ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទូក​ខ្វះ​ការឧបត្ថម្ភ ប្រឈម​អវត្តមាន​ឆ្នាំក្រោយ តែ​ក្រុម​អ្នក​ប្រណាំង​មិន​ចង់​ខកខាន​ឡើយ​
13, Nov 2019 , 9:29 am        
រូបភាព
ភ្នំពេញ​៖ ទូកង​មួយចំនួន​ដែល​មិនមាន​ការជួយឧបត្ថម្ភ​គ្រប់គ្រាន់ អាច​នឹង​អវត្តមាន​នៅ​ឆ្នាំក្រោយៗ ប្រសិនបើ​នៅតែ​ជួប​ស្ថានភាព​បែបនេះ​។ ចំណុះ​ទូក​ភាគច្រើន​មក​ចូលរួម​ប្រណាំង ដើម្បី​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ត្រូវ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ដោយ​ទូក​ខ្លះ​ខ្វះខាត​អាហារ​ទទួលទាន​។​



​ឈរ​ក្នុង​រោង​ដែល​សង់​ឱ្យ​កីឡាករ​ស្នាក់នៅ លោក ឃុ​ត កែវ វ័យ​៣៦​ឆ្នាំ ជា​គណៈកម្មការ​ទូង “​សុវណ្ណ​កុមារ​” មកពី​វត្ត​ជ្រៃ​មាស ស្រុក​បាធាយ ខេត្តកំពង់ចាម​។ គណៈកម្មការ​ទូក​រូប​នេះ ថា​ទូក​របស់ខ្លួន​មាន​ថ្នាក់​ខេត្ត​និង​ស្រុក​ជួយឧបត្ថម្ភ​ខ្លះ​ដែរ ប៉ុន្តែ​នៅតែ​មិន​គ្រប់​ខ្ទង់ចំណាយ​។ យ៉ាងហោចណាស់​ត្រូវការ​ប្រាក់​២​ពាន់​ដុល្លារ​អាមេរិក​ដើម្បី​ចំណាយ ប៉ុន្តែ​ទូក “​សុវណ្ណ​កុមារ​” ទទួលបាន​ការជួយឧបត្ថម្ភ​តែ​ប្រមាណ​២​លាន​រៀល​តែប៉ុណ្ណោះ​។ មាឌធំ​ដំបង​លោក ឃុ​ត កែវ ថា​ការចំណាយ​លើ​អាហារ​សម្រាប់​ចំណុះ​ទូក​ក្នុង​មួយពេល អស់​ប្រមាណ​៦០​ម៉ឺន​រៀល ដោយ​ចំអិន​បាន​ម្ហូប​២​មុខ​។



«​ស្រុក​ជួយ​១​លាន​រៀល ហើយ​ខាង​ខេត្ត​ជួយ​អង្ករ​១០០​គីឡូក្រាម​និង​ប្រាក់​៥០​ម៉ឺន​រៀល ហើយ​យើង​រៃ​ពី​អ្នកភូមិ​បាន​ប្រហែល​៥០​ម៉ឺន​រៀល​ដែរ​។ តែ​ទោះជា​យ៉ាងណា ប្រាក់​នេះ​មិន​គ្រប់​ទេ​។ យើង​ត្រូវការ​អង្ករ​ប្រហែលជា​២០០​គីឡូក្រាម ប្រាក់​ប្រហែល​២​ពាន់​ដុល្លារ ទើប​យើង​អាច​ចំណាយ​គ្រប់​។ យើង​មក​ប្រណាំង​៥​ឆ្នាំ​ហើយ​។ រាល់​ឆ្នាំ​គឺ​ខ្វះខាត​បែបនេះ​។ ឆ្នាំមុន​មាន​ព្រះសង្ឃ​ជួយ តែ​ឆ្នាំនេះ​មិនមាន​ទេ ដូច្នេះ​ជំហរ​គឺ​នៅលើ​ខ្ញុំ​។ បើ​ឆ្នាំក្រោយ​នៅតែ​បែបនេះ ប្រហែល​យើង​មិន​មកទៀត​ទេ​។ ចំណុះ​ទូក​ទាំងអស់​គាត់​មក​ដើម្បី​អបអរ​បុណ្យជាតិ ប៉ុន្តែ​បើ​ខ្វះខាត​ពេក ក៏​គាត់​មិនសូវមាន​ទឹកចិត្ត​ដែរ​»​។



