អន្តរជាតិ
ទូត​អាមេរិក​ប្រចាំ​អ៊ុយ​ក្រែ​ន​បង្ហើប​អំណះអំណាង​ថ្មី ក្នុង​សំណុំរឿង​ដកតំណែង​លោក​ត្រាំ​
14, Nov 2019 , 2:37 pm        
រូបភាព
លោក ប៊ីល ថេល័រ អគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ុយក្រែន ផ្តល់សក្ខីកម្មនៅមុខគណៈកម្មធិការសភាតំណាងអាមេរិក នៅថ្ងៃ១៣ វិច្ឆិកា ២០១៩ (AFP)
លោក ប៊ីល ថេល័រ អគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ុយក្រែន ផ្តល់សក្ខីកម្មនៅមុខគណៈកម្មធិការសភាតំណាងអាមេរិក នៅថ្ងៃ១៣ វិច្ឆិកា ២០១៩ (AFP)
ដោយ:
​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​អ៊ុយ​ក្រែ​ន លោក ប៊ី​ល ថេ​ល័​រ (Bill Taylor) បានផ្តល់​សក្ខីកម្ម​នៅ​ចំពោះមុខ​គណៈ​កម្ម​ធិ​ការ​សភា​តំណាង​ថា លោក​ប្រធានាធិបតី​បាន​ស្នើសុំ​ដោយផ្ទាល់​ឲ្យ​មានការ​ស៊ើបអង្កេត​ពី​សំណាក់​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​លើ​លោក ចូ បៃ​ឌិន​។ នេះ​គឺជា​អំណះអំណាង​ថ្មី​សន្លាង​មួយ ខណៈដំណើរ​ការស៊ើបអង្កេត​ដើម្បី​ឈានទៅ​ដកតំណែង​លោក​ប្រធានាធិបតី​រៀបចំ​ឡើងជា​សាធារណៈ​លើកដំបូង នៅ​ថ្ងៃ​ពុធ​១៣ វិច្ឆិកា​។

 
​អំឡុង​សេចក្តីថ្លែងការណ៍​បឋម ដែល​ចាក់ផ្សាយ​ព្រោងព្រាត​លើ​កញ្ចក់​ទូរទស្សន៍​អាមេរិក​ជាច្រើន លោក​អគ្គរដ្ឋទូត ប៊ី​ល ថេ​ល័​រ បញ្ជាក់​ឲ្យ​ដឹងថា មន្ត្រី​របស់លោក​ម្នាក់ បាន​ស្តាប់ឮ​ការជជែក​គ្នា​តាមរយៈ​ទូរ​សព្ទ ដែល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​សួរនាំ​ពី​ការស៊ើបអង្កេត​លើ​លោក បៃ​ឌិន ដែលជា​គូប្រជែង​បក្ស​ប្រជាធិបតេយ្យ​។ 
 
​ការហៅ​ទូរ​សព្ទ​នោះ​គឺធ្វើឡើង​ជាមួយ​លោក Gordon Scondland អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​សហភាព​អឺរ៉ុប ។ បើតាម​លោក ថេ​ល័​រ លោក Scondland បាន​ប្រាប់​ទៅ​លោក​ត្រាំ​តាមរយៈ​ទូរ​សព្ទ​ពី​ភោជនីយដ្ឋាន​មួយ​ក្នុង​រដ្ឋធានី កៀវ នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​ថា អាជ្ញាធរ​អ៊ុយ​ក្រែ​ន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ដំណើរការ​ស៊ើបអង្កេត​លើ​លោក បៃ​ឌិន ។​
 
​បន្ទាប់ពី​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​បញ្ចប់ មន្ត្រី​លោក​រូបនោះ បាន​សួរ​ទៅកាន់​លោក​អគ្គរដ្ឋទូត Scondland ថា តើ​លោក​ប្រធានាធិបតី​យល់ឃើញ​បែបនេះ​អំពី​សំណុំរឿង​អ៊ុយ​ក្រែ​ន​។ លោក ថេ​ល័​រ បញ្ជាក់​បែបនេះ ដោយ​បន្ថែមថា​៖«​លោក Scondland ឆ្លើយតប​ថា លោក ត្រាំ ចាប់អារម្មណ៍​ខ្លាំង​លើ​ការស៊ើបអង្កេត​លើ​លោក បៃ​ឌិន​»​។ 
 
