រថយន្ត
អន្តរជាតិ
ស្តេចព្រុយណេ មានរថយន្តជាង៧០០០គ្រឿង ភាគច្រើន Mercedes, Rolls Royce
× ក្នុងចំណោមទ្រព្យសម្បត្តិមហាសាលជាច្រើន ព្រះចៅស៊ុលតង់ព្រុយណេ Hassanal Bokiah មានយានយន្តដែលប្រើប្រាស់ផ្ទាល់ខ្លួន និងមិនផ្ទាល់រហូតដល់ទៅប្រមាណ៧០០០គ្រឿង។ នេះជាកំណត់ត្រា សម្រាប់បុគ្គលដែលមានយានយន្ត ជាពិសេសរថយន្ត ច្រើនជាងគេបំផុតលើពិភពលោក។
យោងតាមទស្សនាវដ្តី Forbes ព្រះចៅ Hassanal Bolkiah បច្ចុប្បន្នព្រះជន្ម៧៣ព្រះវស្សា មានទ្រព្យសម្បត្តិជាង២០ពាន់លានដុល្លារអាមេរិក។ ស្តេចនៃប្រទេសដែលពឹងផ្អែកលើចំណូលប្រេងកាត អង្គនេះ ជាអ្នកដែលចូលចិត្តប្រើប្រាស់រថយន្តទំនើបៗ ដោយព្រះអង្គបានចំណាយក្នុងខ្ទង់ជាង៥ពាន់លានដុល្លារអាមេរិក។
សារព័ត៌មាន BornRich បានរកឃើញថា ក្នុងចំណោមយានយន្តជាង៧០០គ្រឿង ស្តេចព្រុយណេ មានរថយន្ត Rolls Royce, Mercedes ប្រមាណ៦០០គ្រឿង, Ferrari, Bentley, BNW, Jaguar, Porsche, Toyota និង Rolls-Royce ចំនួនរាប់រយគ្រឿងក្នុងម៉ូដែលនិមួយៗ រួមទាំងរថយន្តម៉ូដែលផ្សេងទៀត ដូចជា Aston Martin, Lexus, Land Rover, Jeep, Lamborghini, McLaren, Bugatti, Renault, Turbo និងម៉ូតូរាប់រយគ្រឿង។
ក្នុងចំណោមរថយន្តទាំង៧០០០គ្រឿង ព្រះអង្គ Hassanal Bolkiah ត្រូវបានរាយការណ៍ថា ព្រះអង្គនិយមប្រើប្រាស់ផ្ទាល់ខ្លួនចំនួន៥០០គ្រឿង ហើយរថយន្តផ្សេងៗទៀតត្រូវបានប្រើប្រាស់សម្រាប់ដំណើរហែរហម និងញាតិវង្សានុវង្សរបស់ព្រះអង្គ។
រថយន្តដែលមានតម្លៃដ៏គួរឲ្យកត់សម្គាល់នោះ មានដូចជា Rolls Royce Phantom, Mercedes Benz CLK-GTR, Bentley Java និង Aston Martin v8 ជាដើម។ រថយន្តទាំងនេះ មានតម្លៃក្នុងខ្ទង់រាប់លានដុល្លារអាមេរិក ជាមួយនឹងការរចនាបន្ថែមដ៏ទំនើប។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ ព្រះអង្គម្ចាស់ Jefri Bolkiah ដែលជាប្អូនប្រុសរបស់ព្រះអង្គ ក៏ជាអ្នកចូលចិត្តសន្សំរថយន្តដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ ដោយមានប្រមាណ២៥០០គ្រឿង ក្នុងនោះ មាន Bentley, Ferrari និង Rolls-Royces ជាពិសេស៕
© រក្សាសិទ្ធិដោយ thmeythmey.com