ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អុំទូក​៖ អ្នកលក់​នំអន្សម​,​បាយ​ម្ហូប​,​ពង​ក្រួច​,​ទឹក និង​ភេសជ្ជៈ ត្អូញ​ថា​លក់​មិន​ដាច់​
12, Nov 2019 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖​អ្នកលក់ដូរ​នំ​ចី​ណី​តូចតាច ដូចជា​នំអន្សម ម្ហូបចំណី ទឹក និង​ភេសជ្ជៈ សុទ្ធតែ​ត្អូញត្អែរថា លក់​មិនសូវ​ដាច់ និង​ភាគច្រើន​អះអាង​ពី​ការ​ខាតដើម​ផង ក្នុងអំឡុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​។ លក់​មិនសូវ​ដាច់ ដោយសារ​ឆ្នាំនេះ មនុស្ស​ទៅ​ដើរលេង​កម្សាន្ត​តិច ហើយ​អ្នក​ដែល​មក​ដើរ​កម្សាន្ត​ទៀតសោត មិនសូវ​ចាយប្រាក់​តែម្ដង​។

 
​នា​ម៉ោង​ប្រមាណ​៥​ល្ងាច ស្ត្រី​វ័យ​ជាង​៤០​ម្នាក់ កំពុង​លើក​នំអន្សមខ្នុរ ចេញពី​ក្នុង​ថង់​យកមក​រៀប​លើ​ថាស​ដើម្បី​ដាក់លក់ ស្រពពេល​អ្នកដើរ​កម្សាន្ត​កំពុង​ដើរ​ឆ្លងកាត់​។ លក់​នៅតាម​បណ្ដោយ​ផ្លូវ​មាត់ទន្លេ ដែលជា​ផ្លូវ​សម្រាប់​ដើរ និង​រត់​ហាត់ប្រាណ នៅ​ខាងក្រោយ​សាលចតុមុខ អ្នកស្រី មុំ ដែលជា​ឈ្មោះ​ដាក់ឱ្យ ថា​លក់​នំអន្សមខ្នុរ​មិនសូវ​ដាច់​ឡើយ​នៅ​ឆ្នាំនេះ​។ 
​ញាប់ដៃ​រៀប​នំអន្សម​ដែលមាន​ទំហំ​ប៉ុន​ម្រាម​មេដៃ ខ្ចប់​ដោយ​ស្លឹកចេក អ្នកស្រី មុំ ថា​ឆ្នាំនេះ​គាត់​យកនំ​មក​លក់​ចំនួន​១​ពាន់​នំ ដោយ​ចំណាយ​ថ្លៃដើម​អស់​ជាង​២០​ម៉ឺន​រៀល​។ អ្នកស្រី មុំ ចេញពីផ្ទះ ដែល​នៅ​ជិត​ផ្សារ​អ្នក​លឿង ខេត្តកណ្ដាល ពី​ព្រឹក​ព្រលឹម ដើម្បី​មក​លក់​នំអន្សមខ្នុរ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​រាជធានី​ភ្នំពេញ​។ លក់​នំ​ពី​ព្រឹក រហូតដល់​ម៉ោង​ជិត​៦​ល្ងាច អ្នកស្រី មុំ បាន​ប្រាក់ មិន​ដល់​១០​ម៉ឺន​ផង​។ ដោយ​បារម្ភ​ខ្លាច មិនអាច​រក​ថ្លៃដើម​គ្រប់ ស្ត្រី​មាឌ​ធាត់​រូបនេះ ចង់​នៅ​លក់​ទល់​ភ្លឺ​។


 
​អ្នកស្រី​បញ្ជាក់​ទាំង​ទឹកមុខ​ស្រងូត​៖«​ឱ្យតែ​នៅមាន​មនុស្ស​ខ្ញុំ​នៅ​លក់​រហូត គឺ​ចង់ល​ក់មួយ​យប់​ទល់​ភ្លឺ​។ យប់​នេះ​បើ​លក់​មិន​អស់ ខ្ញុំ​នៅ​សម្រាក​ទីនេះ​ជាមួយ​គេឯង​។ លក់​អស់​ពេលណា ខ្ញុំ​ទៅផ្ទះ​ពេលនោះ​។ ឱ្យតែ​លក់​អស់​ប៉ុណ្ណេះ ខ្ញុំ​ឈប់​មក​លក់​ទៀតហើយ​»​។   
 
