អន្តរជាតិ
កិច្ចចរចា​ពាក់ព័ន្ធ​នឹង​ជម្លោះ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​លើ​ទន្លេ​នី​ល​ចាប់ផ្តើម​ឡើងវិញ បន្ទាប់ពី​មានការ​ជំរុញ​ពី​អាមេរិក​
15, Nov 2019 , 1:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​សេត​វិមាន ៖ បន្ទាប់ពី​មាន​កិច្ចប្រជុំ​មួយ​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នាពេល​ថ្មីៗ​នេះ​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​អេ​ហ្ស៊ី​ប អេ​ត្យូ​ពី និង​ស៊ូដង់​បាន​តាំងចិត្ត​ធ្វើ​ឲ្យ​មាន​កិច្ចព្រមព្រៀង​មួយ ពាក់ព័ន្ធ​នឹង​ជម្លោះ​នៃ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គស​នី Grand Ethiopian Renaissance របស់​ប្រទេស​អេ​ត្យូ​ពី​នៅត្រឹម​ខែមករា​ឆ្នាំក្រោយ​។​

 
​នៅមុន​កិច្ចប្រជុំ​នេះ រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំងបី​នេះ​បាន​ជួប​ជាមួយនឹង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump នៅ​សេត​វិមាន​សហរដ្ឋអាមេរិក​។ លោក Trump បាន​ផ្តោត​ការយកចិត្តទុកដាក់​លើ​ជម្លោះ​នេះ បន្ទាប់ពី​ប្រធានាធិបតី​អេ​ត្យូ​ពី​លោក Abdel Fattah el-Sisi បានស្នើ​ឲ្យ​លោក Trump ជួយ​ធ្វើជា​អ្នកសម្របសម្រួល​នៅក្នុង​ជម្លោះ​នេះ​។​
 
​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គស​នី​របស់​ប្រទេស​អេ​ត្យូ​ពី​ដែលមាន​ប្រវែង​ជិត​២ គីឡូម៉ែត្រ​ត្រូវបាន​គ្រោង​ធ្វើឡើង​ដើម្បី​ផលិត​ថាមពល​អគ្គិសនី​៦០០០​ម៉េ​ហ្គា​វ៉ា​ត់ ប៉ុន្តែ​គម្រោង​នេះ​បាន​ក្លាយជា​បញ្ហា​រវាង​ប្រទេស​អេ​ហ្ស៊ី​ប​និង​ប្រទេស​ស៊ូដង់​។​
 
​ជម្លោះ​អូសបន្លាយ​អស់​ជាច្រើន​ឆ្នាំ​នៃ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី Grand Ethiopian Renaissance របស់​អេ​ត្យូ​ពីនេះ ត្រូវបាន​គេ​លើក​មក​ពិភាក្សា​នៅក្នុង​ការិយាល័យ​ប្រជុំ​របស់​ប្រធានាធិបតី​អាមេរិក​។​
 
​ជំនួប​រវាង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump រវាង​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំងបី​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃ​ពុធ​ទី​៦ ខែវិច្ឆិកា​កន្លងទៅនេះ​។ កិច្ចប្រជុំ​នេះ​មិនត្រូវ​បានប្រកាស​ជា​សាធារណៈ​នៅក្នុង​តារាង​ប្រជុំ​របស់លោក Trump​ទេ​។​
 
​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា តើ​អ្វី​ជា​ចំណាប់អារម្មណ៍​របស់​ស​ហ​រដ្ឋ​អាមេរិក​នៅក្នុង​បញ្ហា​នេះ​។ សេត​វិមាន​បាន​បដិសេធ​មិន​ធ្វើការ​បញ្ជាក់​អំពី​បញ្ហា​នេះ​ទេ​។​
 
​អ្នកស្រី Kellyanne Conway ទីប្រឹក្សា​សេត​វិមាន​បាន​ថ្លែងថា​៖ «​ខ្ញុំ​នឹងមិន​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះ​នៅថ្ងៃនេះ​ទ‍េ​»​។​
 
​បន្ទាប់ពី​លោក Sisi បានស្នើ​ឲ្យ​លោក Trump ជួយ​សម្របសម្រួល​ជម្លោះ​នេះ លោក Trump បានតែងតាំង​រដ្ឋមន្ត្រី​ក្រសួង​ហរិញ្ញវត្ថុ​អាមេរិក​លោក Steven Mnuchin ឲ្យ​ដឹកនាំ​ការចរចា​លើ​បញ្ហា​នេះ​។​
 
​លោក Aaron Salzberg នាយក​វិទ្យាស្ថាន Water Institute នៅឯ​សាកលវិទ្យាល័យ North Carolina និង​ជា​អតីត​អ្នកសម្របសម្រួល​នៅ​ការិយាល័យ​ទទួលបន្ទុក​បញ្ហា​ព្រំ​ដែនទឹក​អន្តរជាតិ​នៃ​ក្រសួងការបរទេស​អាមេរិក​បាន​ថ្លែងថា​៖
 
