សម្ដេច ហ៊ុន សែន បញ្ជា​ឱ្យ​ដោះលែង​ជនសង្ស័យ​ពាក់ព័ន្ធ​​លោក សម រង្ស៊ី ឱ្យនៅ​ក្រៅ​ឃុំ​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន បញ្ជា​ឱ្យ​ដោះលែង​ជនសង្ស័យ​ពាក់ព័ន្ធ​​លោក សម រង្ស៊ី ឱ្យនៅ​ក្រៅ​ឃុំ​
14, Nov 2019 , 9:33 am        
រូបភាព
ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឱ្យ​ដោះលែង​ជនសង្ស័យ​ទាំងអស់  ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ពាក់ព័ន្ធ​ករណី​លោក សម រង្ស៊ី កាលពីពេល​ថ្មីៗ​នេះ ឱ្យនៅ​ក្រៅ​ឃុំ ប៉ុន្តែ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​។ ប្រមុខ​រដ្ឋាភិបាល ថ្លែង​បែបនេះ នៅក្នុង​ពិធី​សម្ពោធ​រោងចក្រ​ផលិត​ស៊ីម៉ង់​តិ៍ «​ថៃ​ប៊ុន​រ៉ុង​» នៅ​ព្រឹក​ថ្ងៃទី ១៤ វិច្ឆិកា ។​


 ​«​ក្រសួងយុត្តិធម៌ ធ្វើការ​ជាមួយ​ព្រះរាជអាជ្ញា ដើម្បី​ធ្វើការ​ដោះលែង​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន ឱ្យនៅ​ក្រៅ​ឃុំ តាម​សំណើរ​មេធាវី សាមីខ្លួន តាម​ក្រុមគ្រួសារ​»​។ នេះ​ជាការ​បញ្ជា​របស់​សម្ដេច ហ៊ុន សែន ដែល​បា​នស​ង្គ​ត់​ធ្ងន់​ថា ជនសង្ស័យ​ទាំងនោះ មិន​ថា​ទោស​ទាប ឬ​ទោស​ខ្ពស់​នោះទេ គឺ​ត្រូវ​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​ទាំងអស់​។​
 
​ជនសង្ស័យ​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​នេះ គឺ​ចង់​សំដៅ​ទៅលើ​អ្នក​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​លោក សម រង្ស៊ី ដែល​ប្រកាស​វិល​ចូល​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៩ វិច្ឆិកា ដោយ​អម​ជាមួយ​ការអំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​សកម្មភាព​នយោបាយ​ខ្លួន​។ រដ្ឋាភិបាល ចាត់ទុក​ការអំពាវនាវ​នេះ ជា​សកម្មភាព​ធ្វើ​រដ្ឋប្រហារ ទើប​ឈានទៅដល់​ចាប់​ពលរដ្ឋ ដែល​សង្ស័យ​រួមគំនិត​ជាមួយ​លោក សម រង្ស៊ី ឥត​ស្រាកស្រាន្ត រហូតដល់​មានការ​រិះគន់​ទៅលើ​រដ្ឋាភិបាល​ជា​បន្តបន្ទាប់​។​
 
​បើតាម​សម្ដេច ហ៊ុន សែន ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ទូទាំងប្រទេស​នេះ មាន​ប្រមាណ​ជាង​៧០​នាក់ ហើយ​ពួកគេ​ភាគច្រើន​ត្រូវបាន​ព្រះរាជអាជ្ញា ចោទ​ពីបទ «​រួមគំនិត​ក្បត់ជាតិ​» ជាមួយ​លោក សម រង្ស៊ី​។ សម្រាប់​សម្ដេច ហ៊ុន សែន ជនសង្ស័យ​ទាំងនេះ គឺជា​ជនរងគ្រោះ ដែល​ជឿ​លើ​ការឃោសនា​នយោបាយ​ប៉ុណ្ណោះ​។ 
 
​ប្រមុខ​រដ្ឋាភិបាល ដែល​បាន​បញ្ជា​ឱ្យ​ដោះលែង​ជនសង្ស័យ​នៅក្រៅ​ឃុំ ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​នេះ បាន​និយាយ​ដូច្នេះ​ថា​៖«​នៅ​កំពត​អាច​ខិតខំ​ដោះស្រាយ​(​ដោះលែង​ជនសង្ស័យ​)​មុនគេ តាម​ខ្ញុំ​ចាំ​ដូចជា​មានតែ​ពីរ​នាក់​(​ជនសង្ស័យ​)​ប៉ុណ្ណឹង​ទេ ។ ពីរ​នាក់​ហ្នឹង បើ​អាចធ្វើ​ទាន់ ឱ្យចេញ​ក្រៅ​ឃុំ​នៅ​ថ្ងៃ​ហ្នឹង​ទៅ ដើម្បី​ឱ្យឃើញ​ប្រសិទ្ធភាព​នៃ​សម្តី​របស់ ហ៊ុន សែន »​។​
 
​មូល​ហេតុដែល​សម្ដេច ហ៊ុន សែន ហ៊ាន​ចេញមុខ​បញ្ជា​បែបនេះ ដោយ​សម្អាងថា ប្រព័ន្ធតុលាការ​កម្ពុជា អាចឱ្យ​នីតិប្រតិបត្តិ ក្ដាប់​នយោបាយ​ព្រហ្មទណ្ឌ តាមរយៈ​ការដាក់​ព្រះរាជអាជ្ញា​ឱ្យនៅ​ក្រោម​ក្រសួងយុត្តិធម៌ ដែលជា​ស្ថាប័ន​ចំណុះឱ្យ​រដ្ឋាភិបាល​។ ត្រង់ចំណុច​នេះ​សម្ដេច ហ៊ុន សែន បាន​អះអាងថា រដ្ឋាភិបាល មាន​សិទ្ធិ​និយាយ និង​បញ្ជា​ឱ្យ​ដោះលែង​ក្នុង​ដំណាក់​កាលបទ​ចោទ​នេះ​៕
 

Tag:
 ហ៊ុន សែន​
  សម រង្ស៊ី​
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com