ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្ត្រី ប្រកាស​មិន​យកទោស​ពលរដ្ឋ ដែល​លាក់ខ្លួន​ក្នុងស្រុក និងរ​ត់ទៅ​ក្រៅ ដោយសារ​បញ្ហានយោបាយ​ឡើយ​
14, Nov 2019 , 11:29 am        
រូបភាព
​ភ្នំពេញ​៖ ពី​ពិធី​សម្ពោធ​រោងចក្រ​ផលិត​ស៊ីម៉ង់​តិ៍ «​ថៃ ប៊ុន​រ៉ុង​» នៅ​ព្រឹក​ថ្ងៃទី​១៤ វិច្ឆិកា​នេះ សម្ដេច ហ៊ុន សែន ប្រកាស​មិន​យកទោស​ពលរដ្ឋ ដែល​កំពុង​សម្ងំ​លាក់ខ្លួន​នៅក្នុង​ស្រុក និងរ​ត់ទៅ​ក្រៅប្រទេស ដោយសារ​រឿង​នយោបាយ​ឡើយ​។ អ្នក​ដែល​កំពុង​គេចខ្លួន​ទាំងនោះ ត្រូវបាន​តុលាការ​ចេញ​ដីការ​ចាប់ខ្លួន ក្រោយ​សង្ស័យថា ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​នយោបាយ​រប​ស់លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រដ្ឋាភិបាល​ចាត់ទុកជា​ទង្វើ​«​រដ្ឋប្រហារ​»​។​

 
​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ប្រាប់​ឱ្យ​ពលរដ្ឋ​គេចខ្លួន​នៅក្រៅ​ប្រទេស វិល​ត្រឡប់មក​កម្ពុជា​វិញ ដើម្បី​ជួបជុំ​គ្រួសារ ហើយ​អ្នក​ដែល​កំពុង​លាក់ខ្លួន​ក្នុងស្រុក ក៏​អាច​ទៅ​ជួប​គ្រួសារ ដោយ​គ្មាន​ទោសពៃរ៍​អ្វី​ដែរ​។​បើតាម​លោកនាយក​រដ្ឋមន្ត្រី ពលរដ្ឋ​មួយចំនួន បាន​រត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ហើយ​ខ្លះទៀត​បានរ​ត់ទៅ​ប្រទេស​ថៃ ហ្វីលីពីន​ជាដើម​។​
​ប្រមុខ​រដ្ឋាភិបាល បាន​និយាយ​ដូច្នេះ​ថា​៖«​បងប្អូន​ដែល​បាន​ចាញ់បោក​មេក្លោង​ធ្វើ​រដ្ឋប្រហារ​មិនបាន​សម្រេច សូម​បងប្អូន​វិលត្រឡប់​មកកាន់​ផ្ទះសម្បែង​ជួបជុំ​ប្រពន្ធ​កូន​ឡើងវិញ រាជរាជ​រដ្ឋាភិបាល​មិន​យកទោស​ពៃរ៍​អ្វី​ឡើយ​។ ទន្ទឹមនឹង​នេះដែរ ក៏មាន​បងប្អូន​មួយចំនួនទៀត​មាន​ដីការ​កោះ​ខ្លួន ហើយ​មួយចំនួនទៀត​ក៏​ត្រូវបាន​ចាប់បាន​និង​ឃុំខ្លួន​បណ្តោះអាសន្ន​»​។​
 
​ដើម្បីឱ្យ​ពលរដ្ឋ​ទាំងនោះ អាច​ត្រឡប់មក​គេហដ្ឋាន​ពួកគេ​វិញ​នោះ សម្ដេច ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍ ដក ឬ​លុប​ដីការ​កោះហៅ ជនសង្ស័យ​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​ករណី​លោក សម រង្ស៊ី មេដឹកនាំ​អតីត​បក្សប្រឆាំង​នេះ​។ សម្រាប់​សម្ដេច ហ៊ុន សែន ជនសង្ស័យ​ទាំងនេះ គឺជា​ជនរងគ្រោះ​នយោបាយ​ប៉ុណ្ណោះ​។ 
 
​បន្ថែម​ពីនេះ​ប្រមុខ​រដ្ឋាភិបាល ក៏បាន​បញ្ជា​ឱ្យ​ក្រសួងយុត្តិធម៌ ធ្វើការ​ជាមួយ​ព្រះរាជអាជ្ញា ដើម្បី​ដោះលែង​ជនសង្ស័យ​ទាំងអស់ ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ពាក់ព័ន្ធ​ករណី​លោក សម រង្ស៊ី កាលពីពេល​ថ្មីៗ​នេះ ឱ្យនៅ​ក្រៅ​ឃុំ​ផងដែរ ប៉ុន្តែ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​។ បើតាម​សម្ដេច ហ៊ុន សែន ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ទូទាំងប្រទេស​នេះ មាន​ប្រមាណ​ជាង​៧០​នាក់ ហើយ​ពួកគេ​ភាគច្រើន​ត្រូវបាន​ព្រះរាជអាជ្ញា ចោទ​ពីបទ «​រួមគំនិត​ក្បត់ជាតិ​» ជាមួយ​លោក សម រង្ស៊ី​៕

Tag:
 ​ហ៊ុន សែន​
  សម រង្ស៊ី​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com