ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នក​រង​បទ​ចោទ​ធ្វើ​រដ្ឋប្រហារ​៣៦​នាក់​ហើយ ដែល​ត្រូវបាន​ដោះលែង
15, Nov 2019 , 3:25 pm        
រូបភាព
លោកមេធាវី សំ សុគង់ ផ្តល់បទសម្ភាសដល់អ្នកកាសែត នៅក្រៅរបងតុលាការកំពូលកន្លងមក
លោកមេធាវី សំ សុគង់ ផ្តល់បទសម្ភាសដល់អ្នកកាសែត នៅក្រៅរបងតុលាការកំពូលកន្លងមក
ដោយ: ថ្មីៗ
​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​១៧​នាក់​ហើយ ដែល​រង​ពីបទ​ចូលរួម​ក្នុង​ផែន​ការធ្វើ​រដ្ឋប្រហារ ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ លោក សំ សុ​គង់ មេធាវី​ម្នាក់ ដែល​ការពារ​ក្តី​ឲ្យ​អ្នក​ទាំងនោះ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩  អំពី​ការដោះលែង​នេះ​។​


 
​ទន្ទឹមនេះ សាលាដំបូង​រាជធានី​ភ្នំពេញ ទើបនឹង​ចេញ​ដីកា​១៩​ផ្សេង​ពីគ្នា នៅ​រសៀល​ថ្ងៃទី​១៥ ខែវិច្ឆិកា ដោយ​បង្គាប់​ដោះលែង​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង​១៩​នាក់​ទៀត ដែល​ជាប់ចោទ​ពីបទ​ចូលរួម​ធ្វើ​រដ្ឋប្រហារ​។   
 
​លោក​មេធាវី សំ សុ​គង់ អះអាងថា លោក និង មេធាវី​ដទៃ កំពុង​បន្ត​រៀបចំ​ដាក់សំណើ​ទៅកាន់​តុលាការ​រាជធានី​-​ខេត្ត ដើម្បី​សុំ​ឲ្យ​អ្នក​ផ្សេងទៀត ដែល​រង​ពីបទ​ចោទ​ចូលរួម​ធ្វើ​រដ្ឋប្រហារ​នេះ បាន​នៅក្រៅ​ឃុំ​ដែរ​។​
 
​ការដោះលែង​នេះ គឺធ្វើឡើង​ក្រោយពី​មានការ​ស្នើឡើង​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ក្នុង​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ឲ្យ​សហការ​ជាមួយ​តុលាការ ពិសេស​ជាមួយ​ព្រះរាជអាជ្ញា ដើម្បី​ឲ្យ​ដោះលែង​រាល់​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន ក្រោម​ការចោទប្រកាន់​ពីបទ​ចូលរួម​ធ្វើ​រដ្ឋប្រហារ​។ 
 
​លើសពីនេះ សម្តេចនាយក​រដ្ឋមន្ត្រី បានស្នើ​ឲ្យ​តុលាការ​និង​សមត្ថកិច្ច បញ្ឈប់​ការ​តាម​ចាប់​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើ​រដ្ឋប្រហារ​ផងដែរ​។ សម្តេច បាន​ប្រាប់​ពួកគេ ដែលរ​ត់ទៅ​ក្រៅប្រទេស និង​កំពុង​លាក់ខ្លួន​ក្នុងប្រទេស ឲ្យ​ចេញមុខ​និង​វិល​ត្រឡប់មក​រស់នៅ​ជាមួយ​គ្រួសារ​ជាធម្មតា​វិញ ដោយ​កុំ​បារម្ភ​ពី​ការចាប់ខ្លួន​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី ចាត់ទុក ការស្នើ​ឲ្យ​ដោះលែង​និង​ឈប់​ចាប់​អ្នក​ទាំងនោះ ថា​គឺជា​ការ​ប្រោស​ប្រ​ណៃ​របស់​រដ្ឋាភិបាល ហើយក៏​ជា​គោលដៅ​ក្នុងការ​បង្រួប​ង្រួ​ម​ជាតិ​ដែរ​។ ប្រមុខ​រដ្ឋាភិបាល សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​សូម​ធ្វើការ​ប្រញាប់ប្រញាល់ ដើម្បី​ឲ្យ​បងប្អូន​បាន​នៅក្រៅ​ឃុំ​»​។​
 
​ប៉ុន្មាន​ម៉ោង​ក្រោយមក អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បានចេញ​សេចក្តី​ព័ត៌មាន​មួយ ដោយបាន​បង្ហាញ​ចំណាត់ការ តាម​ការណែនាំ​របស់​នា​យក​រដ្ឋមន្ត្រី​។ មិន​ខុសពី​សម្តី​របស់​នាយករ​ដ្ឋ​មន្ត្រី​ប៉ុន្មាន​ឡើយ អ្ន​នាំពាក្យ​ក្រសួងយុត្តិធម៌ បានស្នើ​ឲ្យ​ព្រះរាជអាជ្ញា បញ្ឈប់​ការចាប់ខ្លួន ហើយ​បន្ធូរបន្ថយ​ការប្រើ​វិធានការ​ឃុំខ្លួន ចំពោះ​អ្នកពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើ​រដ្ឋប្រហារ​។ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ហៅ​អ្នក​ទាំងនោះ ថា​ជា​ពលរដ្ឋ​ស្លូតត្រង់ ដែល​ចាញ់កល​របស់លោក សម រង្ស៊ី​។ 
 
​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង​ជាង​៧០​នាក់ ដែល​ត្រូវ​ចាប់ខ្លួន​កន្លងមក ក្រោម​ការសង្ស័យថា​បាន​ចូលរួម​ធ្វើ​រដ្ឋប្រហារ​ជាមួយ​ក្រុម​អ្នកប្រឆាំង ដែលមាន​លោក សម រង្សី ជា​មេដឹកនាំ​។ គេ សន្និដ្ឋានថា អ្នក​ផ្សេងទៀត ដែល​ជាប់ឃុំ​ពីបទ​ចោទ​នេះ នឹង​ត្រូវបាន​ដោះលែង​ជា​បន្តបន្ទាប់ ទៅតាម​អ្វីដែល​នាយករដ្ឋមន្ត្រី បានស្នើ​ឡើង​៕ 

Tag:
 សំ សុ​គង់​
  រដ្ឋប្រហារ​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com