​ទាក់ទិន​នឹង​អំណះអំណាង​ចោទប្រកាន់​ថ្មី​នេះ លោក​ប្រធានាធិបតី ត្រាំ លើកឡើងថា នេះ​ជា​លើកដំបូង​ដែល​លោក​បាន​ស្តាប់ឮ​វា​។ ឆ្លើយ​សំណួរ​អ្នកសារព័ត៌មាន​នៅ​សេត​វិមាន​អាមេរិក អំឡុង​ជំនួប​ជាមួយ​សម​ភាគី​តួ​ក​គី Recep Tayyip Erdogan លោក ដូ​ណា​ល់ ត្រាំ អះអាង​ទៀតថា លោក​អគ្គរដ្ឋទូត Scondland ពិតជា​បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​លោក​មែន ហើយ​លោក​ប្រាប់​គាត់​ថា កុំ​ឲ្យ​កើតមាន​ការដោះដូរ​ប្រយោជន៍​ទៅវិញទៅមក​ឲ្យ​សោះ​ទោះបី​ក្រោម​កាលៈទេសៈ​ណាមួយ​ក៏ដោយ​។​
 
​ក្រៅពី​បង្ហើប​អំណះអំណាង​ថ្មី លោក​អគ្គរដ្ឋទូត ថេ​ល័​រ ជឿជាក់ថា ការផ្អាក​ជំនួយ​សន្តិសុខ​ទៅកាន់​អ៊ុយ​ក្រែ​ន​ដើម្បី​ជា​ថ្នូរ​នឹង​ការ​ទាញ​ប្រយោជន៍​នយោបាយ នឹង​កា្ល​យ​ជា​រឿង​ឆ្កួត​ឡប់​។ ដូចគ្នា​អ៊ីចឹង​ដែរ លោក George Kent ឧបការី​រង​អាមេរិក​ទទួលបន្ទុក​កិច្ចការ​អឺរ៉ុប និង​អ៊ឺ​រ៉ាស៊ី  ដែល​បាន​ទៅ​ផ្តល់​សក្ខីកម្ម​នៅ​វិមាន Capitol បាន​លើកឡើងថា លោក​ជឿជាក់ថា លោក​ប្រធានាធិបតី​កំពុង​ព្យាយាម​ជីករណ្ដៅ​កប់​ដៃគូ​ប្រជែង​នយោបាយ​របស់លោក ខណៈ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ជិត​មកដល់​។ 
 
​សូមបញ្ជាក់ថា លោក ដូ​ណា​ល់ ត្រាំ ត្រូវបាន​ចោទប្រកាន់​ពី​សំណាក់​បក្ស​សាធារណរដ្ឋ​ថា​រំលោភ​អំណាច​ប្រធានាធិបតី​ដោយ​ប្រើ​ជំនួយ​យោធា​អាមេរិក​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky ឲ្យ​បើក​ការស៊ើបអង្កេត​លើ​លោក បៃ​ឌិន និង​កូនប្រុស​លោក គឺ ហិន​ធ័​រ ដែល​ធ្លាប់ជា​សមាជិក​ប្រធាន​នាយក​នៃ​ក្រុមហ៊ុន​ថាមពល​អ៊ុយ​ក្រែ​ន​មួយ​ឈ្មោះថា Burisma ។ ភស្តុតាង​ចម្បង​មួយ​គឺ ប្រតិ​ចារិក (Transcript) ជា​ផ្លូវការ​របស់​សេត​វិមាន​អាមេរិក ដែល​បង្ហាញ​ពី​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​រវាង​លោក ត្រាំ និង​លោក Zelensky ដោយ​លោក​ប្រធានាធិបតី​អាមេរិក​បានស្នើ​សុំ​ឲ្យ​សម​ភាគី​អ៊ុយ​ក្រែ​ន​បើក​ការស៊ើបអង្កេត​លើ​លោក បៃ​ឌិន ៕

Tag:
 សហរដ្ឋអាមេរិក​
  ដូ​ណា​ល់​ត្រាំ​
  នីតិវិធី​ដកតំណែង​ប្រធានាធិបតី​
  Impeachment
© រក្សាសិទ្ធិដោយ thmeythmey.com