ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
សេដ្ឋកិច្ច
អចលនទ្រព្យ
ដីធ្លី​៖ អ្នកសេដ្ឋកិច្ច​បារម្ភ​ពី​ការ​«​ទិញ​ទុក​លក់​យកចំណេញ​»​សព្វថ្ងៃ ដែល​អាច​នាំ​ដល់​វិបត្តិ​
14, Nov 2019 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក គី សេរី​វឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ក្រើនរម្លឹក​ឲ្យ​មានការ​យកចិត្តទុកដាក់​ចំពោះ​វិស័យ​អចលនទ្រព្យ ដែល​លោក​អះអាងថា​វិស័យនេះ​ជិត​ដល់​ស្ថានភាព​ទុំ​ជោរ​ហើយ​។ អ្នកជំនាញ​រូបនេះ បាន​សង្កេតឃើញ​ពី​សកម្មភាព​ទិញ​អចលនទ្រព្យ​សព្វថ្ងៃនេះ ច្រើន​ជាការ​ទិញ​ទុក​លក់​យកចំណេញ មិនមែនជា​ទិញ​សម្រាប់​ការរស់នៅ​ពិតប្រាកដ​។ ហើយ​ប្រកា​នេះ​អាច​ឈានដល់​ស្ថានភាព​ទ្រឹង ឬ​ជាប់គាំង​។

​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក គី សេរី​វឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដូចតទៅ​នេះ​៖


 
 
​តាមរយៈ​កិច្ច​សម្ភាស​ខាងលើនេះ លោក គី សេរី​វឌ្ឍន៍ មានប្រសាសន៍ថា វា​ជា​ហានិភ័យ​ចំពោះ​វិស័យ​អចលនទ្រព្យ និង​ប្រព័ន្ធ​ធនាគារ ដោយសារ​ការទិញ​ទុក​លក់​យកចំណេញ​ទាំងនោះ ដែល​អាច​ដល់​ស្ថានភាព​លក់​មិន​ចេញ ឬ​ទីផ្សារ​ទ្រឹង​។ អ្នកមួយ​ចំនួន​ខ្ចីបុល​ធនាគារ ដើម្បី​ទិញ​លក់​អចលនទ្រព្យ​ទាំងនោះ​។ នេះ​ហានិភ័យ បើ​ស្ថានភាព​ខុសពី​ការ​រំ​ពឹ​ក​ទុក​របស់​អ្នក​ទាំងនោះ ហើយ​ផុង​លុយ​ក្នុង​វិស័យនេះ​។​
 
«​ខ្ញុំ​បាន​ឲ្យ​ការចាប់អារម្មណ៍​ថា បន្តិចទៀត​ទៅ​មនុ​ស្សទិញ​គ្រប់គ្នា ខ្ញុំ​ឃើញ​បុរី​ដែល​សង់​លក់ សង់​លក់​អស់ៗ តែ​មិនមែន​គេ​ទិញ​សម្រាប់​រស់នៅ​ទេ គឺ​ទិញ​សម្រាប់​លក់​បន្ត អ៊ីចឹង​ដល់ពេល​វា​ទុំ​ជោរ ក្លាយជា​អ្នកលក់​ផ្ទះ​គ្រប់គ្នា អ្នកលក់​ដី​គ្រប់គ្នា ពេលនោះ​ហើយ​ដែល​រក​អ្នកទិញ​អត់​បាន ហើយ​វា​នឹង​ឈានដល់​វិបត្តិ​២០០៨​ដែរ​»​។ លោក គី សេរី​វឌ្ឍន៍ គូសបញ្ជាក់​ដូច្នេះ​។​
 
​ជាមួយគ្នានេះ លោក គី សេរី​វឌ្ឍន៍ ក៏បាន​មើលឃើញថា មាន​អ្នក​កំពុង​ដកថយ​ពី​ទីផ្សារ​នេះ​មួយចំនួន​ដែរ ដែល​បង្ហាញ​ការជឿជាក់​ក្នុង​វិស័យ​មានការ​ថមថយ​។ លោក​លើកឡើង​ដូច្នេះ​ថា​៖«​មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ដកខ្លួន​ពី​ទីផ្សារ​នេះ​ទៅហើយ​តែ​គាត់​លក់​ចេញ​ទៅវិញ​អត់​បាន ហើយ​ទី​២​ដោយសារ​ថយ​ចំនួន​អន្តោរ​ប្រវេសន៍​ចិន​ចេញពី​កម្ពុជា បានធ្វើ​ឲ្យ​ចាប់អារម្មណ៍​ថា​នឹង​ថយ​នូវ​ទីផ្សារ​អចលនទ្រព្យ​»៕

Tag:
 គី សេរី​វឌ្ឍន៍​
  អចលនទ្រព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com