ជាតិ
អ្នកកាសែត​ពិតជា​មាន​ចំណែក​ក្នុង​ដំណើរការ​អភិវឌ្ឍ និង​ដំណោះស្រាយ​
14, Nov 2019 , 4:41 pm        
រូបភាព
​ខេត្ត​ព្រះសីហនុ​៖ ថ្វីត្បិតតែ​អ្នកសារព័ត៌មាន មិនមែនជា​អ្នកអនុវត្ត​លើ​គម្រោង​អភិវឌ្ឍ ឬ​ជា​អ្នក​ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​ដោយផ្ទាល់​ក៏ដោយ ប៉ុន្តែ​អត្ថបទ និង​ស្នាដៃ​សារព័ត៌មាន គឺជា​ចំណែក​ដ៏​សំខាន់​។ តំណាង​រដ្ឋាភិបាល មន្ត្រី​ទូត​អាមេរិក និង​អ្នកជំនាញ​សារព័ត៌មាន​ជាតិ​-​អន្តរជាតិ សុទ្ធតែ​បាន​អះអាង​ដូចគ្នា នា​អំឡុង​នៃ​សិក្ខាសាលា​ស្តីពី «​សេរីភាព​សារព័ត៌មាន​៖ សារព័ត៌មាន​ក្នុងការ​អភិវឌ្ឍ​» ដែល​រៀបចំ​ដោយសារ​ព័ត៌មាន​ថ្មីៗ ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។ សិក្ខាសាលា​នេះ បាន​ប្រព្រឹត្តទៅ​ពេញ​មួយ​ថ្ងៃទី​៧ ខែវិច្ឆិកា នៅ​ខេត្ត​ព្រះសីហនុ ដោយមាន​អ្នកចូលរួម​ជា​អ្នកសារព័ត៌មាន​មូលដ្ឋាន​ប្រមាណ​៤០​នាក់​។​



 
​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​តួនាទី​សារព័ត៌មាន​ក្នុង​ការជួយ​ផ្សព្វផ្សាយ​ពី​ការពិត ព័ត៌មាន​ពិត​ប្រកបដោយ​ប្រភព​ច្បាស់លាស់ ដែល​ជួយ​ដល់​ការយល់ដឹង​របស់​សាធារណជន ជាពិសេស​នៅ កម្ពុជា​ដែល​សេដ្ឋកិច្ច​មានការ​រីកចម្រើន មានការ​អភិវឌ្ឍ ដែល​ចាំបាច់​ត្រូវមាន​ការផ្សព្វផ្សាយ​ពី​ការពិត​ដល់​ប្រជាពលរដ្ឋ និង​ពិភពលោក​បានដឹង​។​


 
​រដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រូបនេះ បាន​ថ្លែង​យ៉ាងច្បាស់​ថា ការអភិវឌ្ឍ​នៅលើ​ពិភពលោក​កើនឡើង និង​កាន់​តែមាន​ភាព​ស្មុ​គ្រ​ស្មាញ ដូច្នេះ​អ្នកសារព័ត៌មាន​មាន​តួនាទី​កាន់តែ​សកម្ម​ដើម្បី​ផ្តល់ព័ត៌មាន​ពិត​ដល់​សារព័ត៌មាន និង​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​ការទប់ស្កាត់​ព័ត៌មាន​មិន​ពិត​។​
 
​ជាមួយគ្នានេះ លោក មាស សុ​ភ័​ណ្ឌ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បានលើកឡើង​ពី​កំណើន​តួលេខ​សមាគម​សារព័ត៌មាន ទូរទស្សន៍ វិទ្យុ កាសែត​បោះពុម្ពផ្សាយ ទស្សនា​វ​ដ្តី ព្រឹត្តិបត្រ​ព័ត៌មាន គេហទំព័រ និង​ទូរទស្សន៍​អន​ឡាញ នៅ​កម្ពុជា ដែល​បាន​ចុះបញ្ជី​។​


