អន្តរជាតិ
ការឡើង​កម្ពស់​ទឹកសមុទ្រ​គំរាមកំហែង​ធ្វើ​ឲ្យ​លិច​ភាគខាងត្បូង​វៀតណាម​នៅ​ឆ្នាំ​២១០០
14, Nov 2019 , 1:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​ហូជីមិញ ៖ វា​មិនមែនជា​អ្វីដែល​ថ្មី​សុទ្ធសាធ​សម្រាប់​អារម្មណ៍​មនុស្ស​រាល់គ្នា​នៅ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដែល​កំពុងតែ​រីកធំឡើង​នៅ​ប្រទេស​វៀតណាម​។ ប៉ុន្តែ​មនុស្ស​រាល់គ្នា​ហាក់ដូចជា​បានដឹងថា នឹងមាន​អ្វី​កើតឡើង នោះ​គឺថា​កម្រិត​ទឹកសមុទ្រ​សាកល​ដែល​បណ្ដាលមកពី​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ​កំពុង​គំរាម​ជន់​លិច​ទីក្រុង​នេះ​នៅ​ឆ្នាំ​២១០០​។​

 
​ការគំរាមកំហែង​នោះ​លេចឡើង​កាលពី​ចុងខែ​តុលា នៅពេលដែល​អង្គការ​ព័ត៌មាន​មិន​រកប្រាក់​កម្រៃ​មួយ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​មានឈ្មោះ​ថា Climate Council បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ក្នុង​ទស្សនាវដ្ដី Nature​ដោយបាន​លម្អិត​អំពី​ពេលវេលា​និង​ទីតាំង​នៃ​ការកើនឡើង​កម្រិត​ទឹកសមុទ្រ​កាន់តែខ្លាំង​។ បើតាម​ការសិក្សា​ដែល​ផ្សាយ​កាលពី​ទី​២៩ ខែតុលា បាន​បញ្ជាក់ថា ពលរដ្ឋ​វៀតណាម​ក្នុង​ចន្លោះ​ពី​១០​ភាគរយ​រហូតដល់​ជាង​៣០​ភាគរយ​នឹងរង​ផលប៉ះពាល់​នេះ​។​
 
​ទីក្រុង​ហូជីមិញ​ដែលមាន​ប្រជាពលរដ្ឋ​ចំនួន​៩​លាន​នាក់ បង្ហាញ​ការយកចិត្តទុកដាក់​តិចតួច​ចំពោះ​ក្ដីបារម្ភ​នេះ​នាពេល​បច្ចុប្បន្ន​។ មានការ​សាងសង់​អាគា​រ​ស្នាក់នៅ​ខ្ពស់ៗ​ថ្មីៗ​សម្រាប់​អ្នក​ដែល​ចាក​ចេញពី​តំបន់​នានា​នៃ​ប្រទេស​វៀតណាម​ឆ្ពោះទៅកាន់​ទីក្រុង​ហូជីមិញ​ដើម្បី​ធ្វើ​ការងារ ឬ​បន្ត​ការសិក្សា​។ ទីក្រុង​ហូជីមិញ​ដើរតួ​ជា​មជ្ឈមណ្ឌល​រដ្ឋបាល​ស​ម្រា​ប់​ក្រុមហ៊ុន​វិនិយោគ​បរទេស​ជាច្រើន ដែល​ផលិត​ទំនិញ​នៅ​វៀតណាម​សម្រាប់​នាំចេញ ដែល​ទាំងនេះ​ជា​ប្រភព​នៃ​ការកើនឡើង​ចំណូល​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ពី​៦​ទៅ​៧​ភាគរយ​។​
 
​ទោះយ៉ាងណា ទឹកជំនន់​តែងតែ​កើតមានឡើង​នៅ​តំបន់ឆ្នេរ​នៅ​ភាគខាងត្បូង​នៃ​ទីក្រុង​ដែល​សំបូរ​ដោយ​មនុស្ស​រស់នៅ ដែល​ធ្វើ​ឲ្យ​មនុស្ស​យល់​អំពី​អ្វីដែល​នឹង​កើតឡើង ប្រសិនបើ​តំបន់​ដែល​នៅជាប់​សមុទ្រ​ចិន​ខាងត្បូង កើនឡើង​ខ្ពស់​នៅ​ឆ្នាំ​២១០០ ដូចដែល​អ្នកសរសេរ​របាយការណ៍​របស់​អង្គការ Climate Central បានលើកឡើង​។​
 
