អន្តរជាតិ
ជំនឿ! ឪពុកម្តាយកូរ៉េខាងត្បូងនាំគ្នាទៅបន់នៅវិហារ ឲ្យកូនប្រលងជាប់ ប្រភពរូប៖ Korea Times
× ក្នុងសប្តាហ៍នេះ ឪពុកម្តាយនិងជីដូនជីតាកូរ៉េខាងត្បូង កំពុងនាំគ្នាទៅកាន់វិហារភ្លុកទឹកភ្លុកដីដើម្បីបន់ស្រន់សម្រាប់កូនៗនិងចៅៗពួកគាត់ ដែលកំពុងរៀបចំខ្លួនប្រលងចូលរៀនថ្នាក់ឧត្តមសិក្សា នាថ្ងៃព្រហស្បតិ៍ ទី១៤ វិច្ឆិកា ២០១៩។ វិហារសាសនាជាច្រើននៅជុំវិញប្រទេសកូរ៉េខាងត្បូង គឺពោរពេញដោយមនុស្សម្នា ហើយដៃពួកគេភ្ជាប់មកជាមួយនឹងផ្កា និងទានក្រអូប។ ចំណែកដៃទាំងទ្វេរបស់ពួកគាត់លើកឡើងបួងសួងដល់វត្ថុសាកសិទ្ធិនានា ដើម្បីជួយមើលថែកូនៗពួកគេឲ្យប្រលងដោយជោគជ័យ។
នៅទូទាំងប្រទេសកូរ៉េខាងត្បូង នៅវេលាម៉ោង ៨៖៤០នាទីព្រឹក (ម៉ោងក្នុងស្រុក) នាថ្ងៃព្រហស្បតិ៍ស្អែកនេះ សិស្សជាង ៥៤៨ ០០០នាក់ នឹងចូលរួមប្រលងសមត្ថភាពចូលរៀនសកលវិទ្យាល័យ (CSAT) ថ្នាក់ជាតិនេះ ។ ស្គាល់ថា «Suneung» វាគឺជាប្រលងរយៈពេល៨ម៉ោងបន្តកន្ទុយគ្នា ដែលមិនត្រឹមតែកំណត់ថាសកលវិទ្យាល័យណាដែលសិស្សនឹងអាចទៅរៀនប៉ុណ្ណោះទេ ក៏ប៉ុន្តែវាអាចកំណត់ជោគវាសនាការងារនិងចំណូលនាពេលខាងមុខ ព្រមទាំងទីកន្លែងដែលពួកគេនឹងរស់នៅ ហើយសូម្បីតែទំនាក់ទំនងស្នេហានាថ្ងៃអនាគតថែមទៀតផង។ សម្រាប់វិញ្ញាសាប្រលង សិស្សនឹងប្រលងសមត្ថភាពភាសាកូរ៉េ, អង់គ្លេស, គណិតវិទ្យា, ប្រវត្តិសាស្ត្រកូរ៉េខាងត្បូង និងភាសាបរទេសទី២ដែលពួកគេជ្រើសរើស។
ជារៀងរាល់ឆ្នាំក្នុងវិច្ឆិកា ការប្រលង «Suneung» ថ្នាក់ជាតិនេះ ធ្វើឲ្យប្រទេសកូរ៉េខាងត្បូងទាំងមូលមានភាពស្ងប់ស្ងាត់ខុសធម្មតា។ ក្នុងថ្ងៃប្រឡង គេតែងសង្កេតឃើញថា ភាពស្ងប់ស្ងាត់កើតឡើងទូទាំងរដ្ឋធានី សេអ៊ូល ព្រោះតែផ្សារទំនើប, ធនាគារនានាបិទទ្វារបណ្តោះអាសន្ន ហើយសូម្បីតែទីផ្សារហ៊ុន ក៏ត្រូវបើកយឺតជាងមុនផងដែរដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍សម្រាប់បេក្ខជនប្រលង។
ការងារសំណង់ភាគច្រើន ត្រូវផ្អាកដំណើរសិន ចំណែកយន្តហោះខ្លះ ក៏ត្រូវផ្អាកជើងហោះហើរខ្លួន ហើយការហ្វឹកហឺនយោធានានា ក៏ត្រូវតែបញ្ចប់។ ម្តងម្កាល ភាពស្ងប់ស្ងាត់បែបនេះ ត្រូវបានរំខានដោយសំឡេងស៊ីរ៉ែនអាសន្ននានាពីចម្ងាយ និងសំឡេងម៉ូតូប៉ូលិសដែលដឹកសិស្សខ្លះដែលទៅចូលប្រលងយឺត។ ជាទូទាំង នៅចំថ្ងៃប្រលង ឪពុកម្តាយ និងអាណាព្យាបាលជាច្រើន បានចំណាយពេលពេញមួយថ្ងៃនៅក្នុងវិហារសាសនាទាំងព្រះពុទ្ធ ឬគ្រឹស្ត ដោយកាន់រូបថតកូនៗពួកគាត់យ៉ាងណែន ហើយបួងសួងឲ្យពួកគេទទួលបានជោគជ័យក្នុងការប្រលង។
ពិន្ទុនៃការប្រលង CSAT ខ្ពស់ បើកឱកាសឲ្យសិស្សអាចចូលរៀនក្នុងសកលវិទ្យាល័យកំពូលចំនួន៣របស់កូរ៉េខាងត្បូង ឬហៅកាតថា «SKY»។ «S» តំណាងឲ្យសកលវិទ្យាល័យ Seoul, «K» តំណាងឲ្យសកលវិទ្យាល័យ Korea និង «Y» សកលវិទ្យាល័យ Yonsei។ សកលវិទ្យាល័យលំដាប់កំពូលទាំងបីនេះ គឺប្រៀនដូចជាសកលវិទ្យា Harvard និង Yale ឬ Oxford និង Cambridge នៃប្រទេសកូរ៉េខាងត្បូង។ របាយការណ៍កន្លងទៅ បង្ហាញថា សិស្សដែលបញ្ចប់ថ្នាក់វិទ្យាល័យរួចរាល់ ប្រមាណ ៧០ភាគរយ នឹងទៅចូលរៀនសកលវិទ្យាល័យ ក៏ប៉ុន្តែចំនួនតិចជាង២ភាគរយប៉ុណ្ណោះ នឹងឈានជើងទៅជាន់សកលវិទ្យាល័យ «S.K.Y»។
ទន្ទឹមនឹងទទួលបានការកោតសរសើរពីសង្គម កិត្យានុភាពនៃការចូលរៀនក្នុងសាកលវិទ្យាល័យ «S.K.Y» ក៏ជាមធ្យោបាយដ៏ល្អបំផុតមួយដើម្បីអាចឈោងទៅចាប់ការងារនៅឯក្រុមហ៊ុនកូរ៉េខាងត្បូងលំដាប់កំពូលដែលសុទ្ធសឹងតែគ្រប់គ្រងដោយបក្ខពួកគ្រួសារអ្នកមានៗ និងមានឥទ្ធិពលជាច្រើនផងដែរ ដែលស្គាល់ថា «Chaelbol» ឬមានន័យថា «ក្រុមសន្ដានអ្នកមានទ្រព្យ»។ សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ពឹងផ្អែកលើក្រុមហ៊ុនមួយចំនួនតូចនោះ ក៏ប៉ុន្តែជាក្រុមហ៊ុនយក្ស ដែលក្នុងនោះរួមមាន LG, Hyundai ហើយធំជាងគេបង្អស់នោះគឺ Samsung ៕
© រក្សាសិទ្ធិដោយ thmeythmey.com