 
​ដោយ​មើលឃើញ​ពី​តួនាទី​ដ៏​សំខាន់​របស់​អ្នកសារព័ត៌មាន​យ៉ាង​ដូច្នេះហើយ ទើប មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​រូបនេះ បាន​គូសបញ្ជាក់ថា​៖ « ក្រសួង​ចូលរួម​យ៉ាងខ្លាំង​ក្នុងការ​លើកកម្ពស់​សេរីភាព​បញ្ចេញមតិ និង​សារព័ត៌​មាននៅ​កម្ពុជា តាម​ការសម្របសម្រួល ការរៀបចំ​លិខិតបទដ្ឋាន​គតិ​យុទ្ធ និង​ច្បាប់​នានា ដើម្បី​ធានាបាន​សេរីភាព​ពេញលេញ​លើ​វិស័យ​សារព័ត៌មាន​»​។ 
 
​ទាក់ទង​ស្ថានភាព​ជាក់ស្តែង​នៅ​ខេត្ត​ព្រះសីហនុ លោក Michael Newbill អនុប្រធាន​បេសកកម្ម​ការទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​គូសបញ្ជាក់ថា សារព័ត៌មាន​ប្រជាពលរដ្ឋ និង​បណ្តាញ​ព័ត៌មាន​ឯករាជ្យ ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ពន្យល់ និង​បង្ហាញ​អំពី​ការប្រែប្រួល​យ៉ាង​ឆាប់រហ័ស​របស់​ខេត្ត​លើ​បញ្ហា​បរិស្ថាន សេដ្ឋកិច្ច និង​នីតិរដ្ឋ​។ ប្រសិនបើ​គ្មាន​អ្នកសារព័ត៌មាន​ក្លាហាន​ប្រាប់​រឿងនេះ​ទេនោះ ពិភពលោក​ក៏​មិនអាច​ដឹង​ពី​ការប្រែប្រួល​របស់​ក្រុង​តំបន់ឆ្នេរ​នេះដែរ​។​


 
​បើតាម​លោក Newbill សារព័ត៌មាន មាន​ទំនួល​ខុសត្រូវ​លើ​ការផ្តល់​ព័ត៌មាន​ដល់​សាធារណជន​អំពី​ការអភិវឌ្ឍ​ក្នុង​តំបន់ និង​ថ្នាក់ជាតិ តាមរយៈ​ការបង្ហាញ​ការពិត​។ «​សារព័ត៌មាន​ជា​អ្នកឃ្លាំមើល​ឯករាជ្យ​របស់​សាធារណជន ដោយ​ធានា​មុខ​ជំនួញ អង្គការ អ្នកនយោបាយ ក៏ដូចជា​រដ្ឋាភិបាល មាន​គណនេយ្យភាព​។ ប្រសិនបើ​គ្មាន សារព័ត៌មាន​សេរី ពលរដ្ឋ​មិនអាច​រៀន​អំពី​អំពើពុករលួយ​បាន​នោះឡើយ​»​។ នេះ​ជា​អះអាង​របស់​មន្ត្រី​ទូត​អាមេរិក ដោយ​បន្ថែមថា អ្នកកាសែត​មិនត្រូវ​ផ្តល់នូវ​ទស្សនវិស័យ​តែ​ម្ខាង ហើយ​វាយតម្លៃថា ត្រឹមត្រូវ​ឥតខ្ចោះ​នោះឡើយ​។​
 
