អន្តរជាតិ
ហ្វេសប៊ុក លុបគណនីក្លែងក្លាយចំនួន៥,៤ពាន់លានឈ្មោះ
× ក្រុមហ៊ុនហ្វេសប៊ុក នៅថ្ងៃពុធ ១៣ វិច្ឆិកា បានប្រកាសថា ខ្លួនបានលុបចោលគណនី (account) ក្លែងក្លាយប្រមាណ ៥,៤ពាន់លានឈ្មោះ ក្នុងឆ្នាំនេះ ។ ចំណាត់ការនេះ ស្តែងចេញនូវសញ្ញាណមួយនៃការប្រយុទ្ធលើប្រព័ន្ធផ្សព្វផ្សាយសង្គមប្រឆាំងនឹងព័ត៌មានមិនពិត។
នៅចំពោះមុខកំណើននៃការបង្កើតគណនីហ្វេសប៊ុកក្នុងគោលដៅឆបោក ក្រុមហ៊ុនហ្វេសប៊ុក បានប្រកាសថា ខ្លួនបានប្រឹងប្រែងចាត់វិធានការការពារ ហើយពេលខ្លះថែមទាំងបានលុបចោលគណនីហ្វេសប៊ុកភ្លាមៗក្រោយវាត្រូវបានបង្កើតឡើងទៀតផង។
«យើងបានពង្រឹងសមត្ថភាពយើងក្នុងការតាមចាប់ និងរារាំងការប៉ុនប៉ង់បង្កើតគណនីក្លែងក្លាយ និងមានចេតនាហិង្សា»។ ក្រុមហ៊ុនអ៊ីតធឺណិតយក្សអាមេរិកនេះ បញ្ជាក់បែបនេះក្នុងរបាយការណ៍តម្លាភាពចុងក្រោយបង្អស់របស់ខ្លួន ដោយបន្ថែមថា ក្រុមហ៊ុន អាចប៉ាន់ស្មានថា ជារៀងរាល់ថ្ងៃ ហ្វេសប៊ុក បង្ការមនុស្សរាល់លាននាក់ក្នុងការប៉ុនប៉ង់បង្កើតគណនីក្លែងក្លាយ ដោយប្រើប្រាស់ប្រព័ន្ធតាមចាប់ទាំងនោះ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ក្រុមហ៊ុនហ្វេសប៊ុក ជឿជាក់ថា គណនីក្លែងក្លាយ ដែលមនុស្សក្លែងបន្លំធ្វើជាមនុស្សឬស្ថាប័ននានាដែលមិនមានផងនោះ ស្មើនឹង៥ភាគរយឯណោះនៃអ្នកប្រើប្រាស់ (active) នៅទូទៅពិភពលោក អំឡុងត្រីមាសទី២ និងទី៣ក្នុងឆ្នាំ២០១៩នេះ។
បណ្តាញសង្គមហ្វេសប៊ុក បានប្រឹងប្រែងធ្វើការខ្លាំងក្នុងការស្វះស្វែងរក និងលុបចោលគណនីដែលបង្កើតឡើងក្នុងគោលដៅពង្វក់មនុស្សដែលជឿតាមរបៀបវារៈសង្គម និងនយោបាយ។ ទាក់ទិននឹងរឿងនេះ របាយការណ៍ដដែល ក៏បានបង្ហាញដែរថា រដ្ឋាភិបាលបរទេសជាច្រើន បានទាមទារសុំព័ត៌មានរបស់អ្នកប្រើប្រាស់ដែលជាតួលេខខ្ពស់ថ្មីមួយ ហើយប្រទេសសុំច្រើនជាងគេនោះគឺ សហរដ្ឋអាមេរិក។
ជារួមទៅ សំណើដែលរដ្ឋាភិបាលបរទេសដាក់ស្នើទៅកាន់ក្រុមហ៊ុនហ្វេសប៊ុកសម្រាប់ទិន្នន័យអ្នកប្រើប្រាស់ បានកើនឡើង១៦ភាគរយ ស្មើនឹង ១២៨ ៦១៨ ក្នុងរយៈពេល៦ខែនៃឆ្នាំ២០១៩។ របាយការណ៍ដដែល បញ្ជាក់ថា៖«ក្នុងចំណោមតួលេខសរុប សហរដ្ឋអាមេរិក បន្តបញ្ជូនសំណើក្នុងចំនួនច្រើនបំផុត តាមពីក្រោយដោយឥណ្ឌា ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង»។
ក្រុមហ៊ុនហ្វេសប៊ុក បានទទួលសំណើចំនួន៥០៧៤១ពីរដ្ឋាភិបាលអាមេរិកសម្រាប់ព័ត៌មានទាក់ទងនឹងគណនីចំនួន ៨២៤៦១ ដោយប្រមាណ២ភាគ៣ នៃសំណើទាំងនោះគឺធ្វើឡើងដោយហាមឃាត់មិនឲ្យហ្វេសប៊ុកជូនដំណឹងដល់អ្នកប្រើប្រាស់អំពីរឿងនេះឡើយ។ បើតាម AFP លោក Chris Sonderby អនុប្រធានក្រុមហ៊ុនហ្វេសប៊ុក អះអាងថា៖«យើងតែងតាំងពិនិត្យយ៉ាងល្អិតល្អន់រាល់សំណើរបស់រដ្ឋាភិបាលដែលយើងទទួលបានសម្រាប់ទិន្នន័យគណនីអ្នកប្រើប្រាស់ដើម្បីធានាថា វាគឺពិតជាត្រឹមត្រូវតាមច្បាប់»៕
Tag:
ហ្វេសប៊ុក
គណនីក្លែងក្លាយ
© រក្សាសិទ្ធិដោយ thmeythmey.com