ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
២៥ខេត្ត/រាជធានី
លោក ហ៊ុន ម៉ានី កាន់តែយល់ពីរដ្ឋបាលថ្នាក់ក្រោមជាតិ និងពីប្រជាជន លោក ហ៊ុន ម៉ានី ជួបសួរសុខទុក្ខអាជីវករលក់វត្ថុអនុស្សាវរីយ៍នៅរមណីយដ្ឋានព្រែកកាំពី ក្នុងខេត្តក្រចេះ
× លោក ហ៊ុន ម៉ានី បានអះអាងថា លោកបានយល់ដឹង និងរៀនសូត្របានកាន់តែច្រើនអំពីការអនុវត្តការងារ របស់មន្ត្រីជំនាញនៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងអំពីជីវិតប្រជាពលរដ្ឋនៅទូទាំងប្រទេស តាមរយៈបេសកកម្មរយៈពេល៩ខែរបស់លោក នៅទូទាំងប្រទេស។ ក្រោយបញ្ចប់បេសកកម្មរាជធានីខេត្តទាំង២៥ ប្រធានគណៈកម្មការជំនាញទី៧នៃរដ្ឋសភា បានយល់ព្រមផ្តល់កិច្ចសម្ភាសដល់លោក លាង ដឺលុច នាយកប្រតិបត្តិនៃសារព័ត៌មានអនឡាញថ្មីៗ ដើម្បីបង្ហាញអំពីលទ្ធផលនៃបេសកកម្មនោះ។
ប្រធានគណៈកម្មការទី៧ លោក ហ៊ុន ម៉ានី និងសមាជិក បានសម្រេចជ្រើសរើសយកការតាមដានការអនុវត្តកម្មវិធីនយោបាយរបស់ក្រសួងទាំង៤នោះ នៅថ្នាក់ក្រោមជាតិ ដើម្បីអាចយល់ដឹងបានកាន់តែច្បាស់ អំពីស្ថានភាពនៃវិស័យទាំង៤បច្ចុប្បន្ន។ គណៈកម្មការទី៧នៃរដ្ឋសភាទទួលបន្ទុកតាមដានការអនុវត្តកម្មវិធីនយោបាយនៃក្រសួងអប់រំ យុវជន កីឡា ក្រសួងវប្បធម៌ ក្រសួងធម្មការ និងសាសនា និងក្រសួងទេសចរណ៍។
មានការកត់សម្គាល់សំខាន់ៗជាច្រើន ទាំងវិជ្ជមាន និងអវិជ្ជមាន ដែលលោក ហ៊ុន ម៉ានី បានឃើញ នៅក្នុងអំឡុងពេលដែលលោកបានដឹកនាំសមាជិកគណៈកម្មការ ទៅជួបអាជ្ញាធរខេត្ត មន្ត្រីជំនាញនៅថ្នាក់ខេត្ត និងប្រជាពលរដ្ឋផង។
លោក ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះ៖«ការបោះបង់ការសិក្សារបស់កុមារតូច នៅក្នុងភូមិភាគឦសាននៅខ្ពស់នៅឡើយ ដោយសារខ្វះហេដ្ឋារចនាសម្ព័ន្ធ ខ្វះគ្រូបង្រៀនដែលមិនចេះភាសាជនជាតិដើម និងខ្វះផ្ទះគ្រូផង»។
ប្រធានគណៈកម្មការទី៧ បានលើកឡើងចំនុចមួយទៀត ដែលបានធ្វើឱ្យលោកបារម្ភខ្លាំង ទាក់ទងនឹងកុមារតូច ដែលរស់នៅតាមព្រំដែន។ «បើមានកុមារតូចឆ្លងព្រំដែនទៅរៀននៅប្រទេសជិតខាង ត្រូវទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត។ បើពួកគេទទួលបានការអប់រំរបស់ប្រទេសជិតខាង វាជាហានិភ័យនៃធនធានកុមាររបស់យើង ដែលធំធាត់ជាមួយការយល់ដឹងដោយភាន់ច្រឡំ ទាក់ទងនឹងប្រពៃណី សាសនា ឬប្រវត្តិសាស្ត្រជាដើម…»។ នេះជាការរំឭករបស់លោក ហ៊ុន ម៉ានី។
ពីបេសកកម្មមួយទៅបេសកកម្មមួយ ក្រៅពីស្តាប់របាយការណ៍របស់មន្ទីរជំនាញនីមួយៗ ប្រតិភូគណៈកម្មការ ក៏បានផ្តល់អនុសាសន៍ ឬលើកយកឧទាហរណ៍ពីខេត្តមួយ មកចែករំលែកជាមួយខេត្តមួយទៀតដែរ។ សម្រាប់លោក ហ៊ុន ម៉ានី បេសកកម្មនេះ មិនត្រឹមតែជាការស្វែងយល់អំពីស្ថានភាពនៃវិស័យទាំង៤នោះទេ ប៉ុន្តែវាក៏បានផ្តល់ពេលវេលា ដើម្បីពិភាក្សារកដំណោះស្រាយរួមគ្នា ចំពោះបញ្ហាមួយចំនួនផងដែរ។ លោក ហ៊ុន ម៉ានី បានមានប្រសាសន៍យ៉ាងដូច្នេះ៖«ឧទាហរណ៍ ក្នុងវិស័យទេសចរណ៍ គណៈកម្មការបានផ្តល់គំនិតឱ្យមានការពិភាក្សាក្នុងមូលដ្ឋានរវាងមន្ទីរផ្សេងៗ និងគណៈបញ្ជាការឯកភាព ដើម្បីអាចរៀបចំផែនការ ច្នៃប្រឌិត ឱ្យមានការរៀបចំកន្លែងទេសចរណ៍ជាកញ្ចប់ភ្ជាប់គ្នារវាងទីតាំងវប្បធម៌ កសិកម្ម ស្ថាបត្យកម្ម ជាដើម ដើម្បីទាក់ទាញទេសចរ និងបង្ហាញពីសក្តានុពលនៃតំបន់ និងខេត្តនីមួយៗ»។
បើទោះជាស្ថិតនៅក្នុងបេសកកម្ម ដែលត្រូវស្វែងយល់អំពីស្ថានភាពនៃវិស័យទាំង៤ នៅថ្នាក់ក្រោមជាតិមែន ប៉ុន្តែក្នុងសមត្ថភាពជាអ្នកតំណាងផង បេសកកម្មកន្លងមកនេះ ក៏បានអនុញ្ញាតឱ្យលោក ហ៊ុន ម៉ានី និងសមាជិកគណៈកម្មការ បានស្វែងយល់ពីជីវភាពរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com