ជាតិ
​​​ន​យោ​បាយ​ជាតិ​
​លោកស្រី​ទូត​ស្វី​ស Helene Budliger Artieda ពី​បាងកក មកជួប​លោក កឹម សុខា​
15, Nov 2019 , 6:29 am        
រូបភាព
លោក កឹម សុខា នាពេលរង់ចាំស្វាគមន៍ទូតអង់គ្លេសកាលពីថ្ងៃទី១៤ ខែវិច្ឆិកា។ រូបថត សៅ សុខអេង
លោក កឹម សុខា នាពេលរង់ចាំស្វាគមន៍ទូតអង់គ្លេសកាលពីថ្ងៃទី១៤ ខែវិច្ឆិកា។ រូបថត សៅ សុខអេង
ដោយ: ថ្មីៗ
​លោក កឹម សុខា អតីត​ប្រធាន​គណបក្សប្រឆាំង នា​រសៀល​ម៉ោង​៤ និង​៤៥​នាទី ថ្ងៃ​សុក្រ ទី​១៥ ខែវិច្ឆិកា នេះ ត្រូវ​ទទួល​ស្វាគមន៍​លោកស្រី Helene Budliger Artieda ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ស្វី​ស​ដែលមាន​ស្ថាន​ឯកអគ្គរដ្ឋទូត​នៅ​ទីក្រុង​បាងកក ទទួលបន្ទុក​រាជាណាចក្រ​ថៃ ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​



​លោកស្រី Helene Budliger Artieda គឺជា​ភ្ញៀវ​ទូត​៨​ដែល​នឹង​ទៅ​សួរ​សុខ​ទៅ​លោក កឹម សុខា ដល់​គេហដ្ឋាន​នៅ​ខណ្ឌទួលគោក បើ​គិត​ចាប់តាំងពី​សាលាដំបូង​រាជធានី​ភ្នំពេញ បើកទូលាយ​សិទ្ធិ​ឲ្យ​អតីត​មេដឹកនាំ​បក្សប្រឆាំង​រូបនេះ អាច​ដើរហើរ​នៅផ្ទះ​បាន​ក្នុង​ដែន​ប្រទេស​កម្ពុជា នា​ថ្ងៃទី​១០ ខែវិច្ឆិកា កន្លងមក​។​

​នៅក្រោយ​ជំនួប អង្គទូត​ជាច្រើន​បាន​អំពាវនាវ​ឲ្យ​មានការ​ទម្លាក់​បទចោទប្រកាន់​ទាំងស្រុង​លើ​អតីត​មេបក្ស​ប្រឆាំង​រូបនេះ រីឯ​លោក កឹម សុខា ផ្ទាល់ខ្លួន​ឯណោះ​វិញ លោក​ប្រាប់​ទៅ​អ្នកកាសែត​ថា លោក​មិន​ហ៊ាន​និយាយ​អ្វី​ឡើយ ព្រោះ​ខ្លាច​ចូលក្នុង​អត្ថន័យ​នយោបាយ​ដែល​តុលាការ​ហាមប្រាម​។​

​កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា លោក កឹម សុខា បានទទួល​ជួប លោកស្រី​ទូត​បារាំង Eva Nguyen Binh និង​ទូត​អាមេរិក លោក W.Patrick Murphy ហើយ​ថ្ងៃ​បន្តបន្ទាប់​លោក ជួប​ទូត​អាល្លឺម៉ង់ លោក Christian Berger និង​ទូត​អូស្ត្រាលី លោកស្រី Angela Corcora  លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​នៃ​គណ​:​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង ទូត​ជប៉ុន​លោក Mikami Masahiro ។​

​កាលពី​ម្សិលមិញ លោក កឹម សុខា ទទួល​ការស្វាគមន៍​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​លោកស្រី Tina Redshaw ឯកអគ្គរាជទូត​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​៕


© រក្សាសិទ្ធិដោយ thmeythmey.com