ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី៖ ឈប់ឃុំលោក កឹម សុខា ក្នុងផ្ទះ គ្រាន់តែជាជំហានតូចមួយប៉ុណ្ណោះ
10, Nov 2019 , 10:20 pm        
រូបភាព
រូបពី AFP
រូបពី AFP
ប្រមាណ១២ម៉ោង ក្រោយតុលាការកម្ពុជា សម្រេចលុបបម្រាមមួយចំនួនចេញពីលោក កឹម សុខា លោក សម រង្ស៊ី ក៏បានបញ្ចេញមតិ។ សម្រាប់លោក សម រង្ស៊ី ការលុបបម្រាមខ្លះនេះ ហាក់មិនទាន់ល្អគ្រប់គ្រាន់នៅឡើយទេ។



លោក សម រង្ស៊ី ដែលតែងតែប្រកាសប្រាប់គេឯងថា ជាដៃគូនយោបាយស្លាប់រស់របស់លោក កឹម សុខា និងនិយមប្រើពាក្យថា សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ បានបង្ហោះសារលើបណ្តាញសង្គម Twitter នៅម៉ោងប្រមាណ១០យប់ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖«ការដោះលែងលោក កឹម សុខា ពីការឃុំខ្លួនក្នុងផ្ទះ ដោយនៅរក្សាការរឹតត្បិតជាច្រើនចំពោះលោក គឺគ្រាន់តែជាជំហានតូចមួយ ក្នុងគោលដៅឆ្ពោះទៅរកដំណោះស្រាយនៃវិបត្តិនយោបាយនៅកម្ពុជា»។

លោក សម រង្ស៊ី ដែលកំពុងស្ថិតនៅក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី បន្តថា កាយវិការវិជ្ជមានដំបូងសម្រាប់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលគួរបង្ហាញ គឺការទម្លាក់បទចោទចេញពីលោក កឹម សុខា តែម្តង មិនមែនត្រឹមតែការកែប្រែលក្ខខណ្ឌឬលុបបម្រាមខ្លះបែបនេះទេ។ អ្វីដែលលោក យល់ថា សំខាន់ទៀតនោះ គឺ ការអនុញ្ញាតឲ្យអតីតគណបក្សសង្គ្រោះជាតិ ធ្វើសកម្មភាពឡើងវិញ។

លោក សម រង្ស៊ី បានមកដល់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ លោក ប្រកាសថា គោលដៅរបស់លោក គឺប្រមូលកម្លាំងអ្នកគាំទ្រចូលមកកម្ពុជា ដើម្បីរំដោះលោក កឹម សុខា​ និងស្តារលទ្ធិប្រជាធិបតេយ្យ ហើយក៏ដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរមេដឹកនាំផងដែរ។ 

ដំបូងឡើយ លោក សម រង្ស៊ី កំណត់យកថ្ងៃទី៩​ ខែវិច្ឆិកា ដើម្បីនាំអ្នកគាំទ្រ ដើរចូលមកកម្ពុជា តាមច្រកប៉ោយប៉ែត។ តែដោយសារនាយករដ្ឋមន្រ្តីថៃ​ ពុំអនុញ្ញាតឲ្យលោកយកទឹកដីថៃ ធ្វើជាកន្លែងឈរជើង ទើបលោក ខកខានមិនបានចូលស្រុកតាមកាលកំណត់ ហើយត្រូវពន្យារពេល។ លោក មិនទាន់បញ្ជាក់ជំហរជាថ្មីទេ ថាលោក នឹងចូលស្រុកនៅថ្ងៃណា​ និងតាមមធ្យោបាយណា។ 

ការលុបបម្រាមមួយចំនួនចេញពីលោក កឹម សុខា នាពេលនេះ ត្រូវបានមជ្ឈដ្ឋានខ្លះ យល់ថា ដើម្បីកាត់បន្ថយការចាប់អារម្មណ៍លើលោក សម រង្សី ដែលកំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី និងតែងនិយាយជាដដែលៗថា លោក នឹងនាំអ្នកគាំទ្រចូលមកកម្ពុជាក្នុងពេលឆាប់ៗនេះ។ យ៉ាងណា សេចក្តីសម្រេចរបស់តុលាការ ពុំបាននិយាយដល់រឿងលោក សម រង្ស៊ី ឡើយ។

