វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
តើ​មនុស្ស​ពឹង​ផ្អែកលើ​ប្រេងឥន្ធនៈ​តាំងពី​ពេលណា​មក​?
11, Nov 2019 , 5:33 pm        
រូបភាព
​នៅក្នុង​ការរស់នៅ​នៃ​សម័យ​បច្ចុប្បន្ននេះ ជីវភាព​របស់​មនុស្ស​ពឹងផ្អែក​ខ្លាំង​លើ​ការទាញយក​ថាមពល​ពី​ប្រេងឥន្ធនៈ​ដែល​ចេញ​មកពី​ធម្មជាតិ​។ តាំងពី​ការប្រើប្រាស់​លើ​យានជំនិះ រហូត​ទៅដល់​ផលិតផល​ប្លា​ស្ទិ​ក រួមទាំង​ភ្លើងអគ្គិសនី​ដែល​អ្នកប្រើប្រាស់​នៅក្នុង​គេហដ្ឋាន និង​កន្លែងធ្វើការ​។ បើតាម​ការលើកឡើង​ពី​គេហទំព័រ​សារព័ត៌មាន BBC ប្រេងកាត​គឺជា​មូលហេតុ​មួយ​នៃ​សង្គ្រាម​ជាច្រើន​ដែល​បាន​កើតឡើង​ជុំវិញ​ពិភពលោក​។ បើ​មាន​សារធាតុ​មួយ​នេះ ប្រទេសមួយ​អាច​ក្លាយជា​ប្រទេស​មហាអំណាច ចំណែកឯ​បើ​គ្មាន​វា​វិញ​នោះ សេដ្ឋកិច្ច​នៃ​ប្រទេសមួយ​អាច​ធ្លាក់ចុះ​ជា​លំដាប់​បាន​។

 
​ប្រេងកាត​ត្រូវបាន​មនុស្ស​បុរាណ​ប្រើប្រាស់​អស់​រយៈពេល​ជាង​៣០០០​ឆ្នាំ​មកហើយ ពោលគឺ​វា​វត្តមាន​តាំងពី​សម័យកាល​អេ​ស្ស៊ី​ប​បុរាណ និង​អាណាចក្រ​បា​ប៊ី​ឡូ​ន (​សព្វថ្ងៃ​អ៊ីរ៉ាក់​) ជាដើម​ក្នុងការ​លាប​នៅតាម​ចន្លោះ​ទូក ការពារ​ការ​ជ្រាប​ទឹក និង​ពេលខ្លះទៀត​សម្រាប់​ផលិត​អាវុធ​ធ្វើសង្គ្រាម​។ គេ​ក៏បាន​ប្រើប្រាស់​ប្រេងកាត​ជា​សារធាតុ​មួយ​ក្នុង​ការរក្សា​សព​មនុស្ស (Mummy) ឲ្យ​នៅបាន​យូរ​ផងដែរ ដែល​ភាគច្រើន​ជា​អរិយធម៌​នៃ​ប្រទេស​អេ​ស្ស៊ី​ប​បុរាណ​។ វា​មាន​វត្តមាន​នៅតាម​រន្ធ​តូចៗ ដែល​លេច​ចេញពី​ក្នុង​ដី​។ តែ​បុព្វបុរស​ទាំងអស់នោះ មិនទាន់​បានដឹង​ពី​សមត្ថភាព និង​ឥទ្ធិពល​នៃ​ប្រេងកាត​នៅឡើយ​ទេ​។ 
 
​ការរុករក​ប្រេង​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ត្រូវបាន​ចាប់កំណើត​ឡើង​នៅ​ពាក់កណ្តាល​សតវត្សរ៍​នៃ​១៩ នៃ​អណ្តូងរ៉ែ​ដែលមាន​ទីតាំង​នៅក្នុង​ទឹកដី​នៃ​សហរដ្ឋអាមេរិក​។ នៅពេលដែល​បច្ចេកវិទ្យា​បាន​នឹង​កំពុង​ដែល​បានការ​រីកចម្រើន​ជា​បណ្តើរៗ ឥន្ធនៈ​មួយ​ប្រភេទ​ដែល​គេ​ហៅថា Kerosene ត្រូវបាន​គេ​ឲ្យ​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ជាមួយនឹង តម្លៃ​សមរម្យ និង​ងាយស្រួល​ប្រើប្រាស់​។ អណ្តូងរ៉ែ​ពាណិជ្ជកម្ម​ដំបូង​នៃ​សហរដ្ឋអាមេរិក​មាន​ទី​តាំងនៅ​ក្នុង​ទីក្រុង Titusville រដ្ឋ Pennsylvania ។ ការរកឃើញ​នូវ​វិធីសាស្ត្រ​រក​ប្រេង​មួយ​នេះ បាន​បង្កើត​ឲ្យ​មាន​ប្រភេទ​ឧស្សាហកម្ម​ជាច្រើន​បន្តទៀត​។ 
 
