ជាតិ
សេដ្ឋកិច្ច
ពន្ធដាររំលឹកឲ្យម្ចាស់យានយន្ត រួសរាន់បង់ពន្ធឲ្យបានត្រឹមខែវិច្ឆិកានេះ
×
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានរំលឹកជាលើកទី២ ចំពោះការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះប្រចាំឆ្នាំ២០១៩ ដែលអនុវត្តដល់ថ្ងៃទី៣០ខែវិច្ឆិកា។ គួរបញ្ជាក់ថា កាលពីខែកញ្ញា អគ្គនាយកដ្ឋានពន្ធដារ បានរំលឹកពីការបង់ពន្ធនេះម្ដងរួចមកហើយ។
អគ្គនាយកដ្ឋានពន្ធដារ បានក្រឿនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចពន្ធ ត្រូវរួសរាន់មកប្រកាសបង់ពន្ធឲ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៩ នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ធនាគារអេស៊ីលីដា ធនាគារកម្ពុជាសាធារណៈ ធនាគារវឌ្ឍនៈជាដើម ដើម្បីចៀសវាងការកកស្ទះនៅថ្ងៃជិតផុតកំណត់ដែលអាចនាំឲ្យកើតមានបាតុភូតអសកម្មដោយប្រកាណាមួយ។
ពន្ធដារបានព្រមានពីទោសទណ្ឌចំពោះការខកខានបង់ពន្ធ។ សេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ដូច្នេះថា៖«ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ ម្ចាស់យានយន្តនឹងត្រូវទទួលរងទោសទណ្ឌតាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីការបិទបញ្ចប់ប្រមូលពន្ធ»៕
© រក្សាសិទ្ធិដោយ thmeythmey.com