«​មួក​ស្លឹកត្នោត​» ដែល​លក់​ក្នុង​ពិធីបុណ្យ​អុំទូក​នាំមក​ពី​ភ្នំ​ឧដុង្គ​
ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
«​មួក​ស្លឹកត្នោត​» ដែល​លក់​ក្នុង​ពិធីបុណ្យ​អុំទូក​នាំមក​ពី​ភ្នំ​ឧដុង្គ​
11, Nov 2019 , 3:53 pm        
រូបភាព
​ភ្នំពេញ​៖ នៅក្នុង​ពិធីបុណ្យ​អុំទូក​នេះ គេ​សង្កេតឃើញថា ក្រៅពី​មាន​វត្តមាន​អ្នកដើរ​កម្សាន្ត​ច្រើន​កុះករ ហើយក៏​មានការ​ដាក់តាំង​លក់ទំនិញ​ជាច្រើន​រយ​មុខ ក្នុងនោះ​ក៏មាន​អ្នកដើរ​លក់​មួក​ស្លឹកត្នោត​ផងដែរ​។ មួក​ស្លឹកត្នោត​ទាំងនោះ ផលិត​ដោយ​ស្នាដៃ​កូន​ខ្មែរ ពិសេស ​ជា​ប្រជាពលរដ្ឋ​ដែល​ប្រក​មុខរបរ​នេះ​ច្រើន​ឆ្នាំ និង​ភាគច្រើនបំផុត​ជា​អ្នក​ដែល​រស់នៅ​ក្បែរភ្នំ​ឧដុង្គ នៃស្រុក​ពញាឮ​ ខេត្តកណ្តាល និងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ​។ នៅពេល​មាន​បុណ្យទាន​ធំៗ ពិសេស​បុណ្យអុំទូកនេះ អ្នកលក់​មួក​ស្លឹកត្នោត​ទាំង​អ្នកថ្មី និង​អ្នក​ចាស់ តែងតែ​នាំ​មួក​ពីអ្នក​បោះ​ដុំ​ដែលរស់​នៅក្ប​ភ្នំ​ឧដុង្គ មក​លក់​នៅ​រាជធានី​ភ្នំពេញ​។​


សូមអញ្ជើញទស្សានវីដេអូខាងក្រោមនេះ ដូចតទៅ៖ 

 
 
​អ្នកស្រី ជ័យ សុខ​ណេ​ម មាន​អាយុ​២៤​ឆ្នាំ ជា​អ្នក​រស់​ស្រុក​ពញាឮ​នៃ​ខេត្តកណ្តាល ក្បែរ​ភ្នំ​ឧដុង្គ បាន​នាំ​មួក​ពី​អ្នក​បោះ​ដុំ​នៅ​ភ្នំ​ឧដុង្គ ចំនួន​ប្រមាណ​៧០០​មួក មក​លក់​នៅ​ពិធី​បុណ្យអុំទូក ជាមួយ​ស្វាមី​របស់​អ្នកស្រី​។ «​អ្នក​នៅ​ឧដុង្គ​តែង​មក​លក់​មួក​នៅពេល​មានបុណ្យ​ជាតិ​»​។ អ្នកស្រី សុខ​ណេ​ម ដែល​កំពុង​ដើរ​លក់​មួក​ស្លឹក​ត្នោត​នៅលើ​សួន​ជាប់មាត់​ទន្លេ​ត្រើយ​ខាងលិច ក្បែរ​ផ្សារ​រាត្រី បានបញ្ជាក់​បែបនេះ  មុននឹង​អ្នកស្រី​បន្ថែមថា ឆ្នាំនេះ​មិន​សង្ឃឹម​លក់ដាច់​ដូច​ឆ្នាំមុន​ឡើយ ព្រោះ​ពុំ​សូវ​មាន​មនុស្ស​មកលេង​ដូច​ឆ្នាំមុន ដែល​អ្នកស្រី​អាច​លក់​មួក​ស្លឹ​ក​ត្នោត​បាន​រហូតដល់​ទៅ​៨០០​មួក​។​
 