​លោក គី សុខ​លីម ស្ថាបនិក និង​ជា​ចាងហ្វាង​ការផ្សាយ​សារព័ត៌មាន​ថ្មីៗ ក្នុង​សន្ទរកថា ស្វាគមន៍​កម្មវិធី បាន​គូសបញ្ជាក់ថា ក្រៅពី​សារព័ត៌មាន​នយោបាយ សិទ្ធិមនុស្ស វិទ្យាសាស្ត្រ កម្សាន្ត ជាដើម គេ​ហាក់ដូចជា​ភ្លេច​តួនាទី សម្រាប់​ការអភិវឌ្ឍ ឬ​សារព័ត៌មាន​ដើម្បី​ដំណោះស្រាយ​។ លោក​បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖ «​តួនាទី​សារព័ត៌មាន​ចុង​ក្រោយនេះ គឺ​មានន័យថា អ្នកសារព័ត៌មាន​មិន​ចង់ ឬ​មិន​ធ្វើ​សេចក្ដីរាយការណ៍ ដោយ​គ្រាន់តែ​រិះគន់ ប្រមាថ ប្រឆាំងនឹង​បញ្ហា​ដែល​កំពុង​កើតមាន​នោះទេ​។ ប៉ុន្តែ​ពួកគេ​ចូលចិត្ត​ធ្វើ​សេចក្ដីរាយការណ៍​ព័ត៌មាន​ណា​ដែលជា​គំនិត​ពិចារណា រក​ដំណោះស្រាយ​ច្រើនជាង​។ អ្នកសារព័ត៌មាន ដើម្បី​អភិ​ឌ្ឍ ច្រើន​សរសេរ​ព័ត៌មាន​ណា ដែល​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច ធនធានមនុស្ស​»​។ 


 
​លោក គី សុខ​លីម បាន​បន្ថែមថា ពាក្យ Critical Thinking ជា​ពាក្យ​ល្អ ដែល​កូន​ខ្មែរ​មួយចំនួន​អាច​គិត​ខុស​ថា គំនិត​រិះគន់​ប្រឆាំង​។ តាមពិត​មានន័យ​របស់​វា​ល្អ គឺ​ការគិត​ពិចារណា​ដោយ​ល្អិតល្អន់ មិនមែន​មានន័យថា​ការគិត​បែប​រិះគន់​ប្រឆាំង​នោះទេ​។ ដូច្នេះ អ្នកកាសែត គួរប្រើ​ប្រាស់​អាជីព​រប​ស់​ខ្លួន​រិះគន់ បែប​ពិចារណា​គ្រប់​ជ្រុងជ្រោយ Reflective Thinking ជាជាង​ការរិះគន់ ដែល​គ្មាន​ដំណោះស្រាយ​។ 
 
​ដូចគ្នា​ផងដែរ លោក Pierre Gillette អ្នក​បណ្តុះបណ្តាល​សារព័ត៌មាន​ឯករាជ្យ និង​ជា​អតីត​និពន្ធ​នាយក​កាសែត​បារាំង Cambodge Soir បាន​លើកយក​ការសិក្សា​មួយ​ដែល​បង្ហាញថា ការអភិវឌ្ឍ​បណ្តាញ​ព័ត៌មាន រួមចំណែក​បង្កើន​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ដំណើរ​ជីវិត​នៅក្នុង​ប្រទេស​របស់​ពួកគេ និង​ជះឥទ្ធិពល​ជា​វិជ្ជមាន​លើ​កំណើនសេដ្ឋកិច្ច​។​


 
​លោក Pierre លើកទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន ឲ្យ​ហ៊ាន​បើក​កកាយ​ការពិត ដោយ​មិន​គ្រាន់តែ​រៀបរាប់​អង្គហេតុ​នោះឡើយ ពោលគឺ​ត្រូវ​ដើរតួ​ជា​«​សារព័ត៌មាន​បែប​ស្ថាបនា​» ឬ «​សារព័ត៌មាន​នៃ​ដំណោះស្រាយ​»​។ លោក​បាន​ណែនាំ​ថា​៖ «​ស្វែងរក​វិធី​ដោះស្រាយ​បញ្ហា ប្រសើរ​ជាង​ការ​គ្រាន់តែ​ត្អូញត្អែរ​ចំពោះ​បញ្ហា​ដែល​កំពុង​កើតមាន​»​។​
 
