ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឧស្សាហ៍​ជាំ​ខៀវ​លើ​ស្បែក​មែន​ទេ​? ជំងឺ​ទឹកនោមផ្អែម​ជា​មូលហេតុ​មួយ​ក្នុងចំណោម​បញ្ហា​ផ្សេងទៀត​
16, Nov 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​អ្វីដែល​អ្នក​គួរ​ធ្វើ​ប្រសិនបើ​មាន​ស្នាម​ជាំ​ខៀវ​លេច​ឡើងលើ​ស្បែ​កដោយ​គ្មាន​មូលហេតុ​?  តើ​វា​អាច​កើតឡើង​បាន​យ៉ាងដូចម្ដេច​ហើយ​គួរ​បារម្ភ​ឬទេ​? ស្នាម​ជាំ​ខៀវ​លើ​ស្បែក​បណ្ដាលមកពី​សរសៃ​ឈាម​ឆ្មារៗ​ស្ដើង​ពេក​។ ហេតុអ្វី​ទើប​ដូច្នេះ​?



​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​មូលហេតុ​ទូទៅ​បំផុត​មួយចំនួន​នៃ​បញ្ហា​ឡើង​ជាំ​ខៀវ​លើ​ស្បែក​ញឹកញាប់ ៖ 
 
១. ការហ្វឹកហាត់​លើក​ទម្ងន់ ឬ​ការលើក​របស់របរ​ធ្ងន់ៗ​
 
​ការលើក​ទម្ងន់​ជា​មូលហេតុ​ចម្បង​បំផុត​មួយ​នៃ​បញ្ហា​ឡើង​ជាំ​ខៀវ​លើ​ស្បែក​។ នេះ​មានន័យថា​សរសៃឈាមរ​បស់​អ្នក​គឺ​ខ្សោយ​រួចទៅហើយ ខណៈដែល​សកម្មភាព​រា​ង​កាយ​ប៉ះ​ត្រូវ​វា​នឹង​បង្ក​ជា​ស្នាំ​ជាំ​ខៀវ​។ ទោះជា​យ៉ាងណា​សកម្មភាព​រាងកាយ​ច្រើនពេក ឬ​ខ្លាំងក្លា​ពេក​ក៏​អាច​បណ្ដាល​ឲ្យ​ខូចខាត​ដល់​សរសៃ​​ឈាម​ឆ្មារៗ​ដែលមាន​សុខភាព​ល្អ​គួរ​ឲ្យ​កត់សម្គាល់​។ ឧទាហរណ៍​ការលើក​ទ​ម្ង​ន់ ឬ​របស់របរ​ធ្ងន់ៗ​ដែល​អ្នក​មិន​ធ្លាប់ធ្វើ​សោះ​អាច​បង្ក​គ្រោះថ្នាក់​មែនទែន​។ សូម្បីតែ​ក្មេងៗ​ក៏​អាច​ជួបប្រទះ​ស្នាម​ជាំ​ខៀវ​លើ​ស្បែក​ដោយសារ​ការ​ស្ពាយ​កាតា​ប​ធ្ងន់ៗ​ផងដែរ​។ ស្នាម​ជាំ​ខៀវ​ប្រភេទ​នេះ​មិន​គ្រោះថ្នាក់​ខ្លាំង​ទេ ប៉ុន្តែ​វា​ជា​សញ្ញា​បង្ហាញ​ឲ្យ​ដឹងថា​អ្នក​លើក​ធ្ងន់​ហួស​។​
 
