ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទូត​បារាំង សង្ឃឹមថា លោក កឹម សុខា នឹង​ទទួលបាន​នីតិសម្បទា​វិញ ក្រោយ​ឃើញ​កាយវិការ​វិជ្ជមាន​រប​ស់​តុលាការ​
11, Nov 2019 , 1:35 pm        
រូបភាព
រូបពីហ្វេសប៊ុកស្ថានទូតបារាំង៖ លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ជួបលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅគេហដ្ឋានលោក នាព្រឹកថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០១៩
រូបពីហ្វេសប៊ុកស្ថានទូតបារាំង៖ លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ជួបលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅគេហដ្ឋានលោក នាព្រឹកថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០១៩
​ភ្នំពេញ​៖ ទូត​បារាំង សង្ឃឹមថា លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួលបាន​នីតិសម្បទា​នយោបាយ​ឡើងវិញ ក្រោយពី​តុលាការ​សម្រួល​លក្ខខណ្ឌ​ផ្លូវច្បាប់​ខ្លះ ដល់​លោក កឹម សុខា​។​ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា លោកស្រី  អេ​វ៉ា ង្វៀន ប៊ិ​ញ បាន​ជួប​សួរសុខទុក្ខ​លោក កឹម សុខា នៅក្នុង​គេហដ្ឋាន នា​ព្រឹក​ថ្ងៃទី​១១ វិច្ឆិកា​នេះ​។​

 
​លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ មិនបាន​អត្ថាធិប្បាយ​អ្វី​ឡើយ ក្រោយ​ជំនួប​ជាមួយ​លោក កឹម សុខា បើទោះជា​អ្នកកាសែត​ព្យាយាម​សួរ​យ៉ាងណាក៏ដោយ​។ មិនបាន​ឆ្លើយតប​អ្នកកាសែត​ពិតមែន ប៉ុន្តែ​ឯកអគ្គ​ទូត​បារាំង​រូបនេះ បាន​បរិយាយ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត ដោយ​សង្ឃឹមថា លោក កឹម សុខា នឹង​អាចធ្វើ​នយោបាយ​ឡើងវិញ​នាពេលខាងមុខ​។​
 
​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត​បារាំង បាន​សរសេរ​ដូច្នេះ​ថា​៖«​សាលាដំបូង​រាជធានី​ភ្នំពេញ​បានប្រកាស​នៅ​ថ្ងៃអាទិត្យ ទី​១០ ខែវិច្ឆិកា ពី​ការបន្ធូរបន្ថយ​ល័ក្ខខ័ណ្ឌ​នៃ​ការដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ចំពោះ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា​ដែល​ត្រូវបាន​រំលាយ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧​។ អំណឹះតទៅ លោក​មាន​សេរីភាព​ក្នុងការ​ធ្វើដំណើរ​គ្រប់​ទីកន្លែង​ក្នុងប្រទេស​កម្ពុជា​។ នេះ​គឺជា​កាយវិការ​វិជ្ជមាន​មួយ​។ ប្រទេស​បារាំង​សង្ឃឹមថា លោក​កឹម សុខា​នឹង​ទទួលបាន​នីតិសម្បទា​ឡើងវិញ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​»​។​
 
 
​ដោយឡែក​លោក កឹម សុខា ក៏បាន​ថ្លែង​អរគុណ​លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ ចំពោះ​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​បារាំង ដែល​បាន​ជួយ​ជ្រោមជ្រែង ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាពិសេស​ការជួយ​រក​យុត្តិធម៌​សម្រាប់​លោក​ជាដើម​។ នេះ​ជាការ​បញ្ជាក់​របស់លោក មុត ចន្ថា មនុស្ស​ស្និទ​លោក កឹម សុខា ដែល​បាន​ប្រាប់​អ្នកសារព័ត៌មាន​។​
 
​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កែប្រែ​លក្ខខណ្ឌ​ខ្លះ ដោយ​សម្រេច​ឱ្យ​លោក​ដើរទៅ​ទីណា​ក៏បាន នៅក្នុង​ប្រទេស​កម្ពុជា លើកលែងតែ​ចេញទៅ​ក្រៅប្រទេស ។ ដ្បិត​អាច​ដើរ​គ្រប់​ទីកន្លែង​បាន​មែន ប៉ុន្តែ​លោក កឹម សុខា នៅ​គ្មាន​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ដដែល​។ ជាពិសេស​លោក កឹម សុខា ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​របស់​សមត្ថកិច្ច​គ្រប់ពេល ដោយសារ​នៅតែ​ស្ថិតនៅក្នុង​ការតាមដាន​របស់​តុលាការ​៕

Tag:
 កឹម សុខា​
  នយោបាយ​
  តុលាការ​
  បារាំង​
© រក្សាសិទ្ធិដោយ thmeythmey.com