ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រឿង​រាមកេរ្តិ៍​មាន​ឥទ្ធិពល​ខ្លាំង​ក្នុងសង្គម​ខ្មែរ ពី​រាស្ត្រ​ដល់​ព្រះមហាក្សត្រ​
26, Nov 2019 , 10:19 pm        
រូបភាព
. រូប​ចម្លាក់​នៅ​លើ​បង្អួច​បញ្ឆោត​នៃវិហារ​វត្ត​ដំរី​ស
. រូប​ចម្លាក់​នៅ​លើ​បង្អួច​បញ្ឆោត​នៃវិហារ​វត្ត​ដំរី​ស
​ភ្នំពេញ​៖ ខ្មែរ​បាន​បញ្ជ្រាប​រឿង​រាមកេរ្តិ៍ ទៅក្នុង​សិល្បៈ​គំនូរ ចម្លាក់​តាម​វត្ត​និង​ប្រាសាទ​នានា របាំ ក្នុង​ជំនឿ ក្នុង​ក្បួន​ទាយ ក្នុង​ឈ្មោះ​ក្បាច់គុន ឈ្មោះ​រុក្ខជាតិ ក្នុង​សញ្ញា​សម្គាល់​ស្ថាប័ន​ជាតិ​និង​អង្គការ ព្រមទាំង​ក្នុង​ព្រះរាជ​ពិធី​របស់​ព្រះមហាក្សត្រ​ផងដែរ​។ ទាំងនេះ​សបញ្ជាក់​ឱ្យឃើញថា រឿង​រាមកេរ្តិ៍​បាន​ជ្រាបចូល​យ៉ាងជ្រៅ​ទៅក្នុង​ជីវិត​របស់​ប្រជាជន​ខ្មែរ តាំងពី​បុរាណ​រហូតដល់​បច្ចុប្បន្ន​។


 
​ក្នុង​បាឋកថា​កាលពីពេល​កន្លងទៅ លោក ព្រាប ចាន់​ម៉ា​រ៉ា សាស្ត្រាចារ្យ​ផ្នែក​បុរាណវិទ្យា បានបង្ហាញ​ភស្តុតាង​ជាច្រើន ពី​ឥទ្ធិពល​រឿង​រាមកេរ្តិ៍​ក្នុងសង្គម​កម្ពុជា ដែល​ជ្រួតជ្រាប​ពី​ថ្នាក់​កំពូល​រហូតដល់​ប្រជារាស្ត្រ​ធម្មតា​។ 
 
​បើ​យើង​សង្កេតមើល​ទៅក្នុង​ជីវភាព​របស់​ប្រជាជន​ខ្មែរ នៅ​ភូមិ​ស្រុក​មួយចំនួន រឿង​រាមកេរ្តិ៍​ត្រូវបាន​គេ​សម្ដែង​ក្នុង​ទម្រង់​ល្ខោនខោល ដើម្បី​ថ្វាយ​អ្នកតា ក្នុង​បំណង​សុំ​ទឹកភ្លៀង​ប្រចាំឆ្នាំ សុំ​ឱ្យមាន​ភោគផល​កសិកម្ម សុំ​ឱ្យមាន​សេចក្ដីសុខ ព្រមទាំង​សម្ដែង​ក្នុង​ពិធីបុណ្យ​ផ្សេងៗ​ទៀត​។ 
 
«​ការធ្វើ​ពិធីបួងសួង​នេះ​ពិតជា​ស័ក្ដិសិទ្ធិ​ពិតប្រាកដ​មែន ដូចជា​នៅ​វត្ត​ស្វាយ​អណ្ដែត និង​នៅ​បាត់ដំបង​ជាដើម​។ នៅតាម​ភូមិ​ស្រុក​ខ្លះ​គេ​គោរព​ខ្មុក​ស្មាច់​មុខ​ហនុមាន ឬ​មុខយក្ស ជា​អ្នកតា​ថែរក្សា​ភូមិ​ស្រុក​ថែម​ទៀតផង​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ចាន់​ម៉ា​រ៉ា​។


លោក ព្រាប ចាន់ម៉ារ៉ា សាស្ត្រាចារ្យ​​មហាវិទ្យា​ល័យ​បុរាណ​វិទ្យា​​នៃ​សកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ
 