២. ការទទួល​ទាន​ថ្នាំ​មួយចំនួន​

​ថ្នាំ​មួយចំនួន​ដូចជា​ថ្នាំ​ប្រឆាំងនឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត ថ្នាំ​បំបាត់​ការឈឺចាប់ ថ្នាំ​ប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ ថ្នាំ​គ្រាប់​ជាតិ​ដែក ឬ​ថ្នាំ​ហឺត​អាច​ជះឥទ្ធិពល​ដល់​ឈាម​ដែល​បណ្ដាល​ឲ្យ​កើតមាន​ស្នាម​ជាំ​ខៀវ​លើ​ស្បែក​។ ហើយ​ថ្នាំ​មួយ​ប្រភេទ​ទៀត​ដែល​ធ្វើអោយ​ឈាម​កាន់តែ​រាវ​និង​អាច​បណ្ដាល​ឲ្យ​ស្បែក​ឡើង​ជាំ​ខៀវ​នោះ គឺ​អាស្ពីរីន​។ ប្រសិនបើ​អ្នក​សម្គាល់​ឃើញ​ទំនាក់ទំនង​រវាង​ការទទួល​ទាន​ថ្នាំ​ជាមួយ​បញ្ហា​មិន​ប្រក្រតី​លើ​ស្បែក ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​។​
 
៣. ជំងឺ​ពាក់ព័ន្ធ​នឹង​ឈាម​

​ជា​ញឹកញយ​ជំងឺ​ពាក់ព័ន្ធ​នឹង​ឈាម ក៏ដូចជា​សរសៃឈាម គឺអាច​បណ្ដាល​ឲ្យ​មាន​ស្នាម​ជាំ​ខៀវ​លើ​ស្បែក​។ កុំ​ពន្យារពេល​នឹង​ទៅ​ជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ ជាពិសេស​ប្រសិនបើ​អ្នក​សម្គាល់​ឃើញ​មាន​រោគសញ្ញា ឬ​អា​ការៈគួរ​ឲ្យ​ព្រួយបារម្ភ​ដទៃទៀត​ដូចជា​ឈឺចាប់​និង​ហើមជើង ឈាម​អញ្ចាញ ឬ​ហូរឈាម​ច្រមុះ​អម​មកជា​មួយ​។​
 
៤. កង្វះ​សារធាតុចិញ្ចឹម​

​ពេលខ្លះ​ស្នាម​ជាំ​ខៀវ​លើ​ស្បែក​ក៏​អាច​បណ្ដាលមកពី​កង្វះ​សារធាតុចិញ្ចឹម​ក្នុង​រាងកាយ​ផងដែរ​។​ឧទាហរណ៍​វីតាមីន B12 រួច​ចំណែក​ក្នុងការ​ផលិត​ឈាម ខណៈដែល​វីតាមីន K ទទួលខុសត្រូវ​លើ​ការ​កកឈាម ហើយ​វីតាមីន C ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើត​ជាលិកា​ថ្មី​។ ប្រសិនបើ​គ្មាន​វា​ទេ សរសៃឈាម​នឹង​ប្រែជា​ផុយស្រួយ​ហួស​។ តុល្យភាព​នៃ​ជាតិ​ដែក​ក៏​សំខាន់​សម្រាប់​រាងកាយ​ផងដែរ ប្រសិនបើ​ខ្វះ ឬ​មាន​ច្រើនពេក​សរសៃឈាម​ឆ្មារៗ​នឹង​ខូចខាត​។ ទោះជា​យ៉ាងណា​កុំ​ប្រញាប់​ទៅ​ទិញ​វីតាមីន​ណាមួយ​មក​លេប​! ត្រូវ​ពិនិត្យថា​រាងកាយ​ខ្វះ​វីតាមីន​អ្វី​ជាមុនសិន ហើយ​កុំ​ភ្លេច​ផ្លាស់ប្ដូរ​របប​អាហារ​ដោយ​រួមបញ្ចូល​នូវ​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន​ដែល​រាងកាយ​ត្រូវការ​។ 
 
៥. អតុល្យភាព​អ័រម៉ូន​

​ស្នាម​ជាំ​ខៀវ​ក៏​អាច​លេចឡើង​នៅពេល​រាងកាយ​ថយចុះ​ទាប​ពេក​នូវ​អ័រម៉ូន estrogen ផងដែរ​។​ស្ថានភាព​នេះ​ច្រើន​កើតឡើង​នៅពេល​អ្នក​អស់​រដូវ ឬ​កំពុង​ទទួលទាន​ថ្នាំ​គ្រាប់​អ័រម៉ូន ឬ​មាន​ផ្ទៃពោះ​។​
 
