ERA គឺជាភ្នាក់ងារអចលនទ្រព្យលំដាប់កំពូលមួយរបស់សហរដ្ឋអាមេរិកដែលមានកិត្តិនាមល្បីល្បាញទូទាំងពិភពលោក។ ភ្នាក់ងារអចលនទ្រព្យដ៏ធំមួយនេះក៏បានពង្រីកខ្លួន ចូលក្នុងទីផ្សារអចលនទ្រព្យកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ។ ហើយនៅថ្ងៃទី ១១ ខែវិច្ជិកា ឆ្នាំ២០១៩ ERA CAMBODIA ត្រូវបានបើកសម្ពោធផ្លូវការនៅសណ្ឋាគារសុខាភ្នំពេញ ក្រោមវត្តមាន លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុន ERA CAMBODIA និងមានការអញ្ជើញចូលរួមពីសំណាក់ CEO មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក អ្នកវិនិយោទុនសំខាន់ៗ ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប សរុបប្រមាណជាង៣០០នាក់។
លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA CAMBODIA បានបង្ហាញសុទិដ្ឋិនិយមក្នុងថ្ងៃសម្ពោធក្រុមហ៊ុនជាផ្លូវការថា៖ « យើងពិតជាមានមោទនភាពដែលក្រុមហ៊ុន ERA ទទួលបានការជឿទុកចិត្តខ្លាំងបំផុតពីសំណាក់ ម្ចាស់គម្រោង អ្នកអភិវឌ្ឍន៍ អ្នកវិនិយោគ និងភ្នាក់ងារលក់»។
លោកបន្តថា៖ «ERA ជាក្រុមហ៊ុនដ៏ធំលំដាប់ពិភពលោក ហើយយើងមានបទពិសោធន៍ជាភ្នាក់ងារលក់ខុនដូរដែលឈានមុខគេក្នុងប្រទេសកម្ពុជា យើងស្វាគមន៍គ្រប់ភ្ញៀវដែលចង់ក្លាយជាភ្នាក់ងារលក់បន្ត អតិថិជនដែលចង់ទិញខុនដូ និងវិនិយោគទុនទាំងអស់ដែលចាប់អារម្មណ៍ចង់លក់គម្រោងខុនដូររបស់ខ្លួនអាចទាក់ទងមកកាន់ភ្នាក់ងារ ERA ដែលនៅជិតលោកអ្នកបំផុត»។
បច្ចុប្បន្នក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA CAMBODIA មានសមាជិកដែលជាភ្នាក់ងារលក់ជាង២០០នាក់ កំពុងប្រតិបត្តិការលក់យ៉ាងសកម្មទូទាំងប្រទេស ហើយកន្លងមកនេះ ERA CAMBODIA បានពង្រឹងកិត្យានុភាពរបស់ខ្លួនដោយបានចាប់ដៃគូវិនិយោគជាមួយក្រុមហ៊ុនល្បីៗ ទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីអភិវឌ្ឍវិស័យអលចនទ្រព្យនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងផងដែរ។ ជាក់ស្ដែងគម្រោងខុនដូធំៗ និងល្បីៗ ជាច្រើនដែលភ្នាក់ងារអចលនទ្រព្យ ERA CAMBODIA បានសហការជាមួយមានដូចជា៖ គម្រោងខុនដូ Morgan Enmaison Condominiums ជាគម្រោងអភិវឌ្ឍថ្មីក្នុងទឹកដីខណ្ឌជ្រោយចង្វារដែលជាតំបន់កំពុងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់, គម្រោងខុនដូ La Vista One មានទីតាំងស្ថិតនៅតាមបណ្ដោយវិថីទន្លេមេគង្គ ខណ្ឌជ្រោយចង្វា , គម្រោង Time Sqaure 3 ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវទៅកាន់ TK avenue, គម្រោង TK Star ស្ថិតក្នុងខណ្ឌទួលគោក, គម្រោង URBAN VILLAGE មានទីតាំងទី១ស្ថិតនៅផ្លូវមហាវិថីសម្ដេចហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ, និងគម្រោង Star City ខណ្ឌសែនសុខ ជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
អំពីក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA ៖
ERA ត្រូវបានបង្កើតឡើងនៅសហរដ្ឋអាមេរិកក្នុងអំឡុងទសវត្សឆ្នាំ ១៩៧០ ។ ERA បានកសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺយ៉ាងឆាប់រហ័សដោយចាប់ផ្ដើមក្នុងការត្រួសត្រាយ ការប្រើប្រាស់ម៉ាស៊ីនទូរសារដើម្បីភ្ជាប់អ្នកទិញ និងអ្នកលក់នៅទូទាំងសហរដ្ឋអាមេរិក។ វាក៏ជាទីភ្នាក់ងារអចលនទ្រព្យដំបូងគេ ដែលបានចុះផ្សាយបញ្ជីតាមអ៊ីនធឺណិតក្នុងឆ្នាំ ១៩៩៤ ។ ជាមួយនឹងភាពជោគជ័យលើទីផ្សារអចលនទ្រព្យជាបន្តបន្ទាប់ ERA ក៏បានពង្រីកទៅដល់ទ្វីបអាហ្វ្រិក ការ៉ាបៀន អឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក រួចបន្តពង្រីកវិសាលភាពដល់ទ្វីបអាស៊ីថែមទៀតដូចជា៖ សិង្ហបុរី, ឥណ្ឌូណេស៊ី, ជប៉ុន, កូរ៉េ, ម៉ាឡេស៊ី, តៃវ៉ាន់, ថៃ និងវៀតណាម។
កម្ពុជា គឺជាប្រទេសទី៩ ដែលត្រូវបានបញ្ចូលក្នុងបណ្ដាញអាស៊ីប៉ាស៊ីហ្វិករបស់ ERA បន្ទាប់ពីទទួលបានការណែនាំ និងស្វាគមន៍យ៉ាងកក់ក្ដៅក្នុងសន្និសីទពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិកកាលពីឆ្នាំ២០១៨ ដែលប្រារព្ធធ្វើនៅប្រទេសសិង្ហបុរី។ ការឈានជើងចូលក្នុងវិស័យអលចនទ្រព្យនៅកម្ពុជា ក៏ព្រោះតែ ERA មានសុទិដ្ឋិនិយមខ្ពស់ចំពោះចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសនេះ។ បច្ចុប្បន្ន ERA មានវត្តមាននៅក្នុងរដ្ឋចំនួន ៤៥ របស់សហរដ្ឋអាមេរិកនិង ៣១ ប្រទេសលើពិភពលោក ព្រមទាំងមានការិយាល័យចំនួន ២,២៥០កន្លែង និងសាខាចំនួន ៣៩,៥៥៧ នៅទូទាំងពិភពលោក។
សេវាកម្មរបស់ភ្នាក់ងារអចលនទ្រព្យ ERA ៖
ERA គឺជាម៉ាកនៃភ្នាក់ងារអចលនទ្រព្យគួរជាទីទុកចិត្តដែលធំជាងគេ និងមានកេរ្តិ៍ឈ្មោះល្បីក្នុងការផ្តល់នូវផលិតផល និងសេវាកម្មច្នៃប្រឌិតដ៏ទំនើបដល់អតិថិជនរបស់ខ្លួន។ សេវាកម្មដែល ERA Cambodiaផ្តល់ឱ្យរួមមានសេវាប្រតិបត្តិការលក់គម្រោងខុនដូ អគារការិយាល័យ និងផ្សារទំនើប៕
(អត្ថបទពាណិជ្ជកម្ម)