​ស្ថិតក្នុង​ជំនឿ​នេះដែរ ក្នុង​យ័ន្ត​គាថា ការចាក់​សាក់ ក្បួន​ទាយ និង​ក្បួន​មើលជំងឺ សុទ្ធតែ​បាន​រង​ឥទ្ធិពល​ពី​រឿង​រាមកេរ្តិ៍​។ មិនតែប៉ុណ្ណោះ​ក្បាច់គុន​ខ្មែរ​ខ្លះ សូម្បីតែ​ឈ្មោះ​ទូក ក៏​គេ​បាន​បញ្ជ្រាប​រឿង​រាមកេរ្តិ៍​ចូល​ដែរ​។ នេះ​បើតាម​លោក ព្រាប ចាន់​ម៉ា​រ៉ា ៖«​ឈ្មោះ​ទូក កំហែង​បារមី កំហែង​រាមា សរព្រះ​រាម​មាន​រិ​ទ្ធិ អា​វាយ​រាប​ត្បូងឃ្មុំ និង​មាន​ច្រើន​ទៀត​តែ​ខ្ញុំ​ស្រង់​មក​តែ​ប៉ុណ្ណេះ​។ ក្នុង​ពិធី​រំដោះគ្រោះ គេ​ឆ្លាក់​រូប​ព្រះរាម រូប​ហនុមាន ដាក់​ជាប់​នឹង​កន្ទោង​ផង​។ ក្នុង​ក្បួន​ទាយ​មាន ប្រជុំ​ក្បួន​ពិភេក​ហោរ៉ា ហើយ​ក្នុង​ក្បាច់គុន​មានឈ្មោះ ក្បាច់​ព្រះរាម​ផ្លែង​សរ​ជាដើម​»​។ 
 
​លោក ព្រាប ចាន់​ម៉ា​រ៉ា បញ្ជាក់បន្ថែម​៖«​សញ្ញា​សម្គាល់​កង​ខេ​រម​រៈ​ភូមិន្ទ ក្រសួងការពារជាតិ សាលាខណ្ឌ​ដូនពេញ​(​ហនុមាន​) និង​និម្មិត​សញ្ញា​របស់​សមាគម​នានា បានដាក់​រូប​តួអង្គ​ក្នុង​រឿង​រាមកេរ្ដិ៍​។ បើ​មើលទៅ​ឈ្មោះ​រុក្ខជាតិ​មានដូចជា ពុក​ព្រះរាម សុខ​ព្រះរាម លំពែងព្រះរាម ដើម​សីតា សម៉ពិភេក ម្នាស់​ឥន្ទជិត ជាដើម​»​។


 រូប​ចម្លាក់​នៅ​វិហារ​វត្ត​ដំរី​ស
 
​បើ​គេ​សង្កេត​ទៅលើ​សិល្បៈ​ចម្លាក់​វិញ នោះគេ​នឹង​ឃើញ​មាន​នៅលើ​ចម្លាក់​ទោល ចម្លាក់​តាម​វត្ត តាម​ប្រាសាទ គំនូរ​លើ​ស្បែក គំនូរ​ទំនើប គំនូរ​ផ្សាយ គំនូរ​លម្អ  គំនូរ​លើ​ចាន​សម្រាប់​ធ្វើជា​អំណោយ ឆ្លាក់​លើ​ស្ព័ន ការ​ត្បាញ​លើ​ពិ​ដាន លើ​ហូល ជាដើម​។ បើ​មើល​ទៅលើ​សិល្បៈ​ទស្សនីយភាព រឿង​រាមកេរ្តិ៍​ត្រូវបាន​យកទៅ​សម្ដែង​ក្នុង​ល្ខោនខោល ល្ខោនស្បែក​ធំ  របាំ​ព្រះរាជ​ទ្រព្យ​ឬ​របាំ​ក្បាច់​ខ្មែរ​បុរាណ និង​ការនិទាន​ផ្ទាល់មាត់​ជាដើម​។ 
 
«​យើង​មើល​គំនូរ​នៅ​ព្រះទីន័ង​ទេវាវិនិច្ឆ័យ ដែល​គូរ​នៅ​ឆ្នាំ​១៩១៧ ក៏​មានរឿង​រាមកេរ្តិ៍​។ គំនូរ​នៅ​ជុំវិញ​ព្រះមហា​ស្វេ​ត្រ​ឆត្រ ក៏​មានរឿង​រាមកេរ្តិ៍​។ របាំ​មហោស្រព​អ្វី​ផ្សេងៗ​ទៀត សុទ្ធតែ​មានរឿង​រាមកេរ្តិ៍​។ ចម្លាក់​នៅតាម​ប្រាសាទអង្គរវត្ត និង​ប្រាសាទ​ដទៃទៀត សុទ្ធតែ​បាន​គូរ​ពី​រឿង​រាមកេរ្តិ៍​។ ឥទ្ធិពល​រឿងនេះ​មាន​ច្រើន​ទៀត ដែល​ខ្ញុំ​មិនបាន​បង្ហាញ​។  ដូច្នេះ​រឿង​រាមកេរ្តិ៍​មាន​ឥទ្ធិពល​ខ្លាំងណាស់​ក្នុងសង្គម​ខ្មែរ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ចាន់ ម៉ា​រ៉ា​។