​ក្នុង​ថាស​មាន​ពង​ក្រួច​ស្ងោរ បាយក្ដាំង និង​ដំណាប់​ផ្លែឈើ​ជាដើម ដែល​ដាក់លក់​ជាប់​សួន​តាមផ្លូវ​មាត់ទន្លេ​ដែរនោះ គឺជា​របស់​អ្នកស្រី សុខ​នី​។ អាច​លក់​នៅតាម​បណ្ដោយ​ផ្លូវ​ដើរ និង​រត់​ហាត់ប្រាណ ខាងក្រោយ​សាលចតុមុខ បានតែ​ពេល​ល្ងាច ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​រូបនេះ ពិបាក​លក់ទំនិញ​រប​ស់​ខ្លួន ព្រោះ​ជា​ពេលដែល​ស្បើយ​មនុស្ស​។ កត្តា​មិនសូវមាន​អ្នក​ទៅ​ដើរលេង​បុណ្យអុំទូក ក៏​មូលហេតុ​នាំឱ្យ​អ្នកស្រី សុខ​នី លក់​មិន​ដាច់​ដែរ​។ រូប​២


 
​ចាប់​របរ​លក់​ពង​ក្រួច​ស្ងោរ​ជាង​១០​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ ស្ត្រី​មកពី​ខេត្តកណ្ដាល​រូបនេះ ថា​ឆ្នាំមុន ខ្លួន​អាច​លក់បាន​ប្រមាណ​៥០​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ ប៉ុន្តែ​នៅ​ឆ្នាំនេះ ពេញ​មួយថ្ងៃ គាត់​លក់បាន​ប្រាក់​តែ​ប្រមាណ​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ ដូច​អ្នកស្រី មុំ ដែរ អ្នកស្រី សុខ​នី នៅ​មិនទាន់​រក​ថ្លៃដើម​គ្រប់​ឡើយ​។ 
 
«​ឆ្នាំមុន​លក់ដាច់​ណាស់​។ រាល់​ឆ្នាំ​មនុស្ស​ណែន​ផ្លូវ តែ​ឆ្នាំនេះ ស្ងាត់​អត់​មាន​មនុស្ស​ដើរ​ទេ​។ ហើយ​អ្នក​រៀប​សណ្ដាប់​ធ្លាប់ គេ​ដេញ​ទៀត រឹតតែ​លក់​មិន​ដាច់​។ ថ្លៃដើម​អស់​ជាង ៣០​ម៉ឺន​រៀល តែ​ពេលនេះ ទើប​លក់បាន​ប្រហែល​១០​ម៉ឺន​រៀល​។ ពង​ក្រួច​នេះ អាច​ទុក​បាន​២​ថ្ងៃ បើ​ស្អែក​លក់​មិន​អស់​ខូច គឺ​ខាត​ហើយ​»​។ នេះ​ជាការ​ត្អូញត្អែរ​របស់​អ្នកស្រី សុខ​នី​។ រូប​៣



​មិន​ខុសពី​អ្នកលក់​ខាងលើ​ឡើយ អ្នកស្រី រឿង រី គឺជា​អ្នកលក់​បាយ​ម្ហូប​រុញ​តាម​រទេះ​។ មាន​លក់​បាយ​ដាក់​ប្រអប់ ម្ហូប​ឆា​ខ្ញី ភ្លៅ​មាន់​បំពង ត្រីអាំង និង​ជ្រក់​ច្រើន​មុខ អ្នកស្រី រី លក់ដាច់​បានតែ​ជាមួយ​អ្នកលក់​ដូចគ្នា​តែប៉ុណ្ណោះ តែ​សម្រាប់​អ្នកដើរ​កម្សាន្ត​វិញ គេ​មិនសូវ​ទិញ​ឡើយ​។ ពេញ​មួយថ្ងៃ​ហើយ ស្ត្រី​វ័យ​ជាង​៥០​ឆ្នាំ​សម្បុរ​សរូប​នេះ លក់​ចំណីអាហារ​របស់ខ្លួន បាន​ប្រាក់​១០​ម៉ឺន​រៀល​។ នៅសល់​បាយ​ម្ហូប​ច្រើន​ល្មម​នៅលើ​រទេះរុញ អ្នកស្រី រី ថាបើ​ស្ថានភាព​នៅតែ​បែបនេះ ឆ្នាំក្រោយ​គាត់ នឹងមិន​មក​លក់​ទៀត​ទេ​។​
 
