អន្តរជាតិ
ស្តេចថៃ ប្រគល់បុណ្យសក្តិដល់មន្ត្រីវាំង៣នាក់ឡើងវិញ បន្ទាប់ពីបណ្តេញចេញនៅខែតុលា ព្រះមហាក្សត្រថៃ មហា វជិរាលង្ករណ៍, រូបភាព៖ Reuters
× មហាក្សត្រថៃ មហា វជិរាលង្ករណ៍ (Maha Vajiralongkorn) បានប្រគល់តំណែងដល់មន្ត្រីវាំងបីរូប ដែលបានបណ្តេញចេញពីកាលពីខែ តុលា ឡើងវិញ។ នេះបើតាមចុះផ្សាយរបស់រាជកិច្ចថៃនៅថ្ងៃទី១១ ខែវិច្ឆិកា។
មន្ត្រីថៃចំនួនបីរូប ដែលត្រូវបានព្រះមហាក្សត្រ មហា វជិរាលង្ករណ៍ ប្រគល់តំណែង និងសក្តិយសត្រលប់មកវិញ មានដូចជា ឧត្តមសេនីយ៍ទោ Tharinee Rodson, ប្រធានក្រុម Pitakronnachai Sukwattanamai និង អនុសេនីយ៍ទោ Kanyanat Subpanyakul។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន The Nation ដែលស្រង់ប្រភពពីឯករាជកិច្ចថៃ។
មន្ត្រីទាំងបីរូបនេះ ត្រូវបានព្រះមហាក្សត្រថៃ ដកបុណ្យសក្តិនៅក្នុងខែតុលា ក្រោមមូលហេតុប្រព្រឹត្តខុសធ្ងន់ធ្ងរលើក្រមប្រតិបត្តិ និងយកមុខតំណែងទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។ មន្ត្រីទាំងបីស្ថិតក្នុងចំណោមមន្ត្រីជាងដប់នាក់ទៀតដែលត្រូវស្ដេច មហា វជិរាលង្ករណ៍ ដកហូតតំណែង បុណ្យសក្តិ និងគ្រឿងឥស្សរិយយសនានា។
សមបញ្ជាក់ថា បន្ទាប់ពីស្នងរាជ្យពីបិតាមក មហាក្សត្រ មហា វជិរាលង្ករណ៍ បានបញ្ចេញរិទ្ធិអំណាចរបស់ទ្រង់ដោយមិនលាក់លៀមអ្វីទេ។ កន្លងមក ទ្រង់បានផ្លាស់ប្ដូរមន្ត្រីជំនិត ដកយកទ្រព្យសម្បត្តិស្ដេចមកត្រួតត្រាដោយអង្គឯង បញ្ជាឲ្យកែរដ្ឋធម្មនុញ្ញសំដៅពង្រីកអំណាចស្ដេច និងការដកយកអង្គភាពទ័ពមកដាក់ក្រោមការគ្រប់គ្រងផ្ទាល់ផងដែរ។
អ្វីដែលធ្វើឲ្យគេស្រឡាំងកាំងនោះ គឺទ្រង់បានដកហូតតំណែង ពីស្នំឯក ស៊ីនីនាថ ដែលត្រូវបានតែងតាំងបានបីខែ ក្រោមហេតុផល មិនស្មោះត្រង់នឹងស្តេច មិនគោរពក្រមប្រតិបត្តិរាជវង្ស និងប្រើប្រាស់មុខតំណែងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ តំណែងស្នំឯកនេះ ទើបមានម្ចាស់ជាលើកដំបូងក្នុងរយៈពេលជិតមួយរយឆ្នាំ៕
Tag:
ថៃ
មហា វជិរាលង្ករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com