តុលាការ លើកហេតុផល៣យ៉ាង ដែលឈានដល់ការសម្រេចលុបបម្រាមខ្លះចេញពីលោក កឹម សុខា គឺទី១ ដោយសារតែមានការស្នើសុំពីក្រុមមេធាវីរបស់លោក ទី២ យល់ថា លោក មានជំងឺ ដែលត្រូវព្យាបាល និងទី៣ យល់ថា កន្លងមក លោក អនុវត្តកាតព្វកិច្ចបានល្អ តាមការកំណត់របស់តុលាការ។

សេចក្តីសម្រេចរបស់តុលាការ គឺលុបបម្រាម ដែលធ្លាប់ហាមលោក កឹម សុខា មិនឲ្យធ្វើដំណើរទៅណាឆ្ងាយពីផ្ទះ។ ការលុបបម្រាមនេះ គឺមានន័យថា លោក អាចដើរហើរបានគ្រប់កន្លែងក្នុងប្រទេសកម្ពុជា។ 

បម្រាម២ទៀត ដែលតុលាការនៅតែរក្សាទុកដដែល គឺទី១ មិនឲ្យលោក កឹម សុខា ចេញទៅក្រៅប្រទេស និង ទី២ មិនឲ្យលោក ធ្វើសកម្មភាពនយោបាយ។ លើសពីនេះ តុលាការ នៅតម្រូវឲ្យលោក អនុវត្តកាតព្វកិច្ច១ចំណុចដូចមុន គឺត្រូវឆ្លើយតបនឹងការកោះហៅ ពីព្រោះថា លោក នៅតែជាជនត្រូវចោទ ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។

លោក កឹម សុខា ខ្លួនឯងផ្ទាល់ ក៏យល់ថា មិនគ្រប់គ្រាន់ដែរ ចំពោះការលុបម្រាមមួយចំនួននះ។ លោក សរសេរលើទំព័រហ្វេសប៊ុកដូច្នេះថា៖«ក្នុងនាមជាបុគ្គលស្អាតស្អំម្នាក់ ដែលត្រូវបានរងការឃុំខ្លួនទាំងគ្មានកំហុស២ឆ្នាំមកហើយ ខ្ញុំនៅតែបន្តទាមទារឲ្យទម្លាក់បទចោទប្រកាន់មកលើរូបខ្ញុំ។ ខ្ញុំ រំពឹងថាសេចក្តីសម្រេចក្នុងថ្ងៃនេះ គឺជាជំហានទី១ ប៉ុន្តែរូបខ្ញុំ ក៏ដូចជាពលរដ្ឋខ្មែរដទៃទៀត ដែលបានបាត់បង់សិទ្ធិសេរីភាពនយោបាយ នៅតែត្រូវការដំណោះស្រាយនិងយុត្តិធម៌ពិតប្រាកដ»។

លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ច ចូលទៅចាប់ដល់គេហដ្ឋានរបស់លោក ក្នុងសង្កាត់​បឹងកក់២ ខណ្ឌទួលគោក កាលពីរំលងអធ្រាត្រថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមការសង្ស័យថា លោក លួចទៅគប់គិតជាមួយរដ្ឋាភិបាលបរទេស​ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បទល្មើសនេះ ត្រូវចាត់ទុកជាអំពើក្បត់ជាតិ។

ក្រោយចាប់ខ្លួន កម្លាំងសមត្ថកិច្ច បានដឹកលោក កឹម សុខា ទៅឃុំនៅពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃុំ (ជិតព្រំដែនវៀតណាម)។ ជាប់ឃុំនៅទីនោះបានមួយឆ្នាំ ពោលគឺ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោក ក៏ត្រូវបានតុលាការ អនុញាតឲ្យវិលត្រឡប់ទៅរស់នៅក្នុងផ្ទះរបស់លោកវិញ តែមិនត្រូវបានទម្លាក់បទចោទចេញឡើយ ហើយលោក ត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ដល់បច្ចុប្បន្ន៕ 

Tag:
 សម រង្ស៊ី
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com