រូប​ចម្លាក់​នៅវិហារវត្ត​ដំរីស
 
​តាមរយៈ​រូបថត​អមដោយ​ប្រវត្តិ​ខ្លះៗ​បង្ហាញ​ដោយ​លោក ព្រាប ចាន់​ម៉ា​រ៉ា កាលពី​ឆ្នាំ​១៩០០(​ដើម​សតវត្សរ៍​ទី​២០) ក្នុង​ព្រះ​រាជពិធី​កេសា​ក័​ន្ត​(​កោ​ជុក​) នៃ​ព្រះរាជបុត្រ​របស់​ព្រះករុណា​សម្តេចព្រះ​នរោត្តម ព្រះ​សុវណ្ណកោដ្ឋ ឃើញ​មាន​តួអង្គ​ក្នុង​រឿង​រាមកេរ្តិ៍​ដូចជា​ហនុមាន​និង​យ​ក្យ ត្រូវបាន​អនុញ្ញាតឱ្យ​ដង្ហែ​ក្នុង​ក្បួន​នៃ​ព្រះ​រាជពិធី​។ ឆ្នាំ​១៩៦០ ក្នុង​ព្រះ​រាជពិធី​ហែ​ព្រះ​សព​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​សុរាម្រិត ព្រះមហា​កា​ញ្ច​ន​កោដ្ឋ ក៏មាន​តួអង្គ​ក្នុង​រឿង​រាមកេរ្ដិ៍​ចូលរួម​ដង្ហែ​ក្នុង​ក្បួន​ដែរ​។ ហើយ​ក្នុង​ព្រះ​រាជពិធី​គ្រងរាជ្យសម្បត្តិ ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម និង​ក្បួន​ដង្ហែ​ព្រះមហាក្សត្រ​ផ្សេងៗ​ទៀត តែងមាន​វត្តមាន​តួអង្គ​ក្នុង​រឿង​រាមកេរ្តិ៍​។​
 
​លោក ព្រាប ចាន់​ម៉ា​រ៉ា ពន្យល់​បន្ថែម​៖«​រឿង​រាមកេរ្តិ៍​មាន​ឥទ្ធិពល​ក្នុង​ព្រះរាជ​ពិធី​របស់​ព្រះមហាក្សត្រ​តាំងពី​បុរាណ​មក​។ គេ​យក​រឿង​រាមកេរ្តិ៍​ទៅ​សម្ដែង​ក្នុង​របាំ​ព្រះរាជ​ទ្រព្យ ឬ​របាំ​ក្បាច់​ខ្មែរ​បុរាណ ល្ខោនខោល និង​របាំ​បួងសួង​ជាដើម​។ មើល​តាម​រូបភាព​កាល​ឆ្នាំ​នោះ ក្បួន​ដង្ហែ​ដែលមាន​តួអង្គ​ក្នុង​រឿង​រាមកេរ្តិ៍ ហាក់ដូចជា​មានអំណាច​ខ្លាំងណាស់​»​។



 លោក​ ព្រាប ចាន់​ម៉ារ៉ា សាស្ត្រាចារ្យមហាវិទ្យា​ល័យ​បុរាណ​វិទ្យា​នៃ​សកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ
 
​សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ឯកទេស​បុរាណវិទ្យា​លោក ព្រាប ចាន់​ម៉ា​រ៉ា បាន​សំណូមពរ​ដល់​ប្រជាជន​ខ្មែរ ជួយផ្ដល់​ទីតាំង​ឬ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​វប្បធម៌​ទំនៀមទម្លាប់ កម្រៗ​ឬ​ដែល​ស្ទើរនឹង​បាត់បង់ មកកាន់​មន្ត្រី​ពាក់ព័ន្ធ​ក៏ដូចជា​អ្នកស្រាវជ្រាវ ដើម្បី​រក្សាទុក​។​
 
​លោក ចាន់​ម៉ា​រ៉ា សង្កត់ធ្ងន់​យ៉ាងនេះ​៖«​វប្បធម៌​ទំនៀមទម្លាប់​ខ្មែរ​មាន​ច្រើនណាស់ ហើយ​ដូនតា​ខំ​រក្សា​មក​អស់​រាប់ពាន់​ឆ្នាំ​បាន ចុះមក​ចង្រៃ​អ្វី​អស់​ត្រឹម​យើង​។ យើង​អាច​ចោល​សម្បក​កាយ​នេះ​បាន ប៉ុន្តែ​ប្រទេស​មិនអាច​គ្មាន​វប្បធម៌​ប្រពៃណី​បានទេ​។ ដូច្នេះ​បើ​បងប្អូន​ណា​បានដឹង​ឬ​ឃើញថា​នៅទីណា​មាន​ទំនៀមទម្លាប់​ល្អៗ សូមជួយ​ប្រាប់​មក​អ្នកស្រាវជ្រាវ ឬ​ទៅ​មន្ត្រី​ពាក់ព័ន្ធ ដើម្បីឱ្យ​គាត់​ចុះទៅ​ស្រាវជ្រាវ​យកមក​រក្សាទុក​»៕

Tag:
 រាមកេរ្តិ៍​
  អក្សរសិល្ប៍​
  ឥទ្ធិពល​
  ក្បួន​ទស្ស​ទាយ​
 ​ស្ថាប័ន​
  សង្គម​
  ឈ្មោះ​រុក្ខ​ជ​តិ​
© រក្សាសិទ្ធិដោយ thmeythmey.com