​និស្សិត Do Van Chanh អាយុ​២០​ឆ្នាំ​សិក្សា​នៅឯ​សាកលវិទ្យាល័យ​ទីក្រុង​ហូជីមិញ​និយាយថា​៖ «​យើង​ត្រូវតែ​ដោះស្រាយ​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ​។ វៀតណាម​អាច​រង​ការប៉ះពាល់​ដោយ​ការឡើង​កម្ដៅ​សាកល​។ កន្លែង​ខ្លះ​នឹងត្រូវ​ជន់​លិច​។ ដោយសារតែ​យើង​មាន​ឆ្នេរសមុទ្រ​ដែលមាន​ប្រវែង​វែង ទើប​វា​នឹង​ជា​បញ្ហា​។ យើង​ត្រូវតែ​ស្វែងរក​ថាមពល​ផ្សេង​មក​ជំនួស​ដូចជា ថាមពល​ពន្លឺព្រះអាទិត្យ ឬ​ខ្យល់ ឬ​រលក​ជាដើម​។ ថាមពល​ទាំងនេះ​មាន​សម្រាប់​យកមកប្រើ​ប្រាស់ ប៉ុន្តែ​វា​ប្រហែលជា​មានតម្លៃ​ថ្លៃ ហើយ​ត្រូវការ​ការខិតខំ​ប្រឹងប្រែង​ជាច្រើន​»​។​
 
​កម្រិត​ទឹកសមុទ្រ​
 
​កម្រិត​ទឹកសមុទ្រ​នៅលើ​ពិភពលោក​អាច​ឡើង​ខ្ពស់​កន្លះ​ម៉ែត្រ​នៅក្នុង​សតវត្សរ៍​នេះ បើទោះជា​មានការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូន​ភ្លាមៗ​ក៏ដោយ បន្ទាប់ពី​កម្រិត​ទឹកសមុទ្រ​នេះ​បាន​កើនឡើង​ចន្លោះ​ពី​១១​ទៅ​១៦​សង់ទីម៉ែត្រ​កាលពី​សត​វត្សរ៍​មុន នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកសរសេរ​របាយការណ៍​២​នាក់​ស្តីពី​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ​។ បើសិន​គ្មាន​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូន​នោះទេ កម្រិត​ទឹកសមុទ្រ​អាច​ឡើង​ខ្ពស់ជាង​២​ម៉ែត្រ ដែល​បណ្ដាល​ឲ្យ​មាន​អស្ថិរភាព​សម្រាប់​ផ្ទាំង​ទឹកកក​នៅ​ទ្វីប​អង់​តា​ទិច​។​
 
​ការសិក្សា​រកឃើញថា តំបន់​គ្រោះថ្នាក់​ទាំងនោះ​គំរាមកំហែង​ដល់​មនុស្ស​ដែល​រស់នៅក្នុង​ប្រទេស​កំ​ពុង​អភិវឌ្ឍ​ក្នុង​ទ្វីបអាស៊ី រួមបញ្ចូល​ទាំង​១០​ភាគរយ​នៅ​ប្រទេស​វៀតណាម​។​
 
​ការសិក្សា​នោះ​លើកឡើងថា​៖«​ការបញ្ចេញ​ឧស្ម័ន​ដែល​នៅតែ​បន្ត​ធ្វើឡើង​ក្នុង​កម្រិត​ខ្ពស់ រួម​ជាមួយនឹង​អស្ថិរភាព​នៅ​ទ្វីប​អង់​តាក​ទិច​អាចធ្វើ​ប្រជាជន​១​ភាគ​៣​នៃ​ប្រទេស​បង់​ក្លា​ដែ​ស​និង​វៀតណាម​បញ្ចូល​គ្នា​នោះ​ត្រូវ​ជន់​លិច​។ ជា​លទ្ធផល​គឺថា ពលរដ្ឋ​ភាគច្រើន​នៅក្នុង​ទីក្រុង​តាម​ឆ្នេរសមុទ្រ​ខ្លះ​ដែល​ស្ថិតនៅក្នុង​ប្រទេស​ទាំងនេះ​នឹងរង​ការគំរាមកំហែង​ដោយ​ការបាត់បង់​ទីជម្រក​។​
 
