ជាតិ
២៥ខេត្ត/រាជធានី
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា​៖ «​ខ្ញុំ​ចូលចិត្ត​អ្នកសារព័ត៌មាន ប៉ុន្តែ​ជា​អកុសល គេ​ហាម​ខ្ញុំ​ធ្វើ​នយោបាយ​»
11, Nov 2019 , 4:31 pm        
រូបភាព
 ភ្នំពេញ​៖ ជំនួប​រយៈពេល​ជាង​១​ម៉ោង រវាង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បានបញ្ចប់​នៅ​ម៉ោង​៤ រសៀល​ថ្ងៃទី​១១ វិច្ឆិកា​នេះ​។ ដើរ​ចេញពី​ក្នុង​គេហដ្ឋាន ទាំង​ទឹកមុខ​ញញឹម​រីករាយ ប៉ុន្តែ​លោក កឹម សុខា មិន​ហ៊ាន​ឆ្លើយ​នឹង​សំនួរ​របស់​អ្នកសារព័ត៌មាន​ឡើយ​។​


«​ទម្លាប់​ខ្ញុំ ខ្ញុំ​ចូលចិត្ត​អ្នកសារព័ត៌មាន​។ ខ្ញុំ​ចូលចិត្ត​ជួប​ប្រជាពលរដ្ឋ ប៉ុន្តែ​ជា​អកុសល​គួរឱ្យ​សោកស្ដាយ ដោយសារ​គេ​ហាម​ខ្ញុំ​មិនឱ្យ​ធ្វើ​នយោបាយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក កឹម សុខា ដែល​មិនដឹង​ច្បាស់​ពី​ការកំណត់​លក្ខខណ្ឌ​រប​ស់​តុលាការ ក្នុង​ការហាម​លោក​មិនឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​នេះ​។​
 
​លោក កឹម សុខា ដែល​សុំ​ការយោគយល់​ពី​អ្នកកាសែត ចំពោះ​ការមិន​ឆ្លើយតប​រាល់​សំនួរ​នានា នៅ​ថ្ងៃទី​១១ វិច្ឆិកា​នេះ បាននិយាយដូច្នេះ​ថា​៖«​គេ​ហាម​ខ្ញុំ​មិនឱ្យ​ធ្វើ​នយោបាយ មិនឱ្យ​និយាយ​រឿង​នយោបាយ ហើយ​ខ្ញុំ​មិនដឹង​ភាសា​អ្វី ដែលថា​មិនមែន​រឿង​នយោបាយ​ទេ​។ ខ្ញុំ​អត់​ទាន់​ដឹង​ទេ​។ ពីព្រោះ​កាលណា​យើង​និយាយ​ទៅ (​យើង​អត់​ដឹង​)​គេ​កំណត់​ប៉ុណ្ណា ដូច្នេះ​ខ្ញុំ​អត់​ទាន់​ច្បាស់ដែរ។ ដូច្នេះ​ខ្ញុំ​សុំ​អា​ធ្យា​ស្រ័យ​ពី​អ្នកសារព័ត៌មាន​ទាំងអស់ ដោយ​ខ្ញុំ​មិនអាច​និយាយ​ឆ្លើយឆ្លង​គ្នា​បាន​»​។​
 
​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កែប្រែ​លក្ខខណ្ឌ​ខ្លះ ដោយ​សម្រេច​ឱ្យ​លោក​ដើរទៅ​ទីណា​ក៏បាន នៅក្នុង​ប្រទេស​កម្ពុជា លើកលែងតែ​ចេញទៅ​ក្រៅប្រទេស ។ ដ្បិត​អាច​ដើរ​គ្រប់​ទីកន្លែង​បាន​មែន ប៉ុន្តែ​លោក កឹម សុខា នៅ​គ្មាន​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ដដែល​។ ជាពិសេស​លោក កឹម សុខា ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​របស់​សមត្ថកិច្ច​គ្រប់ពេល ដោយសារ​នៅតែ​ស្ថិតនៅក្នុង​ការតាមដាន​របស់​តុលាការ​៕

Tag:
 កឹម សុខា​
  នយោបាយ​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com