ជាតិ
នយោបាយជាតិ
EU និងអ្នករាយការណ៍ UN ស្វាគមន៍ចំពោះការចាប់ផ្តើមជាវិជ្ជមាននៅកម្ពុជា ប៉ុន្តែ...
× ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា សហភាពអឺរ៉ុប និងអ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា បានមើលឃើញពីដំណើរវិជ្ជមានដំណាក់កាលដំបូងនៅកម្ពុជា ក្រោយការផ្តល់សិទ្ធិផ្លូវច្បាប់ច្រើនជាងមុនដល់ លោក កឹម សុខា ប៉ុន្តែស្ថាប័នអន្តរជាតិទាំងពីរ សម្តែងការសោកស្តាយ ដោយសារអតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ នៅតែមិនមានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយ ហើយបន្តស្ថិតក្រោមការឃ្លាំមើលរបស់តុលាការដដែល។
ពីទីក្រុងព្រុចសែល ប្រទេសបែលហ្សិក អ្នកនាំពាក្យសហភាពអឺរ៉ុប បានគូសបញ្ជាក់ថា ការបន្ធូរបន្ថយលក្ខខណ្ឌច្បាប់សម្រាប់លោក កឹម សុខា គឺជាជំហានដំបូងនៃការដើរផ្លូវត្រូវ។ ប៉ុន្តែសហភាពអឺរ៉ុប ទាមទារឲ្យមានការបើកលំហរនយោបាយ និងគំនិតផ្តួចផ្តើមផ្សះផ្សារជាតិ ជាពិសេសការផ្តល់សិទ្ធិនយោបាយឡើងវិញដល់លោក កឹម សុខា មន្ត្រី សកម្មជន និងអ្នកគាំទ្របក្សប្រឆាំងដទៃទៀត។
ដូចគ្នាផងដែរ ពីទីក្រុងហ្ស៊ីណែវ ប្រទេសស្វីស លោកស្រី Rhona Smith បានលើកឡើងពីការវិវត្តជាវិជ្ជមាន ប៉ុន្តែលោកស្រីសោកស្តាយដែលតុលាការ បន្តរឹតត្បិតសិទ្ធិលោក កឹម សុខា ដោយលោកស្រី សំណូមពរឲ្យលើកលែងរការចោទប្រកាន់នានាលើមេដឹកនាំប្រឆាំងរូបនេះ។
អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា បន្តព្រួយបារម្ភពីស្ថានភាពរបស់មនុស្ស៨៥នាក់ដែលត្រូវអាជ្ញាធរឃុំខ្លួន ហើយទាមទារឲ្យរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់រួមគ្នាកាត់បន្ថយកំដៅ ហើយស្វែងរកកិច្ចសន្ទនា ក្នុងបរិយាកាសសន្តិភាពមួយ។
លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ច ចូលទៅចាប់ដល់គេហដ្ឋានរបស់លោក ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី២អធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមការសង្ស័យថា លោក លួចទៅគប់គិតជាមួយរដ្ឋាភិបាលបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បទល្មើសនេះ ត្រូវចាត់ទុកជាអំពើក្បត់ជាតិ។
ក្រោយចាប់ខ្លួន កម្លាំងសមត្ថកិច្ច បានដឹកលោក កឹម សុខា ទៅឃុំនៅពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃុំ (ជិតព្រំដែនវៀតណាម)។ ជាប់ឃុំនៅទីនោះបានមួយឆ្នាំ ពោលគឺ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោក ក៏ត្រូវបានតុលាការ អនុញាតឲ្យវិលត្រឡប់ទៅរស់នៅក្នុងផ្ទះរបស់លោកវិញ តែមិនត្រូវបានទម្លាក់បទចោទចេញឡើយ ហើយលោក ត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។
កាលពីថ្ងៃទី១០ ខែវិច្ឆិកា សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាស ដោយផ្តល់សិទ្ធិច្រើនជាងមុនដល់លោក កឹម សុខា ដែលមានន័យថាអតីតមេដឹកនាំបក្សប្រឆាំងរូបនេះ អាចដើរហើរទៅទីណាក៏បាន នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ តុលាការ នៅតែរក្សាបម្រាមមិនឲ្យលោក ចេញទៅក្រៅប្រទេស និងធ្វើនយោបាយដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com