ជាតិ
បុណ្យអុំទូក
ក្រសួងទេសចរណ៍៖ បុណ្យអុំទូក៣ថ្ងៃ មានពលរដ្ឋដើរកម្សាន្តទូទាំងប្រទេសជិត៦លាននាក់ កើន៧ភាគរយ ពលរដ្ឋកំពុងទស្សនាការប្រណាំងទូក (រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ)
× ភ្នំពេញ៖ ភ្ញៀវទេសចរ ជាង៥.៨លាននាក់ បានដើរកម្សាន្តទូទាំងប្រទេស នៅក្នុងពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ ។ ក្នុងនោះរាជធានីភ្នំពេញមានភ្ញៀវទេសចរជាង៤,៧លាននាក់។
លោក តុប សុភ័ក្រ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បាននិយាយថា ចំនួនសរុបនៃភ្ញៀវទេសចរទូទាំងប្រទេសនេះ មានកំណើនជាង៧ភាគរយ បើធៀបនឹងឆ្នាំមុន ។ បើតាមលោក សុភ័ក្ត្រ ទីតាំងប្រារព្ធពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ គឺមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរច្រើនជាងគេ ដែលមានចំនួនជាង៤.៧លាននាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិជាង៣ម៉ឺននាក់។ លោក សុភ័ក្រ បានបន្ថែមថា ចំនួនភ្ញៀវទេសចរជាង៤លាននាក់នៅរាជធានីភ្នំពេញនេះ កើនឡើងជាង៥ភាគរយ បើធៀបឆ្នាំមុន ។
«ការគណនាចំនួនការចូលរួមទស្សនានេះ គឺយើងមានអ្នកសង្កេតមើលនិងចំនួនស្ថិតិពីចំនួនមនុស្ស ។ហើយមនុស្សម្នាក់បើទៅទស្សនាអុំទូកទាំងបី៣ថ្ងៃ គឺគិតចំនួន៣នៃអ្នកទស្សនា»។ នេះជាការបញ្ជាក់របស់ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។
ជាមួយគ្នាដែរ អនុរដ្ឋលេខាធិកការក្រសួងទេសចរណ៍បានឲ្យដឹងថា កត្តា៣យ៉ាងដែលនាំឲ្យមានកំណើនទេសចរ គឺមកពីប្រជាពលរដ្ឋមានជីវភាពធូរធា រួមទាំង ស្ថិរភាពនិងការអភិវឌ្ឍ ដែលធ្វើឱ្យប្រជាជនគ្មានការភ័យខ្លាច ឬព្រួយបារម្ភ។ ជាពិសេសសុវត្ថិភាពក្នុងការធ្វើដំណើរនៅទូទាំងប្រទេស។
សូមបញ្ជាក់ថា ពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃឆ្នាំ២០១៨ មានភ្ញៀវទេសចរនិងពលរដ្ឋ ប្រមាណ៩២,៥ម៉ឺននាក់ បានដើរកម្សាន្តនៅតាមបណ្ដាខេត្តនានា។ ចំណែកឯរាជធានីភ្នំពេញ មានពលរដ្ឋ ៤.៥លាននាក់ មកទស្សនាពិធីបុណ្យអុំទូក៕
Tag:
ភ្ញៀវទេសចរ
បុណ្យអុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com