៦. ទឹកនោមផ្អែម​

​ភាគច្រើន​នៃ​ពួកយើង​ច្រើនតែ​គិត​ទៅដល់​ឈាម​និង​ជាតិ​ស្ករ​នៅពេល​និយាយ​អំពី​ជំងឺ​ទឹកនោមផ្អែម​។​ជំងឺ​នេះ​ជះឥទ្ធិពល​អវិជ្ជមាន​គួរ​ឲ្យ​ព្រួយបារម្ភ​លើ​ដំណើរការ​នៃ​ចរន្តឈាម ដូច្នេះ​វា​ងាយ​នឹង​បណ្ដាល​ឲ្យ​លេចឡើង​នូវ​ស្នាម​ជាំ​ខៀវ​លើ​ស្បែក​បំផុត​។ ហើយ​ស្នាម​ជាំ​លើ​ស្បែក​ក៏​អាចជា​រោគសញ្ញា​ដំបូង​បំផុត​មួយ​នៃ​ជំងឺ​ទឹកនោមផ្អែម​ដំណាក់កាល​ដំបូង​ផងដែរ​។ រោគសញ្ញា​ដទៃទៀត​រួមមាន ឧស្សាហ៍​ស្រេកទឹក របួស​យូរ​ជាសះស្បើយ ឆាប់​ហត់​អស់កម្លាំង មើល​លែង​សូវ​ច្បាស់​ព្រិលៗ ហើយ​មាន​ស្នាម​អ៊ុច​ពណ៌​សៗ​លើ​ស្បែក​។​
 
​សម្គាល់​៖ ថា​តើ​ស្នាម​ជាំ​ខៀវ​លើ​ស្បែក​បែបណា​ទើប​គ្រោះថ្នាក់​?
 
​ជាទូទៅ​ភ្លាមៗ​ក្រោយ​មាន​របួស​ណាមួយ ស្នាម​ជាំ​អាច​ប្រែជា​ក្រហម​។ នេះ​ជា​ពណ៌​នៃ​ឈាម​ក្រោម​ស្បែក​។ បន្តិចក្រោយមក​រាងកាយ​ចាប់ផ្ដើម​បំបែក​ឈាម ហើយ​ស្នាម​ជាំ​នឹង​ប្រែជា​ខ្មៅ ខៀវ ឬ​ពណ៌​ស្វាយ​។ ក្នុងកំឡុងពេល​ពី ៥ ទៅ ១០ ថ្ងៃ កន្លែង​របួស​គួរ​ប្រែជា​ពណ៌​លឿង ឬ​បៃតង​។ ហើយ​នៅ​ដំណាក់កាល​ចុងក្រោយ គឺ​រយៈពេល​ពី ១០ ទៅ ១៤ ថ្ងៃក្រោយ​របួស ស្នាម​ជាំ​នឹង​ប្រែជា​ពណ៌​ត្នោត ហើយ​ស្រាល​ទៅៗ​។​
 
​ប្រយ័ត្ន​! ជាធម្មតា​ស្នាម​ជាំ​នឹង​បាត់​ទៅវិញ​ក្នុង​រយៈពេល​មិន​លើសពី ២ សប្តាហ៍​ក្រោយ​របួស​ឡើយ​។ ដូច្នេះ​ប្រសិនបើ​អ្នក​សម្គាល់​ឃើញ​ពណ៌​នៃ​ស្បែក​មាន​ភាពប្រែប្រួល​ខុសពី​បាន​រៀបរាប់​ខាងលើ ឬ​ប្រសិន​ស្នាម​ជាំ​មិន​បាត់​ទៅវិញ​ក្នុង​រយៈពេល ២ សប្តាហ៍​ក្រោយ​កើតមាន​ទេនោះ ចូរ​ប្រញាប់​ទៅ​ជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com