ជាតិ
នយោបាយជាតិ
ទូតអាមេរិក ចង់ឃើញលោក កឹម សុខា មានសេរីភាពពេញលេញ
× ភ្នំពេញ៖ អាមេរិក ចង់ឃើញលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ មានសេរីភាពពេញលេញ។ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានលើកឡើងបែបនេះ ចំពោះមុខអ្នកកាសែត ក្រោយជំនួបលោក កឹម សុខា នៅថ្ងៃទី១១ វិច្ឆិកា។
ដើរចេញព្រមគ្នាពីក្នុងគេហដ្ឋាន ក្រោយបញ្ចប់ការសួរសុខទុក្ខគ្នា ជាង១ម៉ោងនោះ លោក កឹម សុខា បានបដិសេធឆ្លើយសំនួរអ្នកសារព័ត៌មាន ដោយសារជាប់បម្រាមតុលាការ ហាមមិនឱ្យធ្វើសកម្មភាពនយោបាយ។ លោក កឹម សុខា សុំបង្វែរសំនួរទៅលោកទូតអាមេរិកវិញ ។
ដោយមិនអល់អែកលោក W. Patrick Murphy បានបកស្រាយប្រមាណ២នាទី ពីបំណងរបស់លោកក្នុងនាមរដ្ឋាភិបាលអាមេរិក។ បំណងរបស់លោក Murphy គឺចង់ឃើញលោក កឹម សុខា មានសេរីភាពពេញលេញ និងស្នើឱ្យទម្លាក់បទចោទប្រកាន់លើប្រធានអតីតបក្សប្រឆាំងរូបនេះ ។ ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតអាមេរិក ក៏ស្នើឱ្យលើកលែងការចោទប្រកាន់នានា លើសមាជិកគណបក្សនយោបាយទាំងក្នុង និងក្រៅប្រទេស រួមទាំងមន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន ដែលជាប់ចោទកន្លងមកផងដែរ។
«ខ្ញុំចង់ឃើញពួកគេមានសេរីភាពឡើងវិញ»។ នេះជាការលើកឡើងរបស់លោក Murphy ដែលចង់ឃើញពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា កាន់តែរឹងមាំថែមទៀត។
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកែប្រែលក្ខខណ្ឌខ្លះ ដោយសម្រេចឱ្យលោកដើរទៅទីណាក៏បាន នៅក្នុងប្រទេសកម្ពុជា លើកលែងតែចេញទៅក្រៅប្រទេស ។ ដ្បិតអាចដើរគ្រប់ទីកន្លែងបានមែន ប៉ុន្តែលោក កឹម សុខា នៅគ្មានសិទ្ធិធ្វើសកម្មភាពនយោបាយដដែល។ ជាពិសេសលោក កឹម សុខា ត្រូវឆ្លើយតបនឹងការកោះហៅរបស់សមត្ថកិច្ចគ្រប់ពេល ដោយសារនៅតែស្ថិតនៅក្នុងការតាមដានរបស់តុលាការ។
លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ច ចូលទៅចាប់ដល់គេហដ្ឋានរបស់លោក ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី២អធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមការសង្ស័យថា លោក លួចទៅគប់គិតជាមួយរដ្ឋាភិបាលបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បទល្មើសនេះ ត្រូវចាត់ទុកជាអំពើក្បត់ជាតិ។
ក្រោយចាប់ខ្លួន កម្លាំងសមត្ថកិច្ច បានដឹកលោក កឹម សុខា ទៅឃុំនៅពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃុំ (ជិតព្រំដែនវៀតណាម)។ ជាប់ឃុំនៅទីនោះបានមួយឆ្នាំ ពោលគឺ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោក ក៏ត្រូវបានតុលាការ អនុញាតឲ្យវិលត្រឡប់ទៅរស់នៅក្នុងផ្ទះរបស់លោកវិញ តែមិនត្រូវបានទម្លាក់បទចោទចេញឡើយ ហើយលោក ត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ៕
Tag:
កឹម សុខា
អាមេរិក
នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com