​ប្រាក់​ដែល​ប្រមូលបាន​ពី​អ្នកភូមិ​ប្រមាណ​១​លាន​រៀល​ទូក ”​សារាយ​ក្រពុំ​ឈូក​" ត្រូវ​ផ្គត់ផ្គង់​មនុស្ស​៦២​នាក់​ដែលមាន​ទាំង​កីឡាករ​និង​អ្នក​ចំអិន​អាហារ​ព្រមទាំង​ចាស់ទុំ​មកជា​មួយ​ទូក​ផង​។ មួយថ្ងៃ​ត្រូវ​ចម្អិន​អាហារ​៤​ពេល ដោយ​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល​៥០​ម៉ឺន​រៀល ហើយ​មួយពេល​អាចធ្វើ​ម្ហូប​បានតែ​មួយ​មុខ​ប៉ុណ្ណោះ​។ ថ្វី​ដ្បិត​ទទួលបាន​ជំនួយ​ពី​មេភូមិ​និង​គណៈ​ពង្រឹង​បក្ស​ខ្លះ​ក្ដី ប៉ុន្តែ​ទូក​នេះ​នៅតែ​ខ្វះខាត​។ លោក សៀវ ផល្លី អាយុ​៥២​ឆ្នាំ ជា​គណៈកម្មការ​ទូក​ថា​ទូក​របស់លោក​រំពឹង​ការជួយឧបត្ថម្ភ​ពីរ​ដ្ឋ ប៉ុន្តែ​បើ​មិនបាន​គ្រប់​ទេ គាត់​ត្រូវ​ខ្ចីប្រាក់​ពី​អ្នកភូមិ​ដើម្បីឱ្យ​រួច​មួយពេល​ប្រណាំង​សិន​។



​មាន​ស្ថាន​ភាពប្រសើរ​ជាង​ទូក​ទាំងពីរ​ខាងលើ​បន្តិច បើទោះបីជា​ចំណូល​មិន​គ្រប់ តែ​ទោះជា​យ៉ាងណា​ទូកង​ឈ្មោះ “​ព្រះទីន័ង​សារាយអណ្ដែត​ចង្ហាន់​ហុយ​” មកពី​ខេត្តកំពង់ឆ្នាំង អាចមាន​ប្រាក់ឧបត្ថម្ភ​ដល់​ចំណុះ​ទូក​ត្រឡប់​ទៅ​ស្រុក​វិញ​។ ជា​ប្រភេទ​ទូក​ចែវ​បុរស​ចំណុះ​៤៩​នាក់ ហើយ​បូកសរុប​ទាំង​កម្លាំង​បម្រុង​មាន​ចំនួន​៦២​នាក់ ដែលមាន​លោក សេង ប៊ុនហេង ជា​គណៈកម្មការ​ទូក​។

​មាន​សម្ដី​មួយៗ​ច្បាស់ៗ​លោក ប៊ុនហេង ថា​ទូក​របស់លោក​មាន​ក្រុមការងារ​ពង្រឹង​បក្ស​ជួយឧបត្ថម្ភ​ខ្លះ អ្នកភូមិ​ដែល​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​និង​ថៃ ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ខ្លះ​ផង បាន​ប្រមាណ​១០​លាន​រៀល​។



​លោក សេង ប៊ុនហេង ថា​ប្រាក់​ដែល​ចំណាយ​លើស​ចំណូល ព្រះសង្ឃ​នៅក្នុង​វត្ត​ខំ​បិណ្ឌបាត​ពី​ពុទ្ធបរិស័ទ​នៅ​ទីជិត​ឆ្ងាយ​យកមក​បំពេញបន្ថែម​។ លោក​ពន្យល់​ដូច្នេះ​៖« ខ្វះខាត​យើង​ចេះតែ​ក្បិតក្បៀត​ខ្លះទៅ​។ មួយថ្ងៃ​យើង​ចំអិន​អាហារ​៤​ពេល​។ បើ​មិន​ធ្វើបែបនេះ​ចំណុះ​ទូក​មិនមាន​កម្លាំង​ចែវ​។ ព្រោះតែ​ចង់​ជួយ​វត្ត​អ្នកខ្លះ​ត្រូវ​ខាត​ការងារ​ផ្ទះ​ខ្លះ​ដែរ​។ ពេល​ទៅ​ស្រុក​វិញ​យើង​ជួយ​កីឡាករ​ក្នុង​ម្នាក់​១៨​ម៉ឺន​រៀល​និង​អង្ករ​២០​គីឡូ កុំឱ្យ​ពួកគាត់​មក​មិនបាន​អ្វី​សោះ​។ ខ្ញុំ​សំណូមពរ​ដល់​សប្បុរស​ជន សូមជួយ​តាម​លទ្ធភាព​ផង​»៕








© រក្សាសិទ្ធិដោយ thmeythmey.com