​ផ្ទុយ​ពី​អ្នកស្រី សុខ​ណេ​ម លោក ប៉ែន ស៊ី​សុវណ្ណារ៉ា ដែល​ចាប់ផ្តើម​លក់​មួក​នៅ​ម៉ោង​ប្រមាណ​៩​ទៅ​១០​ព្រឹក នៅមុខ​សួន​ជាប់មាត់​ទន្លេ​ត្រើយ​ខាងលិច បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ នៅ​ព្រឹក​ថ្ងៃទី​១០ វិច្ឆិកា ឆ្នាំ​២០១៩ ថា​៖«​មួក​អាច​លក់ដាច់​ជាង​ឆ្នាំមុន ព្រោះ​មាន​ភ្ញៀវ​គាំទ្រ​ផលិតផល​ខ្មែរ​ច្រើន​។ ឆ្នាំ​ហ្នឹង ខ្ញុំ​ជឿជាក់ថា នឹង​លក់​អស់​ត្រឹមតែ​២​ថ្ងៃ​»​។ បុរស​សម្បុរ​ស្រអែម​ពាក់មួក​ស្លឹក​ត្នោត​និង​កំពុង​ដើរ​លក់​មួក​ដែលមាន​ជំនឿ​ង​យ៉ាង​ដូច្នេះ ដោយ​កាលពី​ឆ្នាំមុន​លោក លក់​មួក​ស្លឹក​ត្នោត​នេះ​អាស់​រហូតដល់​ទៅ​៥០០​មួក​។ មួក​ស្លឹ​ក​ត្នោត​ដែលមាន​បិត​រូប​ទង់ជាតិ​កម្ពុជា​ផង​នោះ ត្រូវបាន​លោក ស៊ី​សុវណ្ណារ៉ា យក​ពី​ជីដូន​ដែល​រស់នៅ​ស្រុក​ឧដុង្គ ក្បែរ​ភ្នំ​ឧដុង្គ ជា​អ្នក​ត្បាញ​ដោយ​ផ្ទាល់ដៃ​។​
 
​អ្នកស្រី ឈួន លាភ ដែល​បាន​នាំ​មួក​ពី​ឧដុង្គ​ចំនួន​៤០០​មួក មក​លក់​នៅ​ភ្នំពេញ ក្នុង​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៩​នេះ បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ ទាំង​ទឹកមុខ​រីករាយ ថា​៖«​មួយ​ព្រឹក​នេះ ខ្ញុំ​លក់បាន​៤០​មួក​ហើយ ខ្ញុំ​សង្ឃឹមថា អាច​លក់​មួក​នេះ​អស់​។ ខ្ញុំ​មិន​បារ​ម្ម​ថា ខ្លាច​លស់​ទេ បើ​លក់​មិន​ដាច់ គឺ​បោះ​ឲ្យ​ម៉ូយ​បន្តទៀត​»​។​
 
​ស្កាត់​ពី​ខេត្តពោធិ៍សាត់ ដើម្បី​មក​ទស្សនាការ​ប្រណាំងទូក​នៅ​រាជធានី​ភ្នំពេញ យុវជន ភឿន វណ្ណា បាន​ទិញ​មួក​ស្លឹកត្នោត ពាក់​ការពារ​កម្តៅថ្ងៃ​។ វណ្ណា បង្ហាញ​អារម្មណ៍​ថា​៖«​ខ្ញុំ​ស្រលាញ់​មួក​ស្លឹកត្នោត​ខ្មែរ ព្រោះ​ត្រជាក់ ហើយ​មានតម្លៃ​សមរម្យ​»​។ លោក​បន្តថា ចង់​ឲ្យ​យុវជន​ផ្សេងទៀត​ពាក់មួក​នេះដែរ ដើម្បី​លើកស្ទួយ​ផលិតផល​ខ្មែរ​។​
 
«​ខ្ញុំ​ចាប់អារម្មណ៍​និង​ស្រលាញ់​រូប​ទង់ជាតិ ដែលមាន​នៅលើ​មួក​ស្លឹកត្នោត​នេះ​»​។ នេះ​ជាការ​លើកឡើង​របស់​យុវជន តេ សុខសាន្ត រស់នៅ​រាជធានី​ភ្នំពេញ ដែល​បានមក​ចូលរួម​ពិធីបុណ្យ​អុំទូក​នៅ​ថ្ងៃទី​១ ត្រូវ​នឹង​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ព្រមទាំង​បាន​ទិញ​មួក​ស្លឹកត្នោត​នេះ​។ ក្រៅពី​ស្រលាញ់ សុខសាន្ត ក៏បានផ្តល់​តម្លៃ​ដល់​មួក​ស្លឹកត្នោត​ដែលជា​ផលិតផល​អត្តសញ្ញាណរ​បស់​ខ្មែរ​មួយ​នេះ​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com