​ភាព​ញឹកញាប់​នៃ​ទឹកជំនន់​
 
​លោក Mike Lynch នាយក​គ្រប់គ្រង​ក្រុមហ៊ុន SSI Institutional Brokerage ក្នុង​ទីក្រុង​ហូជីមិញ​និយាយថា​៖«​ទឹកជំនន់​ដែល​កើតមាន​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រយៈពេល​យូរ​បាន​ក្លាយជា​រឿង​ធម្មតា​មួយ​នៅ​តំបន់​ភាគខាងត្បូង​»​។​
 
​ទឹកជំនន់​កើតមាន​រៀងរាល់ឆ្នាំ​នៅ​តំបន់​ដីសណ្ដរ​ទន្លេមេគង្គ​នៅ​ភាគខាងត្បូង​ទីក្រុង​ហូជីមិញ​។ ក្រុមហ៊ុន​អង់គ្លេស​មួយ​ឈ្មោះថា JBA Risk Management និយាយថា ទឹកជំនន់​នេះ​មានន័យថា វា​បានធ្វើ​ឲ្យ​ខាតបង់​ខាង​សេដ្ឋកិច្ច​ប្រមាណ​៧១​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ នៅ​តំបន់​ដីសណ្ដរ ជាទី​ដែល​ពលរដ្ឋ​ចិញ្ចឹម​ត្រី​ឬ​បង្គារ​ដើម្បី​ចិញ្ចឹមជីវិត​។​
 
​លោក Lynch បាន​និយាយទៀតថា​៖«​អ្វីដែល​ខ្ញុំ​មានការ​ព្រួយបារម្ភ​នៅ​កន្លែង​ទាំងនោះ​គឺ​នៅ​កន្លែង​ចិញ្ចឹម​បង្គារ នោះ​គឺថា​កន្លែង​ទាំងនោះ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​របរ​ចិញ្ចឹម​បង្គារ​។ មាន​បញ្ហា​កើតឡើង​រួចហើយ​នៅ​កន្លែង​ដែល​ទឹកប្រៃ​បាន​ឡើង​ខ្ពស់​នៅក្នុង​ទន្លេ វា​ធ្វើ​ឲ្យ​បាត់បង់​លទ្ធភាព​ក្នុងការ​ចិញ្ចឹម​ត្រី​ខ្លះ​»​។​
 
​កាលពី​ឆ្នាំ ២០១១ ទឹកជំនន់​ដ៏​ធំ​មួយ​បានសម្លាប់​មនុស្ស​២៦៥​នាក់ ហើយ​បានធ្វើ​ឲ្យ​ខូចខាត​ផ្ទះ​៤៤៩.០០០​ខ្នង និង​ធ្វើ​ឲ្យ​ខាតបង​ប្រាក់ ៦០០ លាន​ដុល្លារ​។​
 
​ការចាត់វិធានការ​
 
​ថាមពលខ្យល់​និង​ថាមពល​ពន្លឺព្រះអាទិត្យ​ដែលជា​ដំណោះស្រាយ​សម្រាប់​បញ្ហា​នៃ​ការ​កម្ដៅ​លើ​ភពផែនដី ត្រូវបាន​គេ​ដំ​ឡើងជា​បន្តបន្ទាប់​នៅក្នុង​ប្រទេស​នេះ​។ រដ្ឋាភិបាល​ថ្នាក់មូលដ្ឋាន​កំពុង​ព្យាយាម​សំអាត​កាកសំណល់​សល់​ពី​ព្យុះ នៅ​ខណៈដែល​អ្នក​សាង​សង់អា​គារ​កំពុង​បំពាក់​គ្រឿង​សម្រាប់​ទប់ទល់​នឹង​ទឹកជំនន់​ទៅលើ​អាគារ​ថ្មីៗ​។​
 
​លោក Maxfield Brown បុគ្គលិក​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន Dezan Shira & Associates បាន​និយាយ​៖«​មនុស្សម្នា​នឹង​និយាយថា ពួកគេ​បាន​សាងសង់​ប្រព័ន្ធ​លូ​ជាក់លាក់​មួយ​។ មាន​កិច្ចខិតខំ​ប្រឹងប្រែង​នៅ​ផ្នែក​ជាច្រើន​នៃ​ទីក្រុង​នេះ ក្នុងការ​បង្កើត​ប្រព័ន្ធ​លូ​ដែលមាន​ប្រសិទ្ធភាព ព្រោះ​តែមាន​ភ្លៀង​ធ្លាក់​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com