ជាតិ
នយោបាយជាតិ
តុលាការ បិទការស៊ើបសួរលើករណីលោក កឹម សុខា
× ភ្នំពេញ៖ តុលាការ ប្រកាសបិទការស៊ើបសួរលើករណីលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលជាប់ចោទពីបទ សន្ទិដ្ឋិភាពជាមួយបរទេស។ នេះបើតាមសេចក្តីជូនដំណឹងរបស់លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ វិច្ឆិកានេះ។
លោក ផាន់ ច័ន្ទសាក់ មេធាវីម្នាក់របស់លោក កឹម សុខា ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា ដំណាក់កាលនេះ ក្រុមមេធាវី មិនទាន់ដឹងឡើយថា ក្រោយបិទការស៊ើបសួរលើសំណុំរឿងនេះ លោក កឹម សុខា នឹងត្រូវបញ្ជូនទៅជំនុំជម្រះ ឬក៏នឹងត្រូវទម្លាក់បទចោទចេញពីលោក។ លោក និយាយដូច្នេះថា៖«ឥឡូវពួកយើង ជាមេធវិ កំពុងទៅជួបគ្នា ដើម្បីពិភាក្សារឿងនេះ»។
ជានីតិវិធី ចៅក្រមស៊ើបសួរ ត្រូវបញ្ជូនសំណុំរឿងទៅកាន់ព្រះរាជអាជ្ញាវិញ (ស្ថាប័នអយ្យការ)។ ព្រះរាជអាជ្ញា មានរយៈពេល១៥ថ្ងៃ ដើម្បីពិនិត្យសុំណុំរឿងឡើងវិញ ក្រោយទទួលបានពីចៅក្រមស៊ើបសួរ។ ក្រោយ១៥ថ្ងៃ ព្រះរាជអាជ្ញា នឹងធ្វើសេចក្តីសន្និដ្ឋានស្ថាពរលើសំណុំរឿង ហើយបញ្ជូនត្រឡប់ទៅកាន់ចៅក្រមស៊ើបសួរ។
ជាទូទៅ សេចក្តីសន្និដ្ឋានស្ថាពររបស់ព្រះរាជអាជ្ញា តែងមានសេចក្តីសម្រេច៣យ៉ាង គឺ បញ្ជូនជនត្រូវចោទ ទៅជំនុំជម្រះ ឬបន្តការស៊ើបសួរ ឬមួយក៏ ទម្លាក់បទចោទ។ ពេលទទួលបានសេចក្តីសន្និដ្ឋានស្ថាពរ ចៅក្រមស៊ើបសួរ នឹងចេញដីកាដំណោះស្រាយមួយ ដោយដីកាដំណោះស្រាយនោះ ជាទូទៅ មានសេចក្តីសម្រេច៣យ៉ាង ដូចសេចក្តីសន្និដ្ឋានស្ថាពរដែរ។
បើមិនពេញចិត្តនឹងដីកាដំណោះស្រាយរបស់ចៅក្រមស៊ើបសួរ ព្រះរាជអាជ្ញា អាចប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍។
ចៅក្រមស៊ើបសួរ ប្រើពេលដល់ទៅប្រមាណ២ឆ្នាំ ក្នុងការស៊ើបសួរលើសំណុំរឿងរបស់លោក កឹម សុខា ទម្រាំឈានដល់ការបិទបញ្ចប់៕ © រក្សាសិទ្ធិដោយ thmeythmey.com