អន្តរជាតិ
នយោបាយអន្តរជាតិ
ត្រឹម១ម៉ោង Alibaba លក់បាន១៣ពាន់លានដុល្លារក្នុងថ្ងៃ«Singles’ Day»
× ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សរបស់ចិន Alibaba ប្រកាស នៅថ្ងៃចន្ទ ទី១១ វិច្ឆិកាថា ការលក់សម្រាប់ថ្ងៃ «Singles’ Day» កើនដល់ ៩១,២ពាន់លានយ័ន ឬស្មើនឹង ១៣ពាន់លានដុល្លារ ត្រឹមពេល១ម៉ោងប៉ុណ្ណោះ។ សម្រាប់តួលេខនេះ គឺកើនឡើង៣២ភាគរយ បើធៀបនឹងឆ្នាំមុន ដែលស្មើនឹង ៦៩ពាន់លានយ័ន (៩,៨៦ពាន់លានដុល្លារ)។
ស្រដៀងនឹងថ្ងៃ «Black Friday» និង «Cyber Monday» ក្នុងសហរដ្ឋអាមេរិកថ្ងៃ «Singles’ Day» ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ដោយលោក Daniel Zhang ដែលបច្ចុប្បន្នជាប្រធានក្រុមហ៊ុន Alibaba និងជានាយកប្រតិបត្តិ។ គេហៅព្រឹត្តិការណ៍នេះថា «១១ ពីរដង ឬ Double Eleven» ព្រោះថា វាតែងធ្វើឡើងចំថ្ងៃទី ១១ ខែវិច្ឆិកា(ខែលេខរៀងទី១១) រៀងរាល់ឆ្នាំ ដែលលេខ១ចំនួនបួនគឺតំណាងឲ្យអ្នកនៅទំនេរ (Single) ។
ក្រុមហ៊ុន Alibaba លក់ទំនិញបានសរុបប្រមាណ៣០ពាន់លានដុល្លារលើវេបសាយខ្លួនក្នុងថ្ងៃ «Singles’ Day» កាលពីឆ្នាំ២០១៨ ដែលឈ្នះការលក់ក្នុងថ្ងៃ «Cyber Monday» របស់អាមេរិក ដែលលក់បានត្រឹម៧,៩ពាន់លានដុល្លារ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍លក់ដ៏ធំប្រចាំឆ្នាំរយៈពេល២៤ម៉ោងនេះ ចាប់ផ្តើមជាមួយនឹងសម្តែងពីសំណាក់តារាប៉ុបអាមេរិក Taylo Swift និងតារាចម្រៀងក្នុងស្រុកចិន ដូចជា Jackson Yee ។ នេះជាលើកដំបូងហើយដែលថ្ងៃ «Singles’ Day» របស់ Alibaba ពុំមានវត្តមានរបស់លោក ជេក ម៉ា ស្ថាបនិកក្រុមហ៊ុនយក្សនេះ ក្រោយពីលោកបានលាលែងពីតំណែងជាប្រធានក្រុមហ៊ុនកាលពីខែកញ្ញា៕
Tag:
ចិន
Alibaba
Singles’ Day
© រក្សាសិទ្ធិដោយ thmeythmey.com