​អ្នកស្រី រី បន្ថែម ស្រពពេល​ដៃ​ហុច​បាយ​ឱ្យ​អ្នកទិញ​ថា​៖«​មានតែ​អ្នកលក់​ដូចគ្នា​ដែល​គេ​មក​ទិញ ពី​ម៉ោង​៩ ដល់​ម៉ោង​១០​ព្រឹក​។ អ្នក​ដើរលេង គេ​មិន​ទិញ​តែម្ដង មិនដឹង​មូលហេតុ​អី​។ ឆ្នាំមុន លក់ដាច់​ណាស់​។ បើ​លក់​អស់​បាន​ចំណេញ​ប្រហែល​៥​ម៉ឺន​។ តែ​ពេលនេះ ម៉ោង​ជិត​៧​យប់​ហើយ មនុស្ស​ក៏​ទៅផ្ទះ​ជិត​អស់ មើលទៅ​មានតែ​ផ្លូវ​ខាត​ហើយ​»​។


 
​ចំណែក​ស្ត្រី​មួយរូប​ទៀត សុំ​មិន​បញ្ចេញ​ឈ្មោះ ក៏​ត្អូញត្អែរ​ណាស់ដែរ​អំពី​ការលក់ដូរ​របស់ខ្លួន​។  មាន​លក់​ទឹកបរិសុទ្ធ ភេសជ្ជៈ​មួយចំនួន​ដាក់​ក្នុង​ធុង​ទឹកកក​តូច​ល្មម ស្ត្រី​សម្បុរ​សវ័យ​ជាង​៣០​ឆ្នាំ រូបនេះ លក់​បានតែ​ទឹក​សុទ្ធ​ប្រមាណ​១០​ដប​ប៉ុណ្ណោះ នៅ​ពេញ​មួយថ្ងៃ​។ លក់​ទឹក​នៅជាប់​របង​សកល​វិទ្យាល័យ​ព្រះសីហនុ​រាជ ហើយ​មាត់​ខំប្រឹង​ហៅ​អ្នកដើរ​ឆ្លងកាត់​ឱ្យជួយ​ទិញ ប៉ុន្តែ​អ្នកដំណើរ​ទាំងនោះ ហាក់​មិន​អើពើ​នឹង​សំឡេង​ស្ត្រី​រួសរាយ​រូបនេះ​ឡើយ​។​
 
«​ឆ្នាំនេះ​មនុស្ស​មកលេង​តិច ហើយ​គេ​មិន​ចាយប្រាក់​តែម្ដង​។ ឆ្នាំក្រោយ​បើ​ទោះ​តែ​លក់​មិន​ដាច់ ក៏​ខ្ញុំ​នៅតែ​លក់ ពីព្រោះ​មុខរបរ​មានតែ​ប៉ុណ្ណេះ លក់​តាំងពីដើម​មក​»​។ នេះ​ជាការ​បន្ថែម​របស់​អ្នកលក់​ភេសជ្ជៈ ទាំង​ទឹកមុខ​ញញឹម​មិនសូវ​សម​។​
 
​ដោយសារ​មិនសូវមាន​មនុស្ស​ទៅ​ដើរ​កម្សាន្ដ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក អ្នកលក់ដូរ​រប​រតិ​ច​តួច​នៅតាម​មាត់ទន្លេ​ក្នុងឆ្នាំនេះ លក់​មិនសូវ​ដាច់​ឡើយ​។ បើ​ប្រៀប​ជាមួយ​ឆ្នាំមុន ទាំង​អ្នកលក់​និង​អ្នកដើរ​កម្សាន្ត​មាន​ចំនួន​ច្រើន​ដូចគ្នា​៕
 

Tag:
 បុណ្យអុំទូក​
  អ្នកលក់​
 ​ទំនិញ​
  ទូក​
© រក្សាសិទ្ធិដោយ thmeythmey.com