វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ការកើតឡើង​និង​ការបរាជ័យ​នៃ​យន្តហោះ​ដើរ​ដោយ​នុយក្លេអ៊ែរ​
11, Nov 2019 , 10:19 pm        
រូបភាព
ភាពជឿនលឿន​នៃ​បច្ចេកវិទ្យា​ហោះហើរ​បាន​កែប្រែ​មុខមាត់​នៃ​សង្គ្រាមលោកលើកទី​២ ដែល​បាន​កើតឡើង​នៅ​ចន្លោះ​ឆ្នាំ​១៩៣៩ និង​ឆ្នាំ​១៩៤៥ ជាពិសេស​នៅតាម​តំបន់​ប៉ែក​អឺរ៉ុប និង​សមុទ្រ​ប៉ាស៊ីហ្វិក​។ ប៉ុន្តែ សមត្ថភាព​របស់​យន្ត​ហោះ​ដែលមាន​លក្ខណៈ​ជឿនលឿន​នៅក្នុង​ពេលនោះ នៅតែ​ត្រូវបាន​កំណត់ដោយ​បរិមាណ​ថាមពល​ដែល​វា​មាន និង​រយៈ​ចម្ងាយ​ដែល​វា​អាច​ហោះហើរ​ទៅ និង​មកវិញ​ដោយ​សុវត្ថិភាព​បាន​។ ដោយ​ពឹង​ផ្នែក​លើ​សាំង​តែមួយ​មុខ យន្តហោះ​ទាមទារ​ការចុះ​ចត​ញឹកញាប់​ដើម្បី​ហោះហើរ​ទៅមុខ​បន្ថែម​។ ហេតុ​ដូចនេះហើយ ទើប​ការពិសោធន៍​អំពី​យន្តហោះ​ដើរ​ដោយ​ថាមពលអាតូមិច ឬ​ថាមពលនុយក្លេអ៊ែរ​បានកកើតឡើង​។

 
​យោងតាម​ការបកស្រាយ​ពី​គេហទំព័រ Mental Floss នៅក្នុង​អំឡុង​ឆ្នាំ​១៩៥១ គណៈកម្មាការ​ថាមពល​អា​តូ​មិច ឬ «Atomic Energy Commission» នៃ​សហរដ្ឋអាមេរិក​បានទាមទា​រ​ឲ្យ​មានការ​សាកល្បង​ផលិត​យន្តហោះ​ដែល​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ដំបូង​គេ ដោយ​កែប្រែ​យន្តហោះ​ដែល​បាន​ផលិត​រួចហើយ​មាន​ឈ្មោះថា B-36 ទៅជា NB-36 វិញ ជាមួយនឹង​ការបំពាក់​ឧបករណ៍​ពិសេសៗ​ផ្សេងៗ​ទៀត​។ 
 
​នៅក្នុង​ឆ្នាំ​១៩៥៥ យន្តហោះ NB-36 ឬ​ហៅ​ក្រៅ​ថា​«The Crusader»​ត្រូវបាន​ដាក់​ឲ្យ​ហោះហើរ​ជា​លក្ខណៈ​ពិសោធន៍​ជាមុនសិន ក៏ប៉ុន្តែ​ម៉ាស៊ីន​ដែល​ផ្ទុក និង​ប​ម្លែ​ង​ថាមពលនុយក្លេអ៊ែរ​នោះ​មិនទាន់​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ផ្ទេរ​ថាមពល​ទាំងស្រុង​ទៅកាន់​យន្តហោះ​នៅឡើយ​ទេ​។ ការហោះហើរ​សាកល្បង​នេះ​ត្រូវបាន​គេ​ធ្វើឡើង​ចំនួន​៤៧​ដង ជាពិសេស​ពីរ​ដ្ឋ​ម៉ិច​សិច​ថ្មី ឬ​កាន់​រដ្ឋ​តិច​សាស់​។ ក្រោយមក ទើប​ម៉ាស៊ីន​នុយក្លេអ៊ែរ​ត្រូវបាន​គេ​ដាក់​ឲ្យ​ដំណើរការ​ជា​អ្នក​ផ្ទេរ​ថាមពល​ទៅកាន់​យន្តហោះ​។ 
 
​គួរ​ឲ្យ​បញ្ជាក់​ផងដែរ​ថា កាលពី​ពេលនោះ ចំណេះដឹង​អំពី​ថាមពលនុយក្លេអ៊ែរ​នៅមានកម្រិត​នៅឡើយ​។ ការធ្វើ​តេស្ត​សាកល្បង​ទាំងនោះ​គឺ​ដើម្បី​ដឹងថា តើ​យន្តហោះ​ដែលមាន​ផ្ទុក​ម៉ាស៊ីន​នុយក្លេអ៊ែរ​អាច​ហោះហើរ​ធម្មតា​ដូច​យន្តហោះ​ទូទៅ​ដែរឬទេ​។ ម្យ៉ាងវិញទៀត តើ​របាំង​ការពារ​នៅលើ​យន្តហោះ​នេះ អាច​ការពារ​ពី​លុត​ពី​សារធាតុ​វិទ្យុសកម្ម​បាន​ដូចគ្នា​ដែរឬទេ​។ នេះ​ជាការ​ពិសោធ​មួយ​ដែលមាន​ហានិភ័យ​ច្រើនណាស់​។ កងទ័ព​ម៉ា​រី​នក​តែង​ធ្វើដំណើរ​ជាមួយនឹង​យន្តហោះ​សាកល្បង​នេះ​ជា​ញឹកញាប់​ក្នុងការ​រក្សា​នូវ​សុ​វត្តិភាព នៅពេល​មានរឿង​អ្វី​មិនល្អ​កើតឡើង​។ 
 
