ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា កំពុង​ជួប​ទូត​បារាំង នៅក្នុង​គេហដ្ឋាន​
11, Nov 2019 , 10:45 am        
រូបភាព
 
​ភ្នំពេញ​៖ ដូច​ការគ្រោងទុក !​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជួប​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ នៅ​គេហដ្ឋាន​ខ្លួន នា​ព្រឹក​ថ្ងៃទី​១១ វិច្ឆិកា​នេះ​។​


​មន្ត្រី​ផ្ដល់ព័ត៌មាន​ម្នាក់​របស់លោក កឹម សុខា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ជំនួប​លោក កឹម សុខា និង​អង្គទូត​បរទេស​នៅ​កម្ពុជា គ្រាន់តែ​ជា​ជំនួប​សួរសុខទុក្ខ​ធម្មតា ក្រោយ​លោក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ និង​ក្នុងផ្ទះ​អស់​ជាង​២​ឆ្នាំ​មកនេះ​។ 
 

​ងាក​មក​ខាងមុខផ្ទះ​លោក កឹម សុខា ឯណេះ​វិញ គេ​សង្កេតឃើញថា អ្នកកាសែត​មកពី​បណ្ដា​ស្ថាប័ន​នានា កំពុង​ឈរ​ត្រៀបត្រា ដើម្បី​រង់ចាំ​ប្រមាញ់​រូបភាព នៃ​ជំនួប​ដំបូង​របស់លោក កឹម សុខា ជាមួយ​ទូត​បរទេស​នៅ​កម្ពុជា​នេះ ក្រោយ​ជាប់ឃុំ​ខ្លួន​ក្នុងផ្ទះ ដោយសារ​បណ្ដឹង​រដ្ឋាភិបាល​នេះ​។ មន្ត្រី​ជំនិត​លោក កឹម សុខា ក៏​មិន​ច្បាស់​ថា លោក កឹម សុខា អាច​ផ្ដល់​កិច្ច​សម្ភាស​ដល់​អ្នកកាសែត ឬ​យ៉ាងណា​នោះទេ​?
 
​លោក កឹម សុខា ត្រូវ​ជួប​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា នៅ​ម៉ោង ១០: ៣០​ព្រឹក ។ ចំណែក​ឯកអគ្គរដ្ឋទូត​នៃ​សហរដ្ឋអាមេរិក នឹងត្រូវ​ជួប​លោក កឹម សុខា នៅ​ម៉ោង ២:៣០​រសៀល ថ្ងៃ​ដដែល​នេះ​។ លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កែប្រែ​លក្ខខណ្ឌ​ខ្លះ ដោយ​សម្រេច​ឱ្យ​លោក​ដើរទៅ​ទីណា​ក៏បាន នៅក្នុង​ប្រទេស​កម្ពុជា លើកលែងតែ​ចេញទៅ​ក្រៅប្រទេស ។ ដ្បិត​អាច​ដើរ​គ្រប់​ទីកន្លែង​បាន​មែន ប៉ុន្តែ​លោក កឹម សុខា នៅ​គ្មាន​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ដដែល​។ ជាពិសេស​លោក កឹម សុខា ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​របស់​សមត្ថកិច្ច​គ្រប់ពេល ដោយសារ​នៅតែ​ស្ថិតនៅក្នុង​ការតាមដាន​របស់​តុលាការ​៕

Tag:
 កឹម សុខា​
  នយោបាយ​
  កាសែត​
© រក្សាសិទ្ធិដោយ thmeythmey.com