ជាតិ
វីដេអូ
ទោះបី​មានឱកាស​ផ្សេង​ក៏ដោយ លោក អំណត់ សុខចិត្ត​គ្រប់គ្រង និង​បង្រៀន​សិស្ស​ក្រីក្រ​នៅលើ​ខ្នងភ្នំ​គូលែន​
14, Nov 2019 , 2:10 pm        
រូបភាព
ដោយ:
បន្ទាយស្រី​,​សៀមរាប​៖ «​ទោះ​រស់នៅ​តំបន់​ព្រៃឈើ ពួកគាត់​ក៏ត្រូវ​ការ​ចំណេះដឹង ទើប​ខ្ញុំ​មិន​ដាច់ចិត្ត​ផ្ទេរចេញ ថ្វីបើ​ជួប​បញ្ហា​ច្រើនក្តី​»​។ នេះ​ជាការ​លើកឡើង​របស់លោក គា​ម អំណត់ នាយក​សាលាបឋមសិក្សា​ភូមិ​សង្កែ​ឡាក់ ដែលមាន​ទីតាំង​នៅលើ​ខ្នងភ្នំ​គូលែន​។ លោក គា​ម អំណត់ បាន​ក្លាយជា​គ្រូបង្រៀន និង​ជា​នាយក​សាលា​នៅ​សាលាបឋមសិក្សា​ភូមិ​សង្កែ​ឡាក់​រយៈពេល ៥​ឆ្នាំ​មកហើយ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក អំណត់ លើកឡើងថា​៖ «​ដោយ​ក្តី​អាណិត​ក្មេងៗ​នៅទីនេះ ព្រមទាំង​ការ​ឲ្យ​តម្លៃ​ពី​សហគមន៍​ផង​នោះ ទើប​ជា​កម្លាំងចិត្ត​ជំរុញ​ឲ្យ​ខ្ញុំ​បន្ត​គ្រប់គ្រង និង​បង្រៀន​នៅទីនេះ​»​។​


 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា សាម ស្រី​ណុ​ច អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​លោក គា​ម អំណត់ នាយក​សាលាបឋមសិក្សា​ភូមិ​សង្កែ​ឡាក់ នៅលើ​ខ្នងភ្នំ​គូលែន​ដូចតទៅ​៖ 

 
 
​ទឹកចិត្ត​គ្រូបង្រៀន ប្រៀបបាន​ដូចជា​ម្តាយ​ឪពុក​ទី​ពីរ ចង់​ឲ្យ​តែ​សិស្ស​មានចំណេះដឹង និង​មាន​អនាគត​ល្អ​។ ទោះបីជា​ត្រូវ​គ្រប់គ្រង ឬ​បង្រៀន​នៅ​តំបន់​ដាច់ស្រយាល និង​ជួប​បញ្ហា​ជាច្រើន​ក្តី ក៏​លោក គា​ម អំណត់ នាយក​សាលាបឋមសិក្សា​ភូមិ​សង្កែ​ឡាក់ ដែលមាន​ទីតាំង​នៅលើ​ខ្នងភ្នំ​គូលែន មិន​ដាច់ចិត្ត​ផ្ទេរ​ចេញទៅ​សាលា​ផ្សេង​ឡើយ​។​
 
​មាន​ស្រុកកំណើត​នៅ​ស្រុក​ស្រីស្នំ ក្នុង​ខេត្តសៀមរាប លោក គា​ម អំណត់ បានសម្រេច​ចិត្ត​មក​ធ្វើជា​គ្រូបង្រៀន​ផង និង​ជា​នាយក​សាលា​ផង នៅលើ​ខ្នងភ្នំ​គូលែន ដែលមាន​ចម្ងាយ​៤០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប​។ នាយក​សាលា​រូបនេះ បានបញ្ចប់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​១២ និង​ជាប់​ក្របខណ្ឌ​ជា​គ្រូបង្រៀន​។ 
 