​មាន​ស្ថាប័ន​ធំៗ​ចំនួន​ពីរ​ដែល​បាន​ចុះ​កុងត្រា​ក្នុង​ការផលិត​ម៉ាស៊ីន​យន្តហោះ​ដំណើរការ​ដោយ​ថាមពលនុយក្លេអ៊ែរ​។ ក្នុងនោះ​មានដូចជា General Electric និង Pratt & Whitney ។ ចំពោះ General Electric ម៉ាស៊ីន​រ៉េ​អា​កទ័​របស់​ពួកគេ​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការផលិត តែមាន​អត្រា​បំពុលបរិស្ថាន​ច្រើន ជាមួយនឹង​ការ​រចនា​របស់​វា​។ គួរបញ្ជាក់​ផងដែរ​ថា ការបំពុល​នេះ ជាការ​បំពុល​បែប​វិទ្យុសកម្ម ដែលមាន​ភាពគ្រោះថ្នាក់​ខ្លាំងណាស់​។  ចំណែកឯ Pratt & Whitney ការ​រចនា​ម៉ាស៊ីន​រ៉េ​អា​កទ័រ​របស់​ពួកគេ​មាន​លក្ខណៈ​លំបាក តែមាន​សុ​វត្តិភាព​ច្រើនជាង​។ 
 
​មក​ត្រឹម​ឆ្នាំ​១៩៥៨ កាសែត Aviation Week បាន​ចុះផ្សាយ​អំពី​ភាពជោគជ័យ​នៃ​សហភាពសូវៀត​នៅក្នុង​ការផលិត​យន្តហោះ​ដើរ​ដោយ​នុយក្លេអ៊ែរ ជាមួយនឹង​ការហោះហើរ​ដោយ​ជោគជ័យ​រហូត​ទៅដល់​ចំនួន​ជាង​៤០​ដង​។ ដោយ​ឃើញ​ដូចនេះ សហរដ្ឋអាមេរិក​បាន​វិនិយោគ​កាន់តែ​ច្រើនឡើង​ជាមួយនឹង​រឿងនេះ​។ អតីត​ប្រធានាធិបតី​អាមេរិក​លោក Dwight D. Eisenhower បាន​មាន​មន្ទិលសង្ស័យ​ជាមួយនឹង​ភាពជោគជ័យ​របស់​សហ​ភាព​សូ​វៀត តែ​ក្នុងពេល​តែមួយ លោក​ក៏​ចង់​ឲ្យ​សហរដ្ឋអាមេរិក​ទទួល​ជោគជ័យ​នៅក្នុង​ការស្រាវជ្រាវ​នេះ​ផងដែរ​។ នៅក្នុង​អាណត្តិ​លោក​អតីត​ប្រធានាធិបតី John F. Kennedy លោក​បាន​ចុះហត្ថលេខា​សម្រេច​លុបចោល​ការពិសោធន៍​មួយ​នេះ ដោយ​ដឹងថា សហភាពសូវៀត​បា​នប​ញ្ចេ​ញ​ព័ត៌មាន​ក្លែងក្លាយ​អំពី​ការពិសោធន៍​របស់​ពួកគេ ទៅលើ​យន្តហោះ​នុយក្លេអ៊ែរ​នេះ​។ 
 
​នៅក្នុង​ឆ្នាំ​១៩៩០ នៅពេលដែល​សហភាពសូវៀត​ត្រូវបាន​ដួលរលំ គេ​បាន​រកឃើញថា​សូ​វៀត​ពិតជា​បានធ្វើ​ការងារ​ទៅលើ​យន្តហោះ​នុយក្លេអ៊ែរ​ពិតមែន តែ​មិន​មែនមាន​លក្ខណៈ​ប្រសើរ​តាមតែ​គេ​បាន​និយាយ​ពីមុន​នោះឡើយ​។ បញ្ហា​ចំបង​គឺ​នៅត្រង់​ការ ដើម្បី​ការពារ​ពី​លុត និង​អ្នកដំណើរ​ពី​សារធាតុ​វិទ្យុសកម្ម អ្នក​វិស្វករ​ត្រូវការ​របាំង​យ៉ាង​ធំ និង​ក្រាស់​ដើម្បី​ធានា​នូវ​សុ​វត្តិភាព​។ តែ​របាំង​បែបនេះ​មាន​លក្ខណៈ​ធំ និង​ធ្ងន់​ខ្លាំងពេក ដែល​មិន​អាចធ្វើ​ឲ្យ​យន្តហោះ​ហោះ​ចេញពី​ដី​បាន​ដោយ​ងាយស្រួល​។ ចំពោះ​យន្តហោះ​នុយក្លេអ៊ែរ​របស់​សូ​វៀត គេ​មិនមាន​ផលិត​របាំង​ដែលមាន​សុ​វត្តិភាព​ល្អ​នោះឡើយ​។ បី​ឆ្នាំ​ក្រោយពី​តេស្ត​សាកល្បង​អ្នកបើកបរ​របស់​សហ​ភាព​សូ​វៀតបាន​ស្លាប់​ដោយសារតែ​ការទទួល​បរិមាណ​វិទ្យុសកម្ម​ច្រើនពេក​។​ថាមពលនុយក្លេអ៊ែរ​ពិតជា​ផ្តល់​ថាមពល​ខ្លាំងក្លា​ក្នុង​បរិមាណ​មួយ​តិច​ក៏ពិតមែន តែបើ​និយាយ​ពី​សុ​វត្តិភាព​វិញ មធ្យោបាយ​មួយបែប​នេះ​មិនអាច​ធានា​ឲ្យ​មាន​ច្បាស់លាស់​១០០​ភាគរយ​នោះទេ​៕

© រក្សាសិទ្ធិដោយ thmeythmey.com