ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ប្រាប់​ឱ្យ​អ្នករៀបចំ​កម្មវិធី​ទាំងអស់ ត្រូវ​រៀប​អាសនៈ​សង្ឃ​ទាំងពីរ​គណៈ​ឱ្យបាន​ត្រឹមត្រូវ
14, Nov 2019 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ ការរៀបចំ​កៅអី​អាសន​របស់​ព្រះសង្ឃ នៅតែ​មិនទាន់​ត្រឹមត្រូវ ក្នុង​កម្មវិធី​មួយចំនួន​។ សម្ដេច ហ៊ុន សែន លើកឡើង​បែបនេះ ដោយសារតែ​សម្ដេច​មើលឃើញ​ផ្ទា​ល់ពី​បញ្ហា​រៀបចំ​អាសនៈ​សង្ឃ នៅក្នុង​កម្មវិធី​សម្ពោធ​រោងចក្រ​ផលិត​ស៊ីម៉ង់​តិ៍ «​ថៃ ប៊ុន​រ៉ុង​» នា​ព្រឹក​ថ្ងៃទី​១៤ វិច្ឆិកា​។​

 
​នៅក្នុង​កម្មវិធី​សម្ពោធ​រោងចក្រ​នេះ សម្ដេច ហ៊ុន សែន មើលឃើញ​កំហុស​អ្នករៀបចំ​កម្មវិធី ដែល​បាន​រៀប​អាសន​ឱ្យ​ព្រះសង្ឃ​គណៈមហានិកាយ គង់នៅ​ខាងមុខ ហើយ​ព្រះសង្ឃ​គណៈធម្មយុត្តិកនិកាយ គង់នៅ​ខាងក្រោយ​។ សម្រាប់​សម្ដេច ហ៊ុន សែន ការរៀបចំ​បែបនេះ វា​មិន​ត្រឹមត្រូវ​តាម​ក្បួន​ឡើយ​។ បើតាម​សម្ដេច គណៈសង្ឃ​ទាំងពីរ គឺ​ត្រូវ​រៀបចំ​កៅអី​អាសន​ស្មើគ្នា ពោលគឺ​គ្មាន​ការបែងចែក​ឡើយ​។​



 
​ក្នុងន័យនេះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បកស្រាយ​ដោយ​យោងតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា ត្រង់​មាត្រា​១៣​ថ្មី ស្តីអំពី​ព្រះមហាក្សត្រ ដែល​ចែង​ពី​សមាសភាព​នៃ​ក្រុមប្រឹក្សារាជសម្បត្តិ ដោយ​ក្នុងនោះ រួមមាន​ប្រធានព្រឹទ្ធសភា និង​អនុប្រធាន​ពីររូប​, ប្រធានរដ្ឋសភា និង​អនុប្រធាន​ពីររូប​, នាយករដ្ឋមន្ត្រី និង​សម្ដេច​ព្រះសង្ឃ​រាជ្យ គណៈមហានិកាយ និង​គណៈធម្មយុត្តិកនិកាយ​។​
 
​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា​៖ «​ន័យត្រង់​នេះ​(​មាត្រា​១៣​ថ្មី​) គ្រប់គ្រាន់​ឱ្យបាន​ដឹងថា អាសន​ក្រម​គឺ​នៅ​ស្មើគ្នា ដូច្នេះ​គ្រប់​ទីកន្លែង​ទាំងអស់​បើ​និមន្ត​តែ​មហានិកាយ គឺ​ដាក់​មហានិកាយ​នៅខាងមុខ​ចុះ​។ ប៉ុន្តែ​បើ​និមន្ត​ទាំងពីរ​អង្គ​(​គណៈមហានិកាយ និង​គណៈធម្មយុត្តិកនិកាយ​) មកហើយ ត្រូវ​រៀបចំ​ឱ្យ​ស្មើគ្នា កៅអី​ឱ្យ​ស្មើគ្នា​»​។​
 
​បើតាម​សម្ដេច ហ៊ុន សែន រដ្ឋធម្មនុញ្ញ​កម្ពុជា មិនបាន​ចែងថា ព្រះសង្ឃ​ទាំងពីរ​គណៈ មាន​សិទ្ធិ​ស្មើគ្នា​ទេ ប៉ុន្តែ​គេ​មើល​ទៅលើ​សមាសភាព​នៃ​ក្រុមប្រឹក្សារាជសម្បត្តិ​។ «​អ៊ីចឹង​ទេ បានសេចក្តីថា ព្រះសង្ឃរាជ​ទាំងពីរ​គណៈ យាង​ចូលរួម គឺ​ត្រូវ​នៅ​កៅអី​ស្មើគ្នា​»​។ នេះ​ជាការ​អះអាង​របស់​នាយ​ក​រដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​បន្ថែមថា ព្រះ​មេគុណ និង​អនុគុណ ក៏ត្រូវ​រៀបចំ​កៅអី​ស្មើគ្នា រួមទាំង​ព្រះចៅអធិការ​វត្ត​ផងដែរ​៕

Tag:
 ហ៊ុន សែន​
  ពុទ្ធសាសនា​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com