​តម្រូវការ​ប្រេងឥន្ធនៈ​បាន​កើន​ឡើងជា​គំហក​នៅពេលដែល​រថយន្ត​ជំនាន់​ដំបូងៗ​គេ​ត្រូវបាន​ចាប់កំណើត​ឡើង​។ ក្នុង​ឆ្នាំ​១៨៨៥ ជនជាតិ​អាល្លឺម៉ង់ លោក Karl Benz បាន​បង្កើត​រថយន្ត​ជំនាន់​ដំបូង​គេ​ដំណើរ​លើ​សាំង (Gasoline) ជា​ផលិតផល​ចម្រាញ់​បន្ទាប់ពី Kerosene ។ ក្រោយមក ក្នុង​ឆ្នាំ​១៩០៨ លោក Henry Ford ជាមួយនឹង​រថយន្ត​ដ៏​ល្បីល្បាញ​គឺ​ប្រភេទ Model T បាន​ស៊ក​ខ្លួន​ចូល​ទី​ក្នុង​ទីផ្សារ​ដ៏​មមាញឹក​នៃ​ឧស្សាហកម្ម​ធ្វើដំណើរ និង​ឧស្សាហកម្ម​ប្រេងកាត​ផងដែរ​។ នៅក្នុង​ឆ្នាំ​ដដែល​នោះ ប្រភព​រ៉ែ​ប្រេងកាត​ធំៗ​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​បណ្តា​ប្រទេស​អារ៉ាប់ ដែល​ត្រូវបាន​ចូលរួម​វិនិយោគ​ដោយ​ក្រុមហ៊ុន​ធំៗ ពី​ប្រទេស​នៃ​លោកខាងលិច​។ មកទល់ពេលនេះ ប្រទេស​ប្រេងកាត​នៃ​តំបន់​អារ៉ាប់ ផ្គត់ផ្គង់​ប្រមាណ​ជាង​៦០​ភាគរយ​នៃ​បរិមាណ​នាំចេញ​នាំចូល​ប្រេង​ទាំងឡាយ​លើ​ពិភពលោក​។ 
 
​ព្រឹត្តិការណ៍​ដ៏​សំខាន់​នៃ​ប្រវត្តិសាស្ត្រ​ក្នុង​សង្គ្រាមលោក​លើកទីមួយ បានបង្ហាញ​ពី​វិសាលភាព​នៃ​ការប្រើប្រាស់​ប្រេង​ទៅលើ​គ្រឿងចក្រ​អាវុធ​យុទ្ធ​ភ័​ណ្ឌ ដែលមាន​ដូចជា​រថក្រោះ នាវាចម្បាំង រថយន្ត​ចម្បាំង ជាដើម​។ នាវា​ត្រូវបាន​គេ​ផ្លាស់ប្តូរ​ពី​ការប្រើប្រាស់​ធ្យូងថ្ម មកជា​ការប្រើប្រាស់​ប្រេងសាំង​សម្រាប់​ថាមពល និង​ល្បឿន​។ នៅពេលដែល​សង្គ្រាមលោក​លើក​ទី​ពីរ​ត្រូវ​បានបញ្ចប់​ក្នុង​ឆ្នាំ​១៩៤៥ ប្រទេស​អង់គ្លេស និង​សហរដ្ឋអាមេរិក​បាន​ចរចារ​គ្នា​ក្នុង​ការចែក​ដែនដី​ប្រេងកាត​នៃ​ប្រទេស​ក្នុង​តំបន់​អារ៉ាប់​។ 
 
​នៅក្នុង​ឆ្នាំ​១៩៧៣ ប្រទេស​ក្នុង​តំបន់​អារ៉ាប់​មួយចំនួន​បាន​កាត់បន្ថយ​ការនាំចេញ​នូវ​ផលិតផល​ប្រកា​ត​របស់ខ្លួន​ទៅកាន់​ប្រទេស​លោកខាងលិច ដោយសារតែ​ការគាំទ្រ​អ៊ីស្រាអែល ប្រឆាំងនឹង​អេ​ស្ស៊ី​ប និង​ស៊ី​រី ដែល​បានធ្វើ​ឲ្យ​តម្លៃ​សាំង​កើន​ឡើងដល់​ទៅ​បួន​ដង​។ ដោយសារតែ​សាំង​ជា​ធនធានធម្មជាតិ​មិន​កកើត​ឡើងវិញ វា​ត្រូវបាន​គេ​កំណត់ថា នឹងត្រូវ​រីងស្ងួត​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​។ ហេតុដូចនេះ ប្រភព​ផលិត​ថាមពល​ផ្សេងៗ​ជាច្រើន​ទៀត​ត្រូវបាន​គេ​ស្តារ​ឡើង​ក្នុងការ​ទប់ទល់​តម្រូវ​ការ​នៃ​ប្រេងឥន្ធនៈ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com