FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ វៀតណាម រក្សាភាពមិនចាញ់ក្រោយឈ្នះអារ៉ាប់រួម ឯថៃចាញ់ម៉ាឡេស៊ី
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាមបានឡើងឈរកំពូលតារាងពូល G វិញ បន្ទាប់ពីឈ្នះក្រុមភ្ញៀវអេមីរ៉ាតអារ៉ាប់រួម ១-០ នាការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់ World Cup 2022។ ថៃដែលរងបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះម៉ាឡេស៊ីក្នុងលទ្ធផល ២-១ បានធ្លាក់ទៅលេខ២វិញ។
គ្រាប់បាល់ស៊ុតបញ្ចូលទីដ៏អស្ចារ្យរបស់ខ្សែបម្រើ Nguyen Tien Linh បានជួយម្ចាស់ផ្ទះវៀតណាមអាចរក្សាភាពមិនដែលចាញ់របស់ខ្លួនសម្រាប់ការប្រកួតជម្រុះពានរង្វាន់កីឡាបាល់ទាត់ពិភពលោក នាកីឡដ្ឋាន My Dinh នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា។
១គ្រាប់របស់ Tien Linh ធ្វើបាននៅនាទី៤៤ ពោលគឺបន្ទាប់ពីកីឡាករ Khalifa Al Hammadi របស់អេមីរ៉ាតអារ៉ាប់រួមបានទទួលកាតក្រហមនៅនាទី៣៧ តាមរយៈការបង្កើតកំហុសដោយចាប់ទាញកីឡាករវៀតណាម។
ឆ្លងកាត់ការប្រកួត៤លើក ក្រុមហស្សនាមផ្កាយមាសរកបាន១០ពិន្ទុ ក្នុងនោះឈ្នះ៣ និងស្មើ១ ឡើងទៅឈរកំពូលតារាងពូល G ដោយនាំមុខថៃដែលធ្លាក់ទៅលេខរៀងទី២ ចំនួន៣ពិន្ទុវិញ។ ថៃដែលធ្លាក់ទៅលេខ២ គឺបន្ទាប់ពីពួកគេចាញ់ម៉ាឡេស៊ីដោយគ្រាប់បាល់វាយបកដោយលទ្ធផល ២-១ សម្រាប់ការប្រកួតលើកទី៤របស់ពួកគេ។
ដោយឡែកជ័យជម្នះរបស់ម៉ាឡេស៊ីនេះ បានជួយពួកគេបង្កើនឱកាសដើម្បីប្រជែងកៅអីទៅវគ្គបន្តផងដែរក្នុងចំណោមក្នុងទាំង៥ក្នុងពូល G នេះ។ ម៉ាឡេស៊ីឈរចំណាត់ថ្នាក់ទី៤ ដោយរកបាន៦ពិន្ទុពីការប្រកួត៤លើក ស្មើគ្នាជាមួយអេមីរ៉ាតអារ៉ាប់រួមដែលនៅលេខ៣ ដ្បិតចាញ់គ្រាប់ស៊ុត។ ថៃនៅលេខពីរមាន៧ពិន្ទុ។
ជំនួបបន្ទាប់ដែលធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ាឡេស៊ីត្រូវទទួលភ្ញៀវឥណ្ឌូណេស៊ី ខណៈវៀតណាមស្វាគមន៍ថៃ ហើយមីរ៉ាតអារ៉ាប់រួមសម្រាក៕
© រក្សាសិទ្ធិដោយ thmeythmey.com