នៅក្នុងភាសាខ្មែរបច្ចុប្បន្ន មានការប្រែប្រួល ដោយពាក្យខ្លះត្រូវសរសេរជាព្យាង្គរាយ មកជាព្យាង្គតម្រួតវិញ ប៉ុន្តែពាក្យខ្លះនៅតែរក្សាជាព្យាង្គរាយដដែល។ ជាក់ស្តែងពាក្យ «សំរាម» នេះមិនអាចសរសេរជា«សម្រាម»ព្យាង្គតម្រួតបានឡើយ គឺត្រូវរក្សាវាជាព្យាង្គរាយដដែល។
ក្នុងវចនានុក្រមខ្មែររបស់សម្តេច ជួន ណាត ពន្យល់លម្អិតពាក្យ«សំរាម» ជាគ្រឿងខ្ជាំ។ បើនិយាយឲ្យចំទៅ«សំរាម»ត្រូវបានគេចាត់ទុកថា ជាកាកសំណល់ ឬរបស់របរដែលគេបោះបង់ចោល។ គេច្រើនប្រើពាក្យនេះ ជាមួយនឹងពាក្យ គំនរសំរាម,សំរាមប្លាស្ទិក,បោសសំរាម ជាដើម។
«សំរាម»ជាព្យាង្គរាយ ត្រូវបានមនុស្សមួយចំនួន ច្រឡំសរសេរ«សម្រាម»ជាព្យាង្គតម្រួត ដោយសារគេសង្កេតឃើញថាពាក្យខ្លះប្តូរពីព្យាង្គរាយ មកជាព្យាង្គតម្រួតវិញ ពាក្យនោះមាន ចំលើយ, តំរូវ, សំរាប់,កំលាំង, កំពស់, ចំការ, ចំរៀង, ចំលង, តំលៃ។ល។ ត្រូវប្តូរមកជាព្យាង្គតម្រួតវិញ ចម្លើយ,តម្រូវ, សម្រាប់,កម្លាំង,កម្ពស់,ចម្ការ, ចម្រៀង,ចម្លង,តម្លៃ។ល។
ថ្វីដ្បិតពាក្យខ្លះត្រូវបានប្តូរមកសរសេរជាព្យាង្គតម្រួតក្តី ប៉ុន្តែមានពាក្យខ្លះសម្តេច ជួន ណាត មិនតម្រូវឲ្យសរសេរជាព្យាង្គតម្រួតនោះទេ ពាក្យនោះមានដូចជា ជំងឺ, ជំរុញ មិនអាចសរសេរជាព្យាង្គតម្រួត ជម្ញឺ និង ជម្រុញ បានឡើយ៕