ពីនេះ ពីនោះ
សុធី បន្ទោស សំណាង រឿងលោភលន់ចង់ចំណេញលុយពីដីធ្លីខ្លាំងពេក ឥឡូវគាំងស្តូក…!
× ដូចសព្វដងដែរ សុធី និងសំណាង ជជែកគ្នាពីរឿងសង្គមជារៀងរាល់ព្រឹកនៅតុកាហ្វេ។ ជាក់ស្តែង នៅព្រឹកថ្ងៃសៅរិ៍នេះ សុធី និងសំណាង ជជែកគ្នាពីរឿងដីធ្លីធ្លាក់ថ្លៃយ៉ាងគំហុក លែងមានអ្នកទិញ មានតែអ្នកលក់។ ជាទូទៅ សុធី និងសំណាង ច្រើនខ្វែងគំនិតគ្នាលើប្រធានបទសង្គមផ្សេងៗ។ តែទាក់ទងនឹងរឿងអចលនទ្រព្យជួបហានិភ័យនេះ ពួកគេទាំងពីរនាក់ហាក់បីដូចជាមានគំនិតស្រដៀងគ្នាខ្លះដែរ។
សុធី៖ អញធ្លាប់ប្រាប់ឯងហើយថា តម្លៃដីធ្លីឡើងថ្លៃនាពេលកន្លងមក គឺដោយសារគេបំប៉ោងតម្លៃទេ។ មិនមែនតម្លៃពិតទេ។ ចិន និងខ្មែរមួយចំនួននាំគ្នា«ឆា»តម្លៃដីធ្លីទេ។ ឥឡូវគ្រាន់តែលែងសូវមានចំហាយចិន ដីនៅកំពង់សោមលែងមានអ្នកទិញ មានតែអ្នកលក់។ អ្ហែងឃើញទេ? ដូចអញនិយាយអ៊ីចឹង?
សំណាង៖ អញក៏គិតដូចអ្ហែងដែរ តែយ៉ាងហោចណាស់ អ្នកទិញមុនដំបូង ហើយលក់ចេញវិញទាន់ពេល ពួកគេក៏ចំណេញកប់ក្តោងដែរតើ។
សុធី៖ មានមែនអ្នកចំណេញកប់ក្តោង តែក៏មានដែរអ្នកខាតប្រកាច់ប្រកិននោះ ជាពិសេស អ្នកខ្ចីលុយពីធនាគារយកមកវិនិយោគលើអចលនទ្រព្យ។ អ្នកជួលក៏គ្មាន អ្នកទិញក៏គ្មាន។ ដួលអស់ហើយឥឡូវនេះ។ ដួលដល់ដីធ្លីនៅកន្លែងផ្សេងទៀត។
សំណាង៖ បើអ្ហែងពូកែ តើអ្ហែងអាចទាយបានទេថា ដីធ្លីឡើងថ្លៃវិញនៅពេលណាដែរ?
សុធី៖ អញមិនមែនគ្រូទាយទេ តែអញអាចប្រាប់អ្ហែងថា រយៈពេលធ្លាក់ថ្លៃ ឬថ្លៃនៅទ្រឹងនេះពន្យាពេលយ៉ាងតិច២ឆ្នាំទៀត។ អ្នកមានលុយទិញដីធ្លីដោយអត់ខ្ចីគេ មិនអីទេ។ តែអ្នកខ្ចីបុលគេយកមកទិញប្រយ័ត្នខ្លួនឲ្យហើយទៅ។ អញប្រាប់អ្ហែងមួយទៀតថា សេដ្ឋកិច្ចដ្លីធ្លី គឺជាសេដ្ឋកិច្ចចិត្តសាស្ត្រ។ ពេលតម្លៃកាន់តែឡើង ចំនួនអ្នកទិញកាន់តែច្រើន។ តែពេលវាដាំក្បាលចុះ ចំនួនអ្នកទិញ គឺសូន្យ។ អ្ហែងសួរអញច្រើនយ៉ាងហ្នឹង ព្រោះអ្ហែងជាប់កុនលក់ដីមិនចេញមែនឬ?
សំណាង៖ មែនហើយអាសម្លាញ់ អញឃើញគេទិញលក់ៗចំណេញកប់ក្តោង អញក៏សម្រេចធ្វើតាមគេដែរ។ តែដល់ពេលអញធ្វើតាមគេ អញទៅខ្ចីលុយធនាគារមកទិញដី សង់អគារដើម្បីជួលឲ្យចិន។ ស្រាប់តែចិនចេញទៅវិញ ឥឡូវអញងាប់តែម្តងអាសម្លាញ់អើយ។
សុធី៖ ពេលខ្លះ អញប្រាប់ហើយថា កុំចេះតែហ៊ាន។ កុំឃើញគេបាន ធ្វើតាមគេឲ្យសោះ។ នេះហើយ គឺជាលទ្ធផលដែលអ្ហែងចង់បានហួសហេតុពេក។
ក្រោយការជជែកគ្នា១៥នាទីរួចមក ម្នាក់ៗពិសាកាហ្វេអស់មួយកែវ ហើយសម្លាញ់ទាំងពីរក៏បែកគ្នាត្រឹមហ្នឹង ដោយសន្យានឹងជួបគ្នាថ្ងៃចន្ទសប្តាហ៍ក្រោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com