ពីនេះ ពីនោះ
ពលរដ្ឋប្រើពាក្យ«ដែល»និង«ដែរ»មិនទាន់ដាច់ដោយឡែកពីគ្នាឡើយ!
× សម្តេច ជួន ណាត បានកំណត់ក្នុងវចនានុក្រមខ្មែរហើយថា ពាក្យ «ដែល»និង«ដែរ»គឺសម្រាប់ប្រើខុសគ្នា។ តែជាទូទៅ ពលរដ្ឋតែងតែមានកំហុសក្នុងការប្រើប្រាស់រវាងពាក្យទាំងពីរនេះ។
ពេលខ្លះប្រើជាពាក្យ«ដែល»មកប្រើជាពាក្យ«ដែរ»វិញ ហើយពេលខ្លះប្រើជាពាក្យ«ដែរ»មកជាពាក្យ«ដែល»វិញ។ វចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់និយមន័យពាក្យទាំងពីរនេះដូចខាងក្រោម៖
ពាក្យ«ដែល» គឺជាពាក្យប្រាប់ដំណើរនៃអំពើ សម្រាប់និយាយភ្ជាប់នាំមុខនាមសព្ទ។ ឧទាហរណ៍ ការដែលខ្ញុំធ្វើ, ពាក្យដែលគេនិយាយ,ដំណឹងដែលខ្ញុំឮ, សាលារៀនដែលរាជការចំណាយប្រាក់ឲ្យសង។ល។
ប៉ុន្តែបើជានាមសព្ទ ពាក្យ«ដែល» មានន័យថា សំណល់, របស់ដែលសល់ឬដែលគេប្រើប្រាស់ហើយ។ ឧទាហរណ៍ ស៊ីបាយដែលគេ, ស្លៀកសំពត់ដែលគេ។ ទោះជាយ៉ាងណាក្នុងន័យទីពីរនេះ មិនមានកំហុសអ្វីដែលនាំជាបញ្ហានោះទេ។ ព្រោះបើនិយាយទៅដល់អ្វីដែលសល់ពីគេ, ប្រើប្រាស់របស់បន្ទាប់ពីអ្នកណាម្នាក់គឺគេដឹងយ៉ាងច្បាស់ថា មិនអាចប្រើពាក្យ«ដែរ»បានទេ។
ដោយឡែក ចំពោះពាក្យ«ដែរ»វិញ គឺមានន័យថា ដូចគ្នា, បានដូចគ្នា, ផង។ ឧទាហរណ៍ដូចជាពាក្យថា ខ្ញុំទៅដែរ, ដូច្នេះក៏បានដែរ, អ្នកទៅជាមួយនឹងខ្ញុំដែរឬ? ល្អគ្រាន់បើដែរ។ល។
ជារួមមក តាមរយៈអត្ថន័យដែលវចនានុក្រមខ្មែរបានកំណត់ សាធារណជន ត្រូវតែចំណាំថា ពាក្យ«ដែល» គឺជាពាក្យប្រាប់ដំណើរនៃអំពើ។ ចំណែកពាក្យ «ដែរ»គឺជាពាក្យបង្ហាញពីអ្វីដូចគ្នា ដើម្បីសម្គាល់ទៅការបង្ហាញពីវត្ថុ គំនិត សកម្មភាពជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com