​មាន​ទឹកមុខ​រីករាយ ប្រកបដោយ​ក្តីសង្ឃឹម​ផង​នោះ លោក គា​ម អំណត់ បាន​រៀបរាប់ថា​៖ «​ខ្ញុំ​ស្រណោះ និង​អាណិត​ស្រឡាញ់​សិស្សានុសិស្ស​នៅទីនេះ​។ ខ្ញុំ​ចង់​ឲ្យ​ពួកគាត់​មានចំណេះដឹង​ដូច​គេឯង យ៉ាងហោចណាស់​ក៏ត្រូវ​រៀន​ចប់​ថ្នាក់​ទី​១២​ដែរ​។ ទោះ​មិន​បានធ្វើ​ការងារ​ធំដុំ ក៏បាន​ត្រឹម​ធ្វើ​គ្រូ មក​បង្រៀន​ក្មេង​នៅទីនេះ​វិញ​»​។ នាយក​សាលា​វ័យ​២៥​ឆ្នាំ​រូបនេះ បាន​ឲ្យ​តម្លៃ​ខ្ពស់​ដល់​ការសិក្សា ព្រមទាំង​បង្រៀន​ដោយ​យកចិត្តទុកដាក់ ផ្តោតលើ​ចំណេះដឹង សីលធម៌​ល្អ និង​អនាម័យ ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ​ជាដើម​។ លោក អំណត់ រីករាយ​នៅពេល​ឃើញ​សិស្ស​រីកចម្រើន​។​


 
​រយៈពេល​៥​ឆ្នាំ​ដែល​មក​បំពេញការងារ​នៅទីនេះ លោក អំណត់ បាន​ជួយ​សិស្ស​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​។ ឆ្លងឆ្លើយ​ជាមួយ​សារព័ត៌មាន​ថ្មីៗ នា​សាលាបឋមសិក្សា​ភូមិ​សង្កែ​ឡាក់ លោក អំណត់ បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​ស្វែងរក​ដៃគូ​សហការ ដើម្បី​ផ្តល់ជំនួយ​ដល់​សាលារៀន​។ ហើយ​សិស្ស​ដែល​ខ្វះខាត​ខ្លាំង ខ្ញុំ​ក៏បាន​ទាក់ទង​សប្បុរសជន​សុំ​ជំនួយ ដើម្បី​ឲ្យ​សិស្ស​បាន​រៀន​បន្ត​ដល់​អនុវិទ្យាល័យ និង​វិទ្យាល័យ​»​។​
 
​បច្ចុប្បន្ន សាលាបឋមសិក្សា​ភូមិ​សង្កែ​ឡាក់ មាន​អគារសិក្សា​មួយ​ខ្នង និង​បន្ទប់​សិក្សា​ចំនួន​ពីរ ដោយមាន​គ្រូបង្រៀន​ចំនួន​៥​នាក់​។ ក្រៅពី​ស្ថិតក្នុង​តំបន់​ដាច់ស្រយាល សាលារៀន​នេះ ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ដ៏​លំបាក​។ ដោយ​ក្តី​ស្រឡាញ់ និង​ចង់​ឲ្យ​ក្មេងៗ​នៅ​តំបន់ភ្នំ​គូលែន​មានចំណេះដឹង  ព្រមទាំង​មានការ​ឲ្យ​តម្លៃ​ពី​ប្រជា​សហគម៍ ទើប​ធ្វើ​ឲ្យ​លោក អំណត់ នៅតែ​តស៊ូ​បង្រៀន និង​គ្រប់គ្រង​នៅទីនេះ​។​
 
​សូមបញ្ជាក់ថា សាលាបឋមសិក្សា​ភូមិ​សង្កែ​ឡាក់ ដែលមាន​ទីតាំង​នៅលើ​ខ្នងភ្នំ​គូលែន ក៏បាន​បង្ហាត់បង្រៀន​សិស្ស​ឲ្យ​ចេះ​បណ្ដុះ​កូនឈើ​ប្រណិត និង​ឈើ​ជិត​ផុត​ពូជ ដើម្បី​ដាំ​បន្ថែម​នៅលើ​ភ្នំ​គូលែន ដែល​គាំទ្រ​ដោយ​ក្រុមហ៊ុន Kulara Water៕ 











Tag:
 ភ្នំ​គូលែន​
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com