​ងាក​ទៅ​វាគ្មិន​ម្នាក់ទៀត​គឺ លោក Steven Reiner សាស្ត្រាចារ្យ​ជំនួយ​ផ្នែក​សារព័ត៌មាន និង​ផ្នែក​សិល្បៈ​ព័ត៌មាន​នៅ​មហាវិទ្យាល័យ Chapman សហរដ្ឋអាមេរិក ឯណោះ​វិញ បានកត់សម្គាល់​ពី​បញ្ហា​ផ្សេងៗ​សម្រាប់​អ្នកសារព័ត៌មាន​ក្នុង​បេសកកម្ម​របស់ខ្លួន​។ 


 
​លោក​បាន​លើកឡើងថា​ពាក្យ Fake News ត្រូវបាន​គេ ពោលគឺ​អ្នកនយោបាយ ប្រើប្រាស់​ជា​គោលដៅ​នៃ​ការវាយប្រហារ​សារព័ត៌មាន​សេរី ហើយ​៦០​ភាគរយ​នៃ​អ្នក​ចែករំលែក​ព័ត៌មាន​បន្ត​ពី​ម្នាក់​ទៅ​ម្នាក់ មិនបាន​អាន​ខ្លឹមសារ​ព័ត៌មាន​នោះឡើយ ដោយ​ពួកគេ​យក​បេះដូង​ទៅ​វាយតម្លៃ មុន​ខួរក្បាល​។ បញ្ហា​ទាំងនេះ តម្រូវ​ឲ្យ​អ្នកសារព័ត៌មាន​ពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ​របស់ខ្លួន​ដើម្បី​សាង​ជំនឿ​ទុកចិត្ត​ពី​សំណាក់​អ្នកអាន ដើម្បី​រួមចំណែក​ទប់ស្កាត់​ការចែករំលែក​ព័ត៌មាន​គ្មាន​ការគិត​ពិចារណា​ក្នុងសម័យ​ឌីជីថល​។​
 
​សម្រាប់​ការអនុវត្ត​ការងារ​ជាក់ស្តែង​នៅ​ខេត្ត​ព្រះសីហនុ​ផ្ទាល់ លោក ដែន អយុធ្យា ប្រធាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​សារព័ត៌មាន​សហគមន៍ (CMTC) នៅ​ខេត្ត​ព្រះសីហនុ និង​ជា​ចាងហ្វាង​គេហទំព័រ «​កម្ពុជា​ថ្ងៃនេះ​» បាន​បញ្ជាក់ថា សារព័ត៌មាន​មូលដ្ឋាន​ជួបប្រទះ​បញ្ហា​ជាច្រើន ជាពិសេស​ទាក់ទង​នឹង​រឿងរ៉ាវ​គ្រឿងញៀន ព្រៃឈើ អចលនទ្រព្យ និង​ដីធ្លី​ជាដើម​។​


 
«​យើង​តែងតែ​ព្យាយាម​ផ្សាយ​ការពិត​ដើម្បី​ផ្តល់ព័ត៌មាន​ពិត​សម្រាប់​ប្រជាពលរដ្ឋ ហើយ​ពេលខ្លះ​យើង​ទទួលរង​នូវ​ការបំភិតបំភ័យ និង​ការយាយី​ផ្លូវច្បាប់ ប៉ុន្តែ​អ្នកកាសែត​នៅ​ខេត្ត​ព្រះសីហនុ​យើង​នេះ ធ្វើការ​រួមគ្នា​ដូចជា​សម្ល​កំ​ពឹង​អ៊ីចឹង​»​។ លោក​បាន​ពន្យល់​យ៉ាង​ដូច្នេះ ដោយ​បន្ថែមថា ការរាយការណ៍​ច្រើន បាន​នាំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅក្នុង​មូលដ្ឋាន​ផងដែរ​៕





Tag:
 សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com