«​សហរដ្ឋអាមេរិក​មាន​ចំណាប់អារម្មណ៍​ជា​យុទ្ធសាស្ត្រ​ខ្លាំង​នៅក្នុង​តំបន់​ភាគខាងត្បូង វាល​ខ្សាច់​សាហា​រ៉ា​នៃ​ទ្វីបអាហ្វ្រិក​។ យើង​បាន​ផ្តល់ជំនួយ​អភិវឌ្ឍន៍ និង​ជំនួយ មនុស្សធម៌​ច្រើនណាស់​ទៅក្នុង​តំបន់​នេះ​។ ជាការ​ពិត​យើង​មាន​ក្តីកង្វល់​ខ្លាំង​អំពី​ជម្លោះ​ដែល​អាច​កើតឡើង​នៅក្នុង​តំបន់​នេះ​»​។​
 
​បន្ទាប់ពី​ការពិភាក្សា​ជាមួយ​លោក​រដ្ឋមន្ត្រី Mnuchin រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំងបី​នេះ​បាន​ប្តេជ្ញា​ថា នឹង​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀងគ្នា​មួយ​ត្រឹម​ខែមករា​ឆ្នាំ​២០២០​ខាងមុខនេះ​។ សហរដ្ឋអាមេរិក និង​ធនាគារពិភពលោក​នឹង​ធ្វើជា​អ្នក​ស​ងេ្ក​ត​ការណ៍​នៅក្នុង​ការចរចា​នៅ​កម្រិត​បច្ចេកទេស​។​
 
​អ្នកស្រី Mirette Mabrouk នាយិកា​កម្មវិធី​សម្រាប់​ប្រទេស​អេ​ហ្ស៊ី​ប​នៃ​វិទ្យាស្ថាន Middle East បាន​ថ្លែងថា​៖ «​ប្រទេស​ទាំងពីរ​នេះ​គឺជា​ប្រទេស​ដែល​ត្រូវការ​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស ត្រូវការ​ការងារ​សម្រាប់​ពលរដ្ឋ​របស់​ពួកគេ និង​ចង់​ក្លាយជា​ប្រទេស​ដែល​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​របស់ខ្លួន​។ ដូច្នេះ​ការចូលរួម​របស់ សហរដ្ឋអាមេរិក​ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក​ជា​រឿង​សំខាន់​មួយ​។​»​។​
 
​ប្រទេស​អេ​ហ្ស៊ី​ប​និង​អេ​ត្យូ​ពី​មានការ​ខ្វែងគំនិត​គ្នា​អំពី​ការ​ស្តុក​ទឹក​ក្នុង​ទំនប់​វា​រី​អគ្គិសនី​។ រដ្ឋាភិបាល​ក្រុង​កែរ​បារម្ភ​ថា គម្រោង​សាងសង់​នេះ​នឹង​ស្ទះ​ចរន្តទឹក​ហូរ​នៅ​ទន្លេ​នី​ល និង​ធ្វើ​ឲ្យ​រីង​ទឹកទន្លេ​នៅ​ផ្នែក​ខាងក្រោម​ក្នុងប្រទេស​របស់ខ្លួន​។​
​ប្រទេស​អេ​ហ្ស៊ី​ប​មាន​កិច្ចព្រមព្រៀង​ចែកចាយ​ទឹក​ជាមួយនឹង​ប្រទេស​ស៊ូដង់​តាំងពី​ឆ្នាំ​១៩៥៩​មក ហើយ​ប្រទេស​អេ​ត្យូ​ពី​មិន​ស្ថិតក្នុង​កិច្ចព្រមព្រៀង​នេះ​ទេ​។​
 
​លោក Aaron Salzberg នាយក​វិទ្យា​សា្ថ​ន Water Institute​បាន​និយាយថា បើទោះបីជា​ប្រទេស​ស៊ូដង់​មិន​ស្ថិតនៅក្នុង​ជម្លោះ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នេះ​ក៏ដោយ ក៏​ការជាប់​ពាក់ព័ន្ធ​នឹង​ការចរចា​ដោះស្រាយ​ជម្លោះ​នេះ​មាន​សារៈសំខាន់​។​
 
​លោក Salzberg បាន​ថ្លែងថា ៖ «​ស៊ូដង់​ជា​ប្រទេស​មា​នស​ក្ខា​នុព​ល​ខ្លាំង​បំផុត​ក្នុងការ​ទទួលបាន​អត្ថប្រយោជន៍​ពី​ទំនប់​វា​រី​អគ្គិសនី​នេះ ប៉ុន្តែ​ស្របពេល​ជាមួយគ្នានេះ​ពួកគេ​ក៏​ស្ថិតនៅ​ក្នុងស្ថានភាព​ងាយ​រងគ្រោះ​បំផុត​ផងដែរ ពាក់ព័ន្ធ​ទៅនឹង​ការចរចា​របស់​ប្រទេស​អេ​ហ្ស៊ី​ប និង​ការប្រើប្រាស់​ធនធានទឹក​ផ្ទាល់ខ្លួន​របស់​ពួក​គេ​»​។​
 
​ប្រសិនបើ​ប្រទេស​ទាំងនេះ​បរាជ័យ​មិនអាច​ឈានដល់​កិច្ចព្រមព្រៀង​គ្នា​នៅត្រឹម​ខែមករា​ឆ្នាំ​២០២០​នេះ​ទេ នោះ​ពួកគេ​ប្រហែលជា​នឹង​ជ្រើស​រើសយក​ការសម្រុះសម្រួល​ពី​អន្តរជាតិ​។ ក្រៅពី​សហរដ្ឋអាមេរិក រុស្ស៊ី​ក៏បាន​ស្នើ​ធ្វើជា​អ្នកសម្របសម្រួល​នៅក្នុង​ការចរចា​គ្នា​នេះ​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com