត្តបាន នៅពេលប្រជាពលរដ្ឋទាំងអស់ រស់នៅដោយគ្មានការភ័យខ្លាច និង គ្មានការបំភិតបំភ័យ ហើយគាត់ សង្ឃឹមថា នឹងបានធ្វើកិច្ចការ ដើម្បីសម្រេចបំណងនេះ»។
សាររបស់កញ្ញា កឹម មនោវិទ្យា ធ្វើឡើងបន្ទាប់ពី តុលាការ ចេញដីកានៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសម្រេចលុបបម្រាមខ្លះចេញពីលោក កឹម សុខា ពិសេសបើកដៃឲ្យលោក ដើរហើរដោយសេរីទៅកាន់ទីណាក៏បានក្នុងប្រទេសកម្ពុជា។ កញ្ញា ចាត់ទុកការលុបបម្រាមនេះ ថាជាជំហានដំបូង ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លើសពីនេះ កញ្ញា កឹម មនោវិទ្យា បានបញ្ចេញមតិលើ Twitter ថា តុលាការ បានដកការរឹតត្បិតខ្លះចំពោះលោក កឹម សុខា តែការរឹតត្បិតមួយចំនួនទៀត នៅតែមាន។ កញ្ញា សរសេរដូច្នេះថា៖«យើង នៅតែបន្តអំពាវនាវឲ្យទម្លាក់បទចោទចេញ ហើយផ្តល់សិទ្ធិនយោបាយជូនគាត់វិញ»។
ចំណែក លោក កឹម សុខា ខ្លួនឯងផ្ទាល់ បានសរសេរលើទំព័រហ្វេសប៊ុកថា លោក នឹងចុះសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ តាមរយៈសំណេរនោះ លោក បានសម្តែងក្តីនឹករលឹកចំពោះប្រជាពលរដ្ឋ។
បើមើលតាមសារលើហ្វេសប៊ុក លោក កឹម សុខា ហាក់មិនទាន់សប្បាយចិត្តណាស់ណានោះទេ ទោះបីជាលោក លែងជាប់ឃុំក្នុងផ្ទះក៏ដោយ ព្រោះលោក នៅតែមានឈ្មោះជាជនត្រូវចោទដដែល។ តុលាការ បានរក្សាទុកបម្រាម២យ៉ាងចំពោះលោក គឺមិនឲ្យចេញទៅក្រៅប្រទេស និង មិនឲ្យធ្វើសកម្មភាពនយោបាយ។ លើសពីនេះ តុលាការ នៅឲ្យលោក អនុវត្តកាតព្វកិច្ច១ទៀត គឺត្រូវឆ្លើយតបនឹងដីកាកោះហៅពីគ្រប់សមត្ថកិច្ច។
លោក កឹម សុខា លើកឡើងថា សហមេធាវីរបស់លោក បានដាក់ពាក្យស្នើសុំឲ្យចៅក្រមស៊ើបសួរទម្លាក់បទចោទចេញពីលោកតែម្តង ប៉ុន្តែសេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរ គឺត្រឹមតែជាការកែប្រែលក្ខខណ្ឌនៃកាតព្វកិច្ចមួយចំនួនប៉ុណ្ណោះ។
ប្រធានអតីតគណបក្សប្រឆាំងរូបនេះ បរិយាយដូច្នេះថា៖«ក្នុងនាមជាបុគ្គលស្អាតស្អំម្នាក់ ដែលត្រូវបានរងការឃុំខ្លួនទាំងគ្មានកំហុស២ឆ្នាំមកហើយ ខ្ញុំនៅតែបន្តទាមទារឲ្យទម្លាក់បទចោទប្រកាន់មកលើរូបខ្ញុំ។ ខ្ញុំ រំពឹងថាសេចក្តីសម្រេចក្នុងថ្ងៃនេះ គឺជាជំហានទី១ ប៉ុន្តែរូបខ្ញុំ ក៏ដូចជាពលរដ្ឋខ្មែរដទៃទៀត ដែលបានបាត់បង់សិទ្ធិសេរីភាពនយោបាយ នៅតែត្រូវការដំណោះស្រាយនិងយុត្តិធម៌ពិតប្រាកដ»។
ជាង២ឆ្នាំហើយ ដែលលោក កឹម សុខា ខានជួបប្រជាពលរដ្ឋនិងខានថ្លែងសារនយោបាយតាមវេទិកានានា ចាប់តាំងពីលោក ត្រូវឃុំខ្លួនមក។ សមត្ថកិច្ច បានចូលទៅចាប់លោក ដល់គេហដ្ឋាន កាលពីយប់អត្រាធ្រ ថ្ងៃទី២អធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ហើយដឹកយកទៅឃុំភ្លាមៗនៅពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ ក្រោមការសង្ស័យថា លោក លួចទៅគប់គិតជាមួយរដ្ឋាភិបាលបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បទល្មើសនេះ ត្រូវចាត់ទុកជាអំពើក្បត់ជាតិ។
ជាប់ឃុំនៅទីនោះបានមួយឆ្នាំ ពោលគឺ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោក ក៏ត្រូវបានតុលាការ អនុញាតឲ្យវិលត្រឡប់ទៅរស់នៅក្នុងផ្ទះរបស់លោកវិញ តែមិនត្រូវបានទម្លាក់បទចោទចេញឡើយ ហើយលោក ត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ៕
Tag:
កឹម